សិក្ខាសាលា​​ពីចម្ងាយស្តី​ពី​ ទម្រង់​គំរូ​ផែនការ​សកម្មភាព​ និង​ផែនការ​ថវិកា​ថ្នាក់​ឃុំ​ និង​ស្រុក​ដល់​មន្ត្រី​រដ្ឋ​បាល​​ស្រុក​អូរ​ជ្រៅ​ និង​ស្រុក​ម៉ា​ឡៃ​

ដោយ​មាន​កិច្ច​​សហការ​ជាមួយ​អង្គការ​ស្តារ​កម្ពុជា​ អង្គការទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ និង​សម្របសម្រួល​សិក្ខាសាលាបណ្តុះបណ្តាល​មួយ​ស្តី​ពី​ ទម្រង់​គំរូ​ផែនការ​សកម្មភាព​ និង​ផែនការ​ថវិកា​ថ្នាក់​ឃុំ​ និង​ស្រុក​ដល់​មន្ត្រី​នៅ​រដ្ឋ​បាល​ស្រុក​អូរ​ជ្រៅ​ និង​ស្រុក​ម៉ា​ឡៃ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១២​ និង​ ១៤​ ខែកក្កដា​ ឆ្នាំ​២០២១​។​ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ក្រោម​គម្រោង​មួយ​របស់​អង្គការ​ អូ​ឌី​ស៊ី​ ដែល​មានឈ្មោះ​ថា​ «ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ ដើម្បី​គាំទ្រ​តម្លាភាព​ថវិកា​នៅ​ថ្នាក់​ស្រុក​»​ ដែល​​ផ្តល់​មូល​និធិ​ដោយ​ កម្មវិធី​​របស់​ប្រទេស​ស៊ុយអែត​សម្រាប់​​​​វិស័យ​ ICT​ នៅ​​ក្នុង​​តំបន់​​​​កំពុង​អភិវឌ្ឍន៍​​ ​ (SPIDER)​ ហើយ​ធ្វើ​ឡើង​តាម​រយៈ​វេទិកា​អន​ឡាញ​ ហ្សូ​ម​ (Zoom)​។​ អ្នកជំនាញ​មក​ពី​នាយកដ្ឋាន​រដ្ឋបាល​ស្រុក​ ឃុំ​ សង្កាត់​នៃ​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​បទ​បង្ហាញ​ និង​ជា​អ្នក​បណ្តុះបណ្តាល​អំពី​គំរូ​ថវិកា​ថ្មី​នេះ​។​ អ្នក​ពាក់ព័ន្ធ​ទាំងឡាយ​មក​ពី​កម្រិតស្រុក​ និង​ឃុំ​ផ្សេងៗ​គ្នា​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​រួម​មាន​ អភិបាលរង​ស្រុក​ នាយក​រដ្ឋបាល​ស្រុក​ អនុប្រធាន​ មេឃុំ​ ស្មៀនឃុំ​ និង​ជំនួយការ​។​ គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​បណ្តុះបណ្តាល​ពី​ចម្ងាយ​នេះ​ គឺ​ដើម្បី​ពង្រឹង​ការ​យល់​ដឹង​អំពី​ការ​ទទួលខុសត្រូវ​ និង​គណនេយ្យ​ភាព​របស់​ក្រុមប្រឹក្សា​ និង​រដ្ឋបាល​ ឃុំ​ សង្កាត់​លើ​ដំណើរការ​នៃ​ការ​កសាង​ផែនការ​ ដោយ​ប្រើប្រាស់​តាម​ទម្រង់​គំរូ​ផែនការ​សកម្មភាព​ និង​ផែនការ​ថវិកា​។​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក៏​ត្រូវ​បាន​ណែនាំ​ពី​របៀប​បំពេញ​ទម្រង់​គំរូ​ផែនការ​សកម្មភាព​ និង​ផែនការ​ថវិកា​របស់​ក្រសួងមហាផ្ទៃ​ ដើម្បី​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ថវិកា​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន​បន្ថែម​ទៀត​។​

