សេចក្តីប្រកាសច្រានចោលការបំភាន់ និងមួលបង្កាច់របស់ភាគីថៃ លើការសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជាជាប់ជាមួយថៃ
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលការចោទប្រកាន់របស់ថ្នាក់ដឹកនាំ និងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលថាការផ្អាកដំណើរការច្រកទ្វារព្រំដែនគោកកាលពីថ្ងៃទី១៣ ខែធ្នូ គឺជាការរំលោភសិទ្ធិមនុស្ស ឬការឃុំឃាំងពលរដ្ឋថៃ។ ក្រសួងបានបញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ ពីការឈ្លានពាននិងការបាញ់បោះមិនរើសមុខរបស់យោធាថៃ ដែលបានរំលោភលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាព។ ក្រសួងបានបញ្ជាក់បន្ថែមថា ការផ្អាកនេះអនុវត្តតែចំពោះច្រកព្រំដែនគោកប៉ុណ្ណោះ ដោយមិនរួមបញ្ចូលការធ្វើដំណើរតាមផ្លូវអាកាសឡើយ ហើយបានណែនាំឱ្យភាគីទាំងពីរបង្កើនជើងហោះហើរ ប្រសិនបើមានតម្រូវការធ្វើមាតុភូមិនិវត្តន៍ច្រើន។
ក្រសួងមហាផ្ទៃ
