ប្រទេសកម្ពុជាបានបន្ថែមគោលដៅទី ១៨ លើគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពដែលបានខ្លួនបានធ្វើមូលដ្ឋានីយកម្មពាក់ព័ន្ធទៅនឹងការបញ្ចប់ផលប៉ះពាល់ជាអវិជ្ជមានរបស់គ្រាប់មីន/សំណល់ជាតិផ្ទុះពីសង្គ្រាម និងជំរុញការសង្គ្រោះជនរងគ្រោះ។1 គោលដៅអភិវឌ្ឍប្រកបដោយចីរភាពសកល (គ.អ.ច) ត្រូវបានអនុម័តដោយប្រទេសជាសមាជិកអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៥ ដែលវាជាការអំពាវនាវជាសកលទៅលើការធ្វើសកម្មភាពដើម្បីបញ្ចប់ភាពក្រីក្រ ការពារភពផែនដី និងធានាថាប្រជាជនទាំងអស់ទទួលបានសន្តិភាព និងវិបុលភាពនៅត្រឹមឆ្នាំ ២០៣០។ ជាការពិតណាស់ គោលដៅទាំង ១៧ ត្រូវបានរួមបញ្ចូលគ្នាដោយផ្អែកលើការទទួលស្គាល់ជារួមថា សកម្មភាពនៅក្នុងតំបន់ណាមួយនឹងជះឥទ្ធិពលដល់លទ្ធផលនៅក្នុងតំបន់ផ្សេងទៀត ហើយដូច្នេះការអភិវឌ្ឍន៍ទាំងអស់ត្រូវតែធ្វើឱ្យមានតុល្យភាពរវាងនិរន្តរភាពសង្គម សេដ្ឋកិច្ច ក៏ដូចជាបរិស្ថាន។2
បន្ទាប់ពីការយល់ព្រមទទួលយកគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(គ.អ.ច) នៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីចុងឆ្នាំ ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការសម្របនូវគោលដៅទាំងនោះទៅនឹងបរិការណ៍កម្ពុជា និងបានបង្កើតក្របខ័ណ្ឌមួយដែលមានមូលដ្ឋានីយកម្មពេញលេញរបស់ប្រទេសខ្លួនគឺ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ឬ (គ.អ.ច.ក)។3 ប្រទេសកម្ពុជាបានជ្រើសរើសគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសកល SDGs ទាំង ១៧ ហើយបន្ថែមគោលដៅមួយទៀតគឺគោលដៅទី១៨ (គ.អ.ច.ក ទី១៨)ទាក់ទងនឹងការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម(ERW)។ ទង្វើនេះឆ្លុះបញ្ចាំងពីអាទិភាពជាតិក្នុងការបោសសម្អាតមីននៅកម្ពុជា។ ជាលទ្ធផលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាមានចំនួន ១៨ ដែលមានចំណុចដៅចំនួន ៨៨ និងសូចនាករសរុបចំនួន ១៤៨ ក្នុងនោះសូចនាករជាតិមានចំនួន ៩៦។4
ហេតុអ្វីបានជាប្រទេសកម្ពុជាមានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៨?
ជាការពិតណាស់ ប្រទេសកម្ពុជាប្រឈមមុខនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរជុំវិញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានបន្សល់ទុកបន្ទាប់ពីសង្គ្រាមនៅក្នុងប្រទេសដែលបានអូសបន្លាយ ហើយដែលបានជះឥទ្ធិពលដល់ប្រទេសជាតិកំឡុងទសវត្សឆ្នាំ ១៩៦០ ដល់ចុងឆ្នាំ ១៩៩៨។5 ប្រការនេះបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគ្រាប់មីនច្រើនជាងគេបំផុតនៅលើពិភពលោក។6 គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជាមានលក្ខណៈស្មុគស្មាញខ្លាំង ដោយសារតែសង្គ្រាមស៊ីវិល ជម្លោះប្រដាប់អាវុធមានសភាពខ្លាំងខ្លាដោយមានលក្ខណៈបើកចំហ និងសម្ងាត់ ព្រមទាំងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក បូករួមនឹងកង្វះកំណត់ត្រាព័ត៌មានអំពីកន្លែងដែលត្រូវបានគេដាក់ពង្រាយគ្រាប់មីន។7
ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១៩ មានប្រជាជនចំនួន ៦៤,៨៤៣ នាក់ត្រូវបានស្លាប់ឬពិការ ការប្រកបរបរ និងសកម្មភាពរបស់សហគមន៍ត្រូវបានរឹតត្បិត ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍជាច្រើនត្រូវបានរាំងស្ទះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។8 ឧទាហរណ៍ជាក់ស្តែង គ្រួសារក្រីក្រជាច្រើនបានប្រឈមនឹងភាពអត់ឃ្លាន ឬការស្លាប់ដោយសារគ្រោះថ្នាក់បណ្តាលពីគ្រាប់មីន។ ពួកគេត្រូវបង្ខំចិត្តប្រថុយប្រថានគ្រោះថ្នាក់ជាមួយនឹងមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម ដោយសារតែភាពចាំបាច់ផ្នែកសេដ្ឋកិច្ច ឬពួកគេប្រឈមនឹងភាពអត់ឃ្លានប្រសិនបើពួកគេមិនហ៊ានប្រថុយប្រថានធ្វើស្រែនៅលើដីនិង/ឬប្រមូលអនុផលព្រៃឈើនៅតំបន់ដែលអាចមានគ្រាប់មីន។ ការស្រាវជ្រាវមួយដែលឧបត្ថម្ភដោយរដ្ឋាភិបាលបានរកឃើញថានៅឆ្នាំ ២០០៥ មានភូមិប្រមាណជា ២,៣០០ ត្រូវបានរាយការណ៍អំពីឧបសគ្គក្នុងការធ្វើដំណើរទៅកាន់សហគមន៍ជិតខាង ខណៈដែលភូមិចំនួន ១៤៨៧ បានរាយការណ៍អំពីឧបសគ្គក្នុងការធ្វើដំណើរទៅកាន់វត្តអារាម ភូមិចំនួន ១៣៣៤ ទោកាន់ផ្សារ ភូមិចំនួន ១៣១២ ទៅកាន់មណ្ឌលសុខភាព និងសាលារៀន (ប៉ះពាល់ដល់សិស្សចំនួន ៤,៤០០០ នាក់)។9 ជាលទ្ធផលប្រទេសកម្ពុជាបានទទួលរងនូវការខាតបង់ទៅលើសេដ្ឋកិច្ច-សង្គមយ៉ាងធ្ងន់ធ្ងរ ហើយក៏បានជួបប្រទះនូវបញ្ហាមនុស្សធម៌យ៉ាងខ្លាំងផងដែរ។10

អ្នករស់រានមានជីវិតពីគ្រាប់មីនពីរនាក់បានដាក់អវយវៈសិប្បនិម្មិតនៅមជ្ឈមណ្ឌលស្តារនីតិសម្បទានៃអង្គការកម្ពុជាត្រាស្ត រាជធានីភ្នំពេញ។ រូបភាព ថតដោយ Roseanne Pennella ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០០៧។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0។
ដោយទទួលស្គាល់ថាឧបសគ្គចំបងមួយចំពោះការអភិវឌ្ឍគឺគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រដ្ឋាភិបាលកម្ពុជាបានបន្ថែមថា “ ការបោសសម្អាតមីន និងជំនួយសង្គ្រោះជនរងគ្រោះ” ជាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី ៩ (CMDG 9) ។ គោលដៅស្រដៀងគ្នានេះក៏ត្រូវបានបន្ថែមទៅលើ SDGs ដូចដែលប្រទេសកម្ពុជាមានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៨។ សកម្មភាពបោសសម្អាតមីនត្រូវបានរដ្ឋាភិបាលចាត់ទុកជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងផ្សេងទៀត សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេស។11 ជាក់ស្តែង រដ្ឋាភិបាលបានសម្របសម្រួលឱ្យមានគោលដៅទី ១៨ និងរៀបចំឱ្យមានការដាក់បញ្ចូលសកម្មភាពបោសសម្អាតមីននៅក្នុងកម្មវិធីអភិវឌ្ឍន៍ជាតិផ្សេងៗរបស់ខ្លួនតួយ៉ាងដូចជាយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ (NPRS)។12
ការផ្លាស់ប្តូរពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី ៩ ទៅកាន់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី ១៨ នៅក្នុងប្រទេសកម្ពុជា
ជាមួយនឹងការបន្ថែមនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី ៩ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅសហគមន៍មូលដ្ឋាន។ គោលដៅចំនួន ២ ត្រូវបានគូសបញ្ជាក់នៅក្រោមគោលដៅនេះមានដូចជា៖ កាត់បន្ថយចំនួនមនុស្សស្លាប់ដោយសារមីន និងដើម្បីពន្លឿនទៅរកការបោសសម្អាតផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះឱ្យបានរួចរាល់។13
តារាងទី ១ សូចនាករគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី ៩
ល.រ | សូចនាករ | ឯកតា | ២០០០ | ២០០៥ | ២០១០ | ២០១៥ ជាក់ស្តែង |
១ | ចំនួននៃជនរងគ្រោះដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ស្លាប់និងរបួស) | |||||
ចំណុចដៅ | នាក់ | ៥៧៥ | ៣៥៧ | ២២០ | ១៣០ | |
លទ្ធផល | នាក់ | ៨៥៨ | ៨៧៥ | ២៨៦ | ៧៩ | |
២ | ផ្ទៃដីដែលបានបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម | |||||
ចំណុចដៅ | ហ.ត. | ១,៥៦២ | ៤,៤៦៦ | ៥,៣៧៤ | ៥,៩០៩ | |
លទ្ធផល | ហ.ត. | ៣,២០៨ | ៤,០៦៥ | ១១,៩៥០ | ១៦,១០៤ |
ប្រភព៖ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០
ជាមួយនឹងការផ្លាស់ប្តូរពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី ៩ ទៅកាន់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី ១៨ កម្ពុជាបានអនុម័តទៅលើគោលដៅចំនួន ៣ និងមានសូចនាករចំនួន ៦ ដើម្បីសម្រេចឱ្យបាននៅឆ្នាំ ២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន។14 គោលដៅទី ១៨ មិនត្រឹមតែមានគោលបំណងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានគោលបំណងដើម្បីជំរុញជំនួយសង្គ្រោះជនរងគ្រោះដូចដែលតារាងទី ២ បង្ហាញនៅខាងក្រោម។15
តារាងទី ២ គោលដៅនិងសូចនាករសំរាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី ១៨
ចំណុចដៅ គោលដៅទី ១៨ | សូចនាករ | ឯកតា | ២០១៥ ឆ្នាំគោល | ២០២០ | ២០២៥ | ២០៣០ |
១៨.១ បោសសម្អាតផ្ទៃដីចម្ការមីន/ស.ផ.ស.ដែលបានដឹងឱ្យអស់ត្រឹមឆ្នាំ២០៣០ | ១៨.១.១ ផ្ទៃដីសរុបនៃការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រចាំឆ្នាំ | ហ.ត. | ១៨,៥៣១ | ២១,៤៨២ | ២៤,៩០៤ | ២៨,៨៧០ |
១៨.២ កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស. ឱ្យមកនៅតិចជាង ១០ នាក់/ឆ្នាំ ត្រឹមឆ្នាំ ២០៣០ | ១៨.២.១ ចំនួននៃជនរងគ្រោះថ្នាក់ (ស្លាប់ និងរបួស) ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម | នាក់ | ១១១ | ៦៦ | ៣៩ | ២៣ |
១៨.២.២ ចំនួនភូមិដែលរងការគំរាមកំហែងដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានសារអប់រំគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម | ភូមិ | ៣០០ | ៣៨២ | ១៤០ | ៤៦ | |
១៨.៣ លើកកម្ពស់សិទ្ធ និងគុណភាពជិវិតរបស់ជនពិការដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានកាន់តែប្រសើរឡើង | ១៨.៣.១ ចំនួនជនពិការដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានការលើកកម្ពស់សិទ្ធនិងគុណភាពជិវិត | នាក់ | ២៨០ | ៣៥៧ | ៤៥៧ | ៥៨៣ |
១៨.៣.២ ចំនួនជនរងគ្រោះដោយសារមីណ/សំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានសេវាស្តារលទ្ធភាពពលកម្ម | នាក់ | ១,៥០០ | ៣,៧៨៥ | ៤,១៨៩ | ៤,៥៣៦ | |
១៨.៣.៣ ចំនួនជនរងគ្រោះដោយសារមីណ/សំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានសេវាឆ្លើយតបបន្ទាន់និងឆាប់រហ័សពីអាជ្ញាធរមីន | នាក់ | ១០១ | ១៤៤ | ១៥៤ | ១៦៩ |
ប្រភព៖ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០
មធ្យោបាយនៃការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១៨ នៅក្នុងប្រទេសកម្ពុជា
ប្រទេសកម្ពុជាបានចាប់ផ្តើមសកម្មភាពបោសសម្អាតមីនរបស់ខ្លួនក្នុងកំឡុងពេលនៃការមកដល់របស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិហៅកាត់ថា អ៊ុនតាក់ (UNTAC)។16 នៅចន្លោះឆ្នាំ ១៩៩១-១៩៩២ បេសកកម្មជំរុញជាមុនរបស់អង្គការសហប្រជាជាតិ (UNAMIC) បានចុះកិច្ចសន្យាជាមួយអង្គការ HALO Trust ដើម្បីវាស់ស្ទង់ផ្ទៃដីចំនួន ៧០០ គីឡូម៉ែត្រការ៉េ ក្នុងខេត្តបាត់ដំបង។ នៅខែមីនាឆ្នាំ ១៩៩២ អ៊ុនតាក់បានគ្រប់គ្រងបេសកកម្ម និងមុខងារជំនួស UNAMIC ដែលក្នុងនោះរួមមានការជួយបោសសម្អាតមីន និងសកម្មភាពបញ្ជ្រាបការយល់ដឹងអំពីគ្រាប់មីន។ ក្រោយមកនៅខែកក្កដា ឆ្នាំ១៩៩២ អ៊ុនតាក់បានបង្កើតអង្គភាពបណ្តុះបណ្តាលការបោសសម្អាតមីន (MCTU) និងបានចាប់ផ្តើមបង្រៀនជនជាតិខ្មែរឱ្យចេះកំណត់សណ្ឋានរបស់មីន ទីតាំងមីន និងការកម្ទេចមីន ព្រមទាំងការដាក់សម្គាល់ទីតាំងដែលមានមីន។17
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក៏ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩២ ដែលមានអាណត្តិដឹកនាំការងារបោសសម្អាតមីន និងអប់រំអំពីគ្រោះថ្នាក់របស់មីន។ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី) និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) បានចាប់ផ្តើមផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ស៊ីម៉ាក់តាមរយៈមូលនិធិជឿទុកចិត្តរបស់អង្គការសហប្រជាជាតិ (UN Trust Fund) សម្រាប់ការដោះមីននៅកម្ពុជា បន្ទាប់ពីការដកទៅវិញនូវកងកម្លាំងរបស់អ៊ុនតាក់នៅឆ្នាំ ១៩៩៣។ នៅឆ្នាំ ១៩៩៥ ស៊ីម៉ាក់បានក្លាយជាអង្គការស្វយ័តមួយដែលមានអាជ្ញាធរ និងស្វ័យភាព ដោយតួនាទីសម្របសម្រួលរបស់ស៊ីម៉ាក់ ត្រូវបានលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងរវាងប្រតិបត្តិករផ្សេងទៀត និងកិច្ចសហប្រតិបត្តិជិតស្និទ្ធការរវាងអង្គការទាំងអស់ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងការដោះមីន។ ទោះជាយ៉ាងណាក៏ដោយ គំរូនៃការគ្រប់គ្រងរបស់ស៊ីម៉ាក់ដែលមានលក្ខណៈជាមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន និងជាអាជ្ញាធរសកម្មភាពមីន ត្រូវបានគេរកឃើញថាមានភាពច្របូកច្របល់ និងមិនអាចគ្រប់គ្រងបាន។ មានការចោទប្រកាន់ជាច្រើនអំពីអំពើពុករលួយការគ្រប់គ្រង ភាពមិនត្រឹមត្រូវ និងបក្ខពួកនិយម ដែលបានលេចចេញជារូបរាងក្នុងឆ្នាំ ១៩៩៩។ ជាលទ្ធផលអ្នកគ្រប់គ្រង និងបុគ្គលិកមួយចំនួនរបស់ស៊ីម៉ាក់ត្រូវបានបណ្តេញចេញ ខ្លះផ្លាស់ប្តូរទៅតំណែងផ្សេង ខណៈអ្នកខ្លះទៀតលាលែងពីតំណែង។18

ក្រុមការងារស៊ីម៉ាក់កំពុងប្រតិបត្តិការការងារ។ រូបភាព ថតដោយ Kevin Evans ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៥។ ក្រោមអាជ្ញាបណ្ណ CC BY 2.0។
ដើម្បីធានាឱ្យមានការគ្រប់គ្រង និងគណនេយ្យភាពប្រកបដោយប្រសិទ្ធភាពទៅលើសកម្មភាពមីន រដ្ឋាភិបាលកម្ពុជាបានបង្កើត អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) ក្រោមប្រកាសលេខ ១៧៧ អនក្របក ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០០០។19 អាជ្ញាធរមីននេះតួនាទីគ្រប់គ្រង សម្របសម្រួល និងតាមដានសកម្មភាពដោះមីនទូទាំងប្រទេសកម្ពុជា។ នៅក្រោមអាជ្ញាធរមីននេះមានប្រតិបត្តិករជាតិចំនួនពីរដែលដឹកនាំដោយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងប្រតិបត្តិករអន្ដរជាតិផ្សេងទៀតរួមមាន៖ អង្គការ Mines Advisory Group (MAG), អង្គការ HALO Trust, ជំនួយរបស់ប្រជាជនន័រវេស (NPA), អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS), អង្គការ APOPO, អង្គការដោះមីនកម្ពុជា (CSHD) ក្នុងនោះក៏បូករួមជាមួយនឹងការអប់រំផ្សេងៗអំពីគ្រោះថ្នាក់របស់មីន និងភ្នាក់ងារជំនួយជនរងគ្រោះដ៏ទៃផ្សេងទៀត។ ប្រទេសកម្ពុជាក៏បានបញ្ជូនអ្នកដោះមីនរបស់ខ្លួនទៅកាន់ប្រទេសដែលរងផលប៉ះពាល់ដោយសារមីន ដែលជាផ្នែកមួយនៃប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងបានជួយទៅដល់ប្រទេសដែលរងផលប៉ះពាល់ដោយគ្រាប់មីនជាច្រើនផ្សេងទៀតផងដែរ។20
ប្រទេសកម្ពុជាទទួលបានវឌ្ឍនភាពនៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ស.ផ.ស) បើទោះជាលទ្ធផលជាក់ស្តែងនៅទាបជាងការគ្រោងទុកយ៉ាងណាក្តី។ តារាងទី ៣ ខាងក្រោមបង្ហាញពីវឌ្ឍនភាពដែលបានសម្រេចបាននៅចន្លោះឆ្នាំ ២០១៥ និង ២០១៩។21
តារាងទី ៣ ចំណុចដៅនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១៨ និងតួលេខជាក់ស្តែង
ចំណុចដៅ/សូចនាករ | ឯកតា | ២០១៥ | ចំណុចដៅ គ.អ.ច.ក | ជាក់ស្តែង | វឌ្ឍនភាព | ||||||
២០១៦ | ២០១៧ | ២០១៨ | ២០១៩ | ២០១៦ | ២០១៧ | ២០១៨ | ២០១៩ | ||||
១៨.១. បោសសម្អាតផ្ទៃដីចម្ការមីន/ស.ផ.ស.ដែលបានដឹងឱ្យអស់ត្រឹមឆ្នាំ២០៣០ | ទាបជាងចំណុចដៅ | ||||||||||
១៨.១.១. ផ្ទៃដីសរុបនៃការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រចាំឆ្នាំ | ហ.ត. | ១៨,៥៣១ | ១៩,០៨៧ | ១៩,៦៥៩ | ២០,០៤៩ | ២០,៨៥៧ | ១៣,២២៨ | ១៤,៦៧២ | ១២,៤៣២ | ១៣,០០៨ | ទាបជាងចំណុចដៅ |
១៨.២. កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស. ឱ្យមកនៅតិចជាង ១០ នាក់/ឆ្នាំ ត្រឹមឆ្នាំ ២០៣០ | ស្ថិតលើគន្លង ទៅសម្រេចបាន | ||||||||||
១៨.២.១. ចំនួននៃជនរងគ្រោះថ្នាក់ (ស្លាប់ និងរបួស) ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម | នាក់ | ១១១ | ១០០ | ៩០ | ៨១ | ៧៣ | ៨៣ | ៥៨ | ៥៨ | ៧៧ | ស្ថិតលើគន្លង ទៅសម្រេចបាន |
១៨.២.២. ចំនួនភូមិដែលរងការគំរាមកំហែងដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានសារអប់រំគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម | ភូមិ | ៣០០ | ៣១៥ | ៣៣០ | ៣៤៧ | ៣៦៤ | ៣១៥ | ៣៣០ | ៣៤៧ | ៣៦៤ | ស្ថិតលើគន្លង ទៅសម្រេចបាន |
១៨.៣.លើកកម្ពស់សិទ្ធ និងគុណភាពជិវិតរបស់ជនពិការដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានកាន់តែប្រសើរឡើង | ស្ថិតលើគន្លង ទៅសម្រេចបាន | ||||||||||
១៨.៣.១. ចំនួនជនពