ករណីការងារ
ទំព័រព័ត៌មានទិន្នន័យនេះចងក្រង និងចាត់ប្រភេទផ្សេងៗគ្នានូវករណីការងារដែលប៉ះពាល់ដល់កម្មករនិយោជិតខ្មែរ និងបរទេសនៅកម្ពុជា បុគ្គលស្វ័យនិយោជន៍ និងពលករខ្មែរឆ្លងដែនទៅធ្វើការនៅក្រៅប្រទេស។
ករណីការងារមានលក្ខណៈទូលំទូលាយព្រមទាំងរសើបទៀតផង។ ខណៈដែលទំព័រព័ត៌មានទិន្នន័យនេះត្រូវបានអភិវឌ្ឍឡើងផ្អែកជាចម្បងលើប្រភពមានកម្រិតនៃទិន្នន័យព័ត៌មានបើកទូលាយ និងដែលអាចរកបានជាទូទៅ ឬ ដែលមានបោះពុម្ពផ្សាយតាមប្រព័ន្ធអនឡាញ មានប្រភេទបញ្ហាជាច្រើនដែលផ្សារភ្ជាប់ជាមួយទំនាក់ទំនងការងារនិងឧស្សាហកម្មទាំងក្នុង និងក្រៅប្រព័ន្ធនៃវិស័យឯកជន មិនមែនរដ្ឋាភិបាល និងសាធារណៈ។ ដូច្នេះជាការសំខាន់ដែលអ្នកប្រើប្រាស់កំណត់ចំណាំថា ព័ត៌មានបែងចែងតាមប្រភេទផ្សេងៗក្នុងសំណុំទិន្នន័យទាំងឡាយនេះ មិនមែនមានលក្ខណៈជាអង្គហេតុ និងការកំណត់ស្ថាពរទេ ប៉ុន្តែគ្រាន់តែជាសញ្ញាណ ឬ ជាព័ត៌មានសម្រាប់ពិចារណា ផ្អែកលើខ្លឹមសារនៃការទាមទារ ឬ ការសរសេរនៅក្នុងឯកសារយោងសម្រាប់ករណីនីមួយៗប៉ុណ្ណោះ។
តាំងពីឆ្នាំ២០២០ ក្រុមការងាររបស់មជ្ឈមណ្ឌលសាមគ្គីភាពកម្ពុជា បានកំពុងធ្វើការប្រមូលចងក្រង ករណីការងារ ដែលមានក្នុងឯកសារផ្សព្វផ្សាយជាសាធារណៈ និងតាមប្រភពផ្សេងៗជាច្រើន។ ក្នុងកិច្ចសហការជាមួយមជ្ឈមណ្ឌលសាមគ្គីភាពកម្ពុជាក្រុមការងាររបស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ) បានធ្វើការកសាងសំណុំទិន្នន័យដោយធ្វើការប្រមូលព័ត៌មានពាក់ព័ន្ធបន្ថែម ការសម្អាតទិន្នន័យ ការដកស្រងទិន្នន័យ និងធ្វើចំណាត់ប្រភេទលម្អិតលើទិន្នន័យ ព្រមទាំងការរៀបចំជាទម្រង់ Google spreadsheet បន្ទាប់មកបំលែងទិន្នន័យនោះទៅជាទម្រង់ CSV និងបង្កើតជាទិន្នន័យភូមិសាស្ត្រ ដើម្បីបង្ហោះក្នុងគេហទំព័ររបស់អូឌីស៊ី។
សំណុំទិន្នន័យករណីការងារនេះ បង្ហាញត្រឹមកម្រិតដែលមាន និងអាចរកបាននូវព័ត៌មានស្តីពី និយោជក និង/ឬភាគីពាក់ព័ន្ធ ប្រទេស(មិនមែនសញ្ជាតិ)របស់និយោជក ឬនាយកនៃសហគ្រាស ឬអង្គការពាក់ព័ន្ធ វិស័យសេដ្ឋកិច្ច ប្រភេទកម្មករនិយោជិត ប្រភេទករណីការងារ និងស្ថាប័ន ឬ តួអង្គអន្តរាគមន៍។