​សិក្ខាសាលា​ស្តី​ពី​ ទម្រង់​គំរូ​ផែនការ​សកម្មភាព​ និង​ផែនការ​ថវិកា​ថ្នាក់​ឃុំ​ និង​ស្រុក​សម្រាប់​មន្ត្រី​ស្រុក​អូរ​ជ្រៅ​ និង​ស្រុក​ម៉ា​ឡៃ​ចាប់ផ្តើម​ដោយ​សុន្ទរកថា​បើក​របស់​លោកស្រី​ ជេត​ ចរិយា​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ស្តារ​កម្ពុជា​ និង​លោក​ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ អូ​ឌី​ស៊ី​។​ នៅ​ក្នុង​សុន្ទរកថា​បើក​កម្មវិធី​ លោកស្រី ​ជេត​​ ចរិយា​ បាន​​ណែ​នាំ​ដល់​​អ្នកចូលរួម​ទាំងអស់​ និង​បាន​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​តម្លាភាព​ព័ត៌មាន​ថវិកា​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​ លោក ​ធី​ ទ្រី​ បាន​បន្ថែម​ទៀត​ថា​ “​ ទម្រង់​គំរូ​ផែនការ​សកម្មភាព​ និង​ផែនការ​ថវិកា​ថ្នាក់​ឃុំ​ និង​ស្រុក​មាន​សារៈសំខាន់​ណាស់​សម្រាប់​រដ្ឋបាល​ឃុំ​ ​សង្កាត់​ក្នុង​ការ​យល់​ដឹង​ពី​វា​។​ គំរូ​ថវិកា​អាច​ជួយ​សម្រួល​ភាព​ស្មុ​គ​ស្មាញ​​នៃ​​ព័ត៌មាន​ថវិកា ​ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​ក្នុង​មូលដ្ឋាន​អាច​យល់​បាន​ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ដល់​សាធារណជន​។​ លោក​បាន​បន្ត​ទៀត​ថា​ អង្គការ​អូ​ឌី​ស៊ី​ក្រោម​គម្រោង​ «ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ ដើម្បី​គាំទ្រ​តម្លាភាព​ថវិកា​នៅ​ថ្នាក់​ស្រុក»​​ បាន​នឹង​កំពុង​ប្រមូល​ព័ត៌មាន​ថវិកា​របស់​​រដ្ឋ​បាល​ស្រុក​អូរ​ជ្រៅ​ និង​ស្រុក​ម៉ា​ឡៃ​យ៉ាង​សកម្ម​ដោយ​ចងក្រង​ និងបោះ​ផ្សាយ​ដោយ​ធ្វើ​​យ៉ា​ង​ណា​ឱ្យ​សាធារណជន​អាច​ចូល​មើល​បាន​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ផ្ទាល់​។​ បន្ទាប់​ពី​នោះ​ តំណាង​មក​ពី​ក្រសួងមហាផ្ទៃ​ លោក​ ញ៉ា​វ​ តង ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​តួនាទី​​របស់​រដ្ឋបាល​ស្រុក​។​ បទ​បង្ហាញ​នេះ​បាន​បកស្រាយ​អំពី​តួនាទី​ មុខងារ​ និង​សិទ្ធិ​អំណាច​របស់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។​ លោក​ក៏​បាន​សង្កត់ធ្ងន់​លើ​ដំណើរការ​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​រដ្ឋបាល​ថ្នាក់​ឃុំ​ និង​ស្រុក​។​

លោក ធី ទ្រី នាយកប្រតិបត្តិ​នៃ​អង្គការទិន្នន័យអំពីការអភិវឌ្ឃអំឡុងពេលថ្លែងសុន្ទរកថា​បើក​សិក្ខាសាលា។

​ក្រោយ​ពី​សម្រាក​ ១០​ នាទី​ វគ្គ​បន្ទាប់​បាន​ចាប់ផ្តើម​ដោយ​លោក ​ថន​ ពិសិដ្ឋ​ ប្រធាន​ការិយាល័យ​ហិរញ្ញវត្ថុ​ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​។​ បទ​បង្ហាញ​របស់​លោក​គឺ​ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​រៀបចំ​ និង​ការ​អនុម័ត​ថវិការ​របស់​រដ្ឋបាល​ឃុំ​ និង​ស្រុក​។​ ក្នុង​បទ​បង្ហាញ​នេះ​ លោក​បាន​គូសបញ្ជាក់​ពី​ដំណើរការ​នៃ​ការ​អនុវត្ត​នៃ​គម្រោង​ថវិកា​ប្រចាំឆ្នាំ​ដោយ​រដ្ឋបាល​ឃុំ​ សង្កាត់​។​ ជាដំបូង​ រដ្ឋបាលរាជធានី ខេត្ត​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​វិភា​ជ​ថវិកា​ប្រចាំ​ឆ្នាំទៅ​ដល់​រដ្ឋបាល​ឃុំ​ សង្កាត់​។​ គណៈកម្មាធិការ​កសាង​ផែនការ​ និង​ថវិកា​ឃុំ​ សង្កាត់​ត្រូវ​ប្រជុំ​ស្តី​ពី​ ដំណើរការ​រៀបចំ​ និង​​ការ​អនុម័ត​គម្រោង​ថវិកា​របស់​រដ្ឋបាល​ឃុំ​សម្រាប់​ឆ្នាំ​បន្ទាប់​។​ ស្មៀនឃុំ​នឹង​រៀបចំសេចក្តី​ព្រាង​គម្រោង​ថវិកា​សង្ខេប​ឃុំ​ សង្កាត់​ប្រចាំឆ្នាំ​ដោយ​ប្រើប្រាស់​ទម្រង់​គម្រោង​ថវិកា​សង្ខេប​ឃុំ​ សង្កាត់​។​ លោក​ ថន​ ពិសិដ្ឋ​ បាន​បន្ថែម​ថា​ ព័ត៌មាន​ដែល​បំពេញ​នៅ​ក្នុង​ទម្រង់​គម្រោង​ថវិកា​សង្ខេប​ឃុំ​ សង្កាត់​ត្រូវ​ឆ្លុះ​បញ្ចាំង​ពី​កម្មវិធី​វិនិយោគ​រយៈពេល​ ៣​ ឆ្នាំ​រំកិល​ឃុំ​ សង្កាត់​ ផែនការ​ថវិកា​សេវា​សង្គម​ឃុំ​ និង​ឯកសារ​ពាក់ព័ន្ធ​នឹង​គម្រោង​ថវិកា​ឃុំ​ សង្កាត់​ទាំងអស់​រួម​មាន​ ព័ត៌មាន​លម្អិត​អំពី​ចំណូល​ និង​ចំណាយ​សរុប​ ព័ត៌មាន​ចំណាយ​អភិវឌ្ឍ​ន៏​ និង​ការ​ចំណាយ​រដ្ឋបាល​។​ ព័ត៌មាន​ថវិកា​នឹង​ត្រូវ​បាន​គេ​យក​ទៅ​បិទ​ផ្សាយ​នៅ​ទី​សាធារណៈ​ដូច​ជា​​ក្តារ​​ព័ត៌មាន​នៅ​សាលាឃុំ​ សាលារៀន​ វត្ត​ និង​មណ្ឌល​សុខភាព​ពី​រស​ប្តា​ហ៍​មុន​ការ​ប្រជុំ​ពិគ្រោះ​យោបល់​គម្រោង​ថវិកា​។​ ប្រជាពលរដ្ឋ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ពិភាក្សា​អំពី​គម្រោង​ថវិកា​នៅ​សាលាឃុំ​។​ មេឃុំ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​លើកទឹកចិត្ត​ និង​អញ្ជើញ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ អង្គការ​មិនមែន​រដ្ឋាភិបាល​ វិស័យ​ឯកជន​ សហគមន៍​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​។​ បន្ទាប់​ពី​បាន​បញ្ជាក់​អនុលោម​ភាព​ពី​អភិបាល​រាជធានី​ ខេត្ត​ គម្រោង​ថវិកា​សង្ខេប​​ឃុំ​ សង្កាត់​នឹង​ត្រូវ​បាន​បី​ទ​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​

