អក្ខរកម្មទិន្នន័យ

អំពីកម្មវិធីបណ្តុះបណ្តាល

សាវតា

អក្ខរកម្មទិន្នន័យ ជាសមត្ថភាពក្នុងការយល់ ការអាន និង​ការវិភាគ​ដោយ​ប្រើប្រាស់​ព័ត៌មាន​ជា​ទិន្ន័យ។ អក្ខរកម្មទិន្នន័យ ក៏ជា​សមត្ថភាព​ក្នុង​ការទាញ​យក​ព័ត៌មាន​ដែល​មាន​ខ្លឹមសារ​ចេញ​ពី​ទិន្នន័យអ្វីមួយ។

អក្ខរកម្មទិន្នន័យ មិន​គ្រាន់តែជាសមត្ថភាពក្នុងការអាននោះទេ វាក៏​ទាមទារ​ឲ្យ​មាន​ជំនាញ ក្នុងការវិភាគផងដែរ (ឧទាហរណ៍៖ គណិតវិទ្យា ឬ សិ្ថតិ) ដែលរួមមានការអាន និងការយល់ដឹង​អំពីទិន្នន័យ។ ដូច្នេះ ជាមួយការកើនឡើងនៃចំណេះដឹងផ្នែកទិន្នន័យ បុគ្គលពាក់ព័ន្ធ អាចផលិតជារឿង ឬ អត្ថបទ​មួយដែលមានលក្ខណៈស៊ីជម្រៅ និងមានភស្តុតាងច្បាស់លាស់។

កំឡុងពេលដែលមានទិន្នន័យជាច្រើនដែលអាចប្រើប្រាស់បាន ការសរសេររឿង ឬ អត្ថបទ​ដែល​ប្រើ​ប្រាស់​​ទិន្នន័យ​ គឺជាគំនិតមួយដែលនៅមិនទាន់ទូលំទូលាយ នៅប្រទេសកម្ពុជា ព្រោះថា​ការ​យល់​ដឹង​អំពីទិន្នន័យ និងជំនាញក្នុងការវិភាគលើទិន្នន័យ នៅមានកម្រិតនៅឡើយ។

ក្នុងនាមជាស្ថាប័នមួយដែលធ្វើការផ្តោតលើទិន្នន័យបើកទូលាយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ជឿជាក់ថា តាមរយៈការបង្ហាញព័ត៌មាន និងរឿង ឬអត្ថបទ ដោយ​ប្រើប្រាស់​ការ​បង្ហាញទិន្នន័យ​ជារូបភាព និងភាសាសាមញ្ញ អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយនានា អាចផ្សព្វផ្សាយ និងផ្ញើសារទៅកាន់សាធារណៈជន ឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត។

អូឌីស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការ​ប្រកាស​អំពីកម្មវិធី​បណ្តុះបណ្តាល​ស្តីពី “អក្ខរកម្មទិន្នន័យ” ដែលរួមមានវគ្គបណ្តុះបណ្តាលសរុបចំនួនបី និងសិក្ខាសាលាបញ្ចប់វគ្គមួយ។ វគ្គ​បណ្តុះបណ្តាលនីមួយៗ មានចំនួនប្រាំថ្ងៃ ដែលនឹងផ្តល់ឲ្យសិក្ខាកាមនូវជំនាញ និង​ចំណេះ​ដឹង​អំពី​ការ​ប្រើប្រាស់ទិន្នន័យ និងការសរសេរអត្ថបទដោយប្រើប្រាស់ទិន្នន័យ។ សិក្ខាកាម ត្រូវរំពឹងថា នឹង​ប្រើប្រាស់​ចំណេះដឹងដែលទទួលបានកំឡុងវគ្គបណ្តុះបណ្តាល ដើម្បី​អនុវត្ត​ផ្ទាល់​ទៅ​ក្នុង​គម្រោង​របស់​ពួក​គេនៅសប្តាហ៍បន្តបន្ទាប់នៃវគ្គបណ្តុះបណ្តាល។

កម្មវិធីបណ្តុះបណ្តាលស្តីពី «អក្ខរកម្មទិន្នន័យ» របស់អង្គការ អូឌីស៊ី បានធ្វើមូលដ្ឋានីយកម្ម កម្មវិធី​សិក្សាដែលបង្កើតឡើង ដោយ Yan Naung Oak និង Eva Constantaras សម្រាប់កម្មវិធីអក្ខរកម្មទិន្នន័យរបស់ធនាគារពិភពលោក ដែលគាំទ្រដោយ UKAID, Australian Aid, ក្រសួងការបរទេស នៃប្រទេសដាណឺម៉ាក និង ក្រសួងការបរទេសនៃប្រទេស ហ្វាំងឡង់ ដែលអនុវត្តនៅប្រទេស មីយ៉ាន់ម៉ា ដោយ Phandeeyar និង វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI)។

គោលបំណង

    • ផ្តល់ឱ្យអ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ និងអ្នកទំនាក់ទំនង នូវជំនាញ ក្នុងការវិភាគ ទិន្នន័យ និងការសរសេរឿងដោយប្រើប្រាស់ទិន្នន័យ ដើម្បីអាចផ្ញើសារទៅកាន់ក្រុមគោលដៅបានកាន់តែច្រើន តាមរយៈការពង្រឹងការប្រើប្រាស់ទិន្នន័យ និងការបង្ហាញទិន្នន័យជារូបភាព។
    • លើកកម្ពស់ការសម្រេចចិត្តប្រកបទៅដោយចំណេះដឹង ទាក់ទងនឹងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ នៅកម្ពុជា។

សារៈប្រយោជន៍

អ្នកចូលរួមនឹងទទួលបាន៖

    • ការយល់ដឹងពីទិន្នន័យបើកទូលាយ និងឥទ្ធិពលរបស់វា ទៅលើគោលនយោបាយ ក៏ដូចជាការគ្រប់គ្រងទិន្នន័យដើម្បីផលិតរឿង ឬអត្ថបទ
    • ជំនាញក្នុងការប្រមូលទិន្នន័យលើប្រព័ន្ធអ៊ីនធើណែត និងការបម្លែងទិន្នន័យទៅជារឿង
    • ចំណេះដឹងអំពី ការរៀបចំ ការសំអាត និងការវាយតម្លៃពីប្រភពទិន្នន័យ
    • វិធីសាស្ដ្រក្នុងការបង្ហាញទិន្នន័យ និងព័ត៌មានជារូបភាព
    • ឱកាសក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញ លើគម្រោងរបស់អ្នក
    • រង្វាន់សម្រាប់សិក្ខាកាម៣រូប ដែលផលិតរឿងដោយប្រើប្រាស់ទិន្នន័យបានល្អជាងគេ

លក្ខខណ្ឌក្នុងការចូលរួម

ដើម្បីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ អ្នកត្រូវ៖

    • ជាអ្នកសារព័ត៌មាន បុគ្គលិកនៅសា្ថប័នប្រព័ន្ធផ្សព្វផ្សាយ បុគ្គលិកអង្គការសង្គមស៊ីវិល ឬ អ្នកស្រាវជ្រាវពាក់ព័ន្ធ
    • មានបទពិសោធការងារយ៉ាងហោចណាស់មួយឆ្នាំ
    • មានចំណេះដឹងភាសាអង់គ្លេសកម្រិតមូលដ្ឋាន ឬ អាចអាន និងសរសេរបាន
    • មានចំណាប់អារម្មណ៍អំពីទិន្នន័យ និងការផលិត ឬសរសេររឿង
    • បេ្តជ្ញាចិត្តចូលរួមគ្រប់វគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាទាំងអស់
    • នៅពេលអ្នកត្រូវបានជ្រើសរើស គណៈគ្រប់គ្រងកម្មវិធីបណ្ដុះបណ្ដាល នឹងស្នើអ្នកឱ្យចុះហត្ថលេខាលើលិខិតព្រមព្រៀង ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត លើការចូលរួមគ្រប់ដំណាក់កាលទាំងអស់ក្នុងកម្មវិធីបណ្ដុះបណ្ដាល។

* ក្រុមជនជាតិភាគតិច ស្រ្តី និងយុវជន ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ!

សេចក្ដីរំពឹងទុក

សិក្ខាកាមដែលនឹងត្រូវបានជ្រើសរើស ត្រូវបានរំពឹងទុកថានឹង៖

    • ចូលរួមគ្រប់វគ្គបណ្ដុះបណ្ដាលទាំងអស់
    • ចូលរួមបំពេញទស្សនៈកិច្ចសិក្សា (បើចាំបាច់)
    • ផលិតរឿង ឬអត្ថបទដោយប្រើប្រាស់ទិន្នន័យយ៉ាងហោចណាស់ចំនួនមួយ
    • ធ្វើបទបង្ហាញពីរឿង ឬអត្ថបទដែលផលិតបាន នៅក្នុងសិក្ខាសាលាបិទវគ្គ

ការចំណាយ

រាល់ការចំណាយទាក់ទងនឹងកម្មវិធីបណ្តុះបណ្តាល ដែលរួមាន ការធ្វើដំណើរក្នុងស្រុក ការស្នាក់នៅ និងអាហារ នឹងត្រូវរ៉ាប់រងដោយ អូឌីស៊ី។

កម្មវិធីបង្រៀន

ពី​ភស្តុតាង​ ទៅជា​ អត្ថបទ​

កម្មវិធីបង្រៀននេះ ណែនាំពីទិន្នន័យនិងវិធីដែលអ្នកអាចប្រើទិន្នន័យ ដើម្បីចងក្រងជាសាច់រឿងអំពីការផ្តល់សេវាកម្មសាធារណៈ។ វាក៏នឹងពន្យល់ផងដែរ ថាតើទិន្នន័យបើកទូលាយ មានអត្ថន័យហើយឥទ្ធិពលដល់គោលនោយបាយយ៉ាងដូចម្តេច។ តាមរយៈការវិភាគលើករណីសិក្សាមួយចំនួន សិក្ខាកាមនឹងស្វែងយល់ពីរបៀបដែលទិន្នន័យពីវិស័យផ្សេងៗ ត្រូវបានប្រើប្រាស់ដើម្បីបង្កើតជាសាច់រឿង។

ការស្វែងរក​ទិន្នន័យ​ និង​ ទម្រង់​ទិន្នន័យ​

កម្មវិធីបង្រៀននេះ ណែនាំចំណេះដឹងមូលដ្ឋាននៃទម្រង់ទិន្នន័យ ជំនាញក្នុងការស្វែងរកទិន្នន័យតាមអនឡាញ និងគោលគំនិតដើម្បីបំលែងទិន្នន័យទៅជាសាច់រឿង។ ដោយចាប់ផ្តើមជាមួយនឹងការពិនិត្យឡើងវិញនៃទម្រង់ទិន្នន័យ កម្មវិធីបង្រៀននៅវគ្គនេះ បន្តផ្តោតទៅលើផ្នែកបច្ចេកទេសដែលត្រូវបានប្រើដើម្បីស្វែងរក បំលែង និងដំណើរការទិន្នន័យ ដែលមានទ្រង់ទ្រាយខុសៗគ្នា និងវិធីអភិវឌ្ឍសម្មតិកម្មនិងសំណួរសម្រាប់សាច់រឿងដែលប្រើប្រាស់ទិន្នន័យ។

ការយល់​ពី​ទិន្នន័យ​

កម្មវិធី​បង្រៀន​នេះ​ នឹង​ណែនាំ​គោលគំនិត​មូលដ្ឋាន​នៃ​ការរៀបចំ​និង​ការ​សំអាត​ទិន្នន័យ​ ក៏ដូចជា​សំណួរ​ដើម្បី​ជួយ​យើង​វាយតម្លៃ​ប្រភព​ទិន្នន័យ​។ កម្មវិធី​បង្រៀន​នេះ​ ក៏​នឹង​ផ្តោត​លើ​ការ​គណនា​មូលដ្ឋាន​ផ្នែក​គណិតវិទ្យា​និង​ការណែនាំ​អំពី​ស្ថិតិ​ផង​ដែរ​។ ក្រមសីលធម៌​និង​សក្តា​នុ​ពល​នៃ​ចំនុច​គ្រោះថ្នាក់​នៃ​ការ​ធ្វើការ​ជាមួយ​ទិន្នន័យ​ក៏​នឹង​ត្រូវ​បង្រៀន​ផង​ដែរ​។

ការបង្ហាញទិន្នន័យជារូបភាព

កម្មវិធីបង្រៀននេះ នឹងណែនាំមូលដ្ឋានគ្រឹះនៃការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការពិពណ៌នាទិន្នន័យ ដោយផ្តោតលើការអនុវត្តល្អបំផុត ក្នុងការប្រាស្រ័យទិន្នន័យដោយសង្កត់ធ្ងន់លើបច្ចេកទេសនិងឧបករណ៍ដែលអាចប្រើដើម្បីបញ្ជូនចំណេះដឹងនិងព័ត៌មានតាមរយៈរឿងរ៉ាវ ដែលមើលឃើញមិនត្រឹមតែស្ថិតិប៉ុណ្ណោះទេ។ អ្នកចូលរួម នឹងទទួលបានការបណ្តុះបណ្តាលអំពីឧបករណ៍មួយចំនួនដូចជា Datawrapper និង Tableau ។

របៀបវារៈ

កាលបរិច្ឆេទ

កម្មវិធីបណ្តុះបណ្តាល

ចំនួនថ្ងៃ

ទីកន្លែង

ខែតុលា ឆ្នាំ២០១៩ (ថ្ងៃទី២១ ដល់ ទី២៥)

ដំណាក់កាលទី១៖ ពីភស្តុតាង ទៅជា អត្ថបទ និងការស្វែងរកទិន្នន័យ និង ទម្រង់ទិន្នន័យ

មេរៀនទី១៖ ពីភស្តុតាង ទៅជាអត្ថបទ

មេរៀនទី២៖ ការស្វែងរកទិន្នន័យ និងទម្រង់ទិន្នន័យ

៥ថ្ងៃ

ភ្នំពេញ

ខែធ្នូ ឆ្នាំ២០១៩ (ថ្ងៃទី០២​ ដល់ ទី០៦)

ដំណាក់កាលទី២៖ ការយល់ពីទិន្នន័យ និង ការបង្ហាញទិន្នន័យជារូបភាព

មេរៀនទី៣៖ ការយល់ពីទិន្នន័យ

មេរៀនទី៤៖ ការបង្ហាញទិន្នន័យជារូបភាព

៥ថ្ងៃ

ភ្នំពេញ

ខែមករា ឆ្នាំ២០២០ (ថ្ងៃទី១៣ ដល់ ទី១៧)

ដំណាក់កាលទី៣៖ ការគិតដូចជាអ្នកសារព័ត៌មានទិន្នន័យ

មេរៀនទី៥៖ ការគិតដូចជាអ្នកសារព័ត៌មានទិន្នន័យ

មេរៀនទី៦៖ ការការពារទិន្នន័យ

៥ថ្ងៃ

សៀមរាប

ខែមេសា ឆ្នាំ២០២០ (ថ្ងៃទី០៧)

សិក្ខាសាលាបញ្ចប់វគ្គ

កន្លះថ្ងៃ

ភ្នំពេញ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

UrMJr
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!