ដោយសារការងារក៏ជាវិស័យមួយផងដែរ ពេលពិនិត្យមើលករណីការងារចេញពីជ្រុងនៃវិស័យសេដ្ឋកិច្ច ការធ្វើចំណាត់ប្រភេទវិស័យសម្រាប់សំណុំទិន្នន័យទាំងនេះ អាចធ្វើឱ្យអ្នកអានខ្លះមានអារម្មណ៍ថាច្របូកច្របល់។ មិនមានរបៀបដែលល្អបំផុត ឬ ដែលមានលក្ខណៈជាឧត្តមានុវត្តអន្តរជាតិ ដើម្បីធ្វើចំណាត់ប្រភេទវិស័យផ្សេងៗសម្រាប់គោលបំណងនៃទិន្នន័យករណីការងារនេះទេ។ ក្រុមការងាររបស់អូឌីស៊ី រួមជាមួយទីប្រឹក្សាដែលជាអ្នកជំនាញផ្នែកច្បាប់ការងារបានពិនិត្យមើលអំពីរបៀបដែលស្ថាប័នជាតិ និងអន្តរជាតិមួយចំនួនដូចជា៖ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការសហប្រជាជាតិ ក្រសួងផែនការ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើចំណាត់ប្រភេទវិស័យសេដ្ឋកិច្ចសម្រាប់គោលបំណងខុសៗគ្នា។ ក្រុមការងាររបស់អូឌីស៊ី ក៏បានពិចារណាអំពីទិដ្ឋភាពនៃទំនាក់ទំនងការងារ និងបរិបទនៃទំនាក់ទំនងឧស្សាហកម្មនៅកម្ពុជា ព្រមទាំងការអភិវឌ្ឍនូវគោលនយោបាយសាធារណៈពាក់ព័ន្ធសម្រាប់ក្រុមពលកម្ម និងសង្គមផ្សេងៗគ្នានៅកម្ពុជា ក្នុងការគូសចេញនូវចំណាត់អនុប្រភេទលម្អិតនៃវិស័យសេដ្ឋកិច្ច ប្រភេទកម្មករនិយោជិត និងប្រភេទករណីការងារ។
យើងបានជ្រើសរើសដាក់បញ្ចូលនូវអនុប្រភេទវិស័យសេដ្ឋកិច្ចជាង ២០ប្រភេទ ព្រមទាំងផ្តល់នូវកំណត់ពន្យល់បន្ថែមអំពីអ្វីខ្លះដែលស្ថិតក្នុង ឬ នៅក្រៅវិសាលភាពនៃអនុប្រភេទវិស័យសេដ្ឋកិច្ចនីមួយៗ។ ចំពោះប្រភេទកម្មករនិយោជិត មានរួមបញ្ចូលនូវ កូនជាង កម្មករកុមារ/អនីតិជន អ្នកបម្រើក្នុងផ្ទះ កម្មករនិយោជិតបរទេស ពលករខ្មែរឆ្លងដែនទៅធ្វើការក្រៅប្រទេស កម្មការិនីមានផ្ទៃពោះ កម្មករដែលទទួលបានការការពារពិសេស កម្មករតាមរដូវកាល កម្មករស្វ័យនិយោជន៍ កម្មករមានពិការភាព និងប្រភេទកម្មករផ្សេងៗទៀត។
ចំពោះប្រភេទករណីការងារ ទំព័រព័ត៌មានទិន្នន័យនេះ មានបញ្ចូលសំណុំទិន្នន័យស្តីពីករណីវិវាទការងាររួម និងករណីវិវាទការងារបុគ្គល ព្រមទាំងករណីដែលមិនមានជាវិវាទ ឬយ៉ាងហោចណាស់មិនទាន់ក្លាយជាវិវាទការងារនៅឡើយ ប៉ុន្តែជាករណីតស៊ូមតិលើគោលនយោបាយសាធារណៈ ការចរចាប្រាក់ឈ្នួលអប្បបរមាតាមវិស័យ ការចរចាអនុសញ្ញារួម ការរំលឹកព្រឹត្តិការណ៍នៃចលនាពង្រឹងសិទ្ធិស្តីពីការងារដែលគួរឱ្យកត់សម្គាល់ គ្រោះថ្នាក់ការងារពេលកំពុងធ្វើដំណើរ ករណីសុខភាព និងសុវត្ថិភាពការងារ ឬករណីគ្រោះថ្នាក់ផ្សេងៗទៀតដែលប៉ះពាល់ដល់កន្លែងធ្វើការ បញ្ហាអន្តោប្រវេសន៍ដែលពាក់ព័ន្ធការងារ ព្រមទាំងការចាប់ខ្លួន ការរើសអើង ការជ្រៀតជ្រែត ការបៀតបៀន គំរាមកំហែង អំពើហិង្សា ការជួញដូរមនុស្ស ឬការធ្វើអាជីវកម្មផ្លូវភេទ ដែលមានទំនាក់ទំនងជាមួយការងារ សកម្មភាពតំណាងនៅកន្លែងការងារ និងសកម្មភាពសហជីព។
ចំពោះករណីវិវាទការងារ ទំព័រព័ត៌មានទិន្នន័យនេះមានបំណងផ្តល់នូវអនុប្រភេទនៃវិវាទការងារ និងបញ្ហាពាក់ព័ន្ធនៃវិវាទការងារ និងការតាមដានរាល់ដំណើការទាំងឡាយនៃការដោះស្រាយវិវាទការងារ រួមទាំងនីតិវិធីដោះស្រាយវិវាទការងារនៅក្រៅប្រព័ន្ធតុលាការ និងក្នុងប្រព័ន្ធតុលាការ។ លើសពីនេះ ថ្វីត្បិតមានលក្ខណៈប្រឈមខ្លាំង យើងបានខិតខំព្យាយាមធ្វើឱ្យមានភាពសុខដុម ឬតភ្ជាប់គ្នានូវការចាត់ប្រភេទនៃនិយោជក អ្នកអភិវឌ្ឍគម្រោង និងប្រភេទវិស័យដែលមានប្រើក្នុងទំព័រព័ត៌មានទិន្នន័យការងារ និងសំណុំទិន្នន័យស្តីពីការវិនិយោគបរទេសនៅកម្ពុជា និងសាជីវកម្មប្រកបដោយទំនួលខុសត្រូវសង្គម ដែលបានផលិត និងចេញផ្សាយដោយអូឌីស៊ីផងដែរ។
ជាចុងក្រោយ ដែលសំខាន់ដូចគ្នា ដើម្បីពង្រីក និងធ្វើឱ្យកាន់តែមានលក្ខណៈសម្បូរបែបនូវសំណុំទិន្នន័យករណីការងារនេះ អ្នករាយការណ៍ព័ត៌មាន និងម្ចាស់ទិន្នន័យ ឬអ្នកកាន់ទិន្នន័យ ក្នុងវិស័យសាធារណៈ ឯកជន និងមិនមែនរដ្ឋាភិបាលទាំងឡាយត្រូវបានលើកទឹកចិត្តឱ្យប្រមូលចងក្រង ឬ/និង ចែករំលែកឯកសារព័ត៌មានទាំងឡាយជាមួយក្រុមការងាររបស់ អូឌីស៊ី នូវព័ត៌មាននិងទិន្នន័យដែលជាក់លាក់ និងចម្រុះបន្ថែមទៀតពាក់ព័ន្ធនឹងទំនាក់ទំនងការងារ និងទំនាក់ទំនងឧស្សាហកម្មនៅកម្ពុជា ព្រមទាំងករណីការងារដែលប៉ះពាល់ដល់កម្មករនិយោជិត និងបុគ្គលស្វ័យនិយោជន៍នៅកម្ពុជា ដែលបម្រើការនៅក្នុង ឬក្រៅប្រព័ន្ធ នៃវិស័យឯកជន មិនមែនរដ្ឋាភិបាល សេវាបម្រើក្នុងផ្ទះ ឬ រដ្ឋបាលសាធារណៈថ្នាក់ជាតិ និងក្រោមជាតិ។