លោក​ ញ៉ា​វ​ តង តំណាង​មក​ពី​ក្រសួងមហាផ្ទៃកំពុង​ធ្វើ​បទ​បង្ហាញ​អំពី ​”តួនាទី​របស់​​រដ្ឋបាល​ស្រុក”​។

​នៅ​ចុងបញ្ចប់​នៃ​សិក្ខាសាលា​ កិច្ច​ពិភាក្សា​មាន​ភាព​ទាក់ទាញ​ និង​ប្រកបដោយ​ផ្លែផ្កា​។​ អ្នកចូលរួម​បាន​សម្តែង​នូវ​​ចំណាប់​​អារម្មណ៍​​​របស់​ពួក​គេ​ចំពោះ​ការ​បណ្តុះបណ្តាល​នេះ​ថា ​មាន​សារៈសំខាន់​ និង​មាន​ភាព​ជាក់ស្តែង​។​ សិក្ខាសាលា​នេះ​ផ្តល់​នូវ​គោលការណ៍​ណែនាំ​ច្បាស់លាស់​ស្តី​ពី​ការ​ទទួលខុសត្រូវ​របស់​អ្នក​ផ្តល់​សេវា​ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ និង​ដំណើរការ​នៃ​ការ​បំពេញបែបបទ​ម្រ​ង់​គំរូ​ផែនការ​សកម្មភាព​ និង​ផែនការ​ថវិកា​ថ្នាក់​ឃុំ​ និង​ស្រុក​។​ គ្រូ​បង្គោល​ម្នាក់​បាន​បញ្ជាក់​ថា​ «​បន្ទាប់​ពី​ក្រសួង​មហា​ផ្ទៃ​បាន​​ចេញ​​សេច​ក្តី​ណែ​នាំ​ ស្តី​ពី ការ​ចូល​រួម​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​រៀប​ចំ និង​ការ​អនុ​ម័ត​ថវិកា​របស់​រដ្ឋ​បាល​ឃុំ​ សង្កាត់​​ សិក្ខាសាលា​នេះ​គឺ វគ្គ​បណ្តុះ​បណ្តាល​​មុន​គេ​បង្អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​​មាន​តំណាង​មក​ពី​ក្រសួងមហាផ្ទៃ​បាន​ចូលរួម​ធ្វើ​ជា​គ្រូ​បង្គោល​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចែក​រំលែក​ចំណេះ​ដឹង​ជូន​ទៅ​ដល់​ប្រតិ​បត្តិករ​ និង​អ្នក​អនុវត្ត​នៅ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ ឱ្យ​យល់​អំពី​និតិ​វិធី​នៃ​ការ​បំពេញ​ទម្រង់​សង្ខេប​ស្តី​ពី​ការ​រៀប​ចំ​ថវិកា​នេះ​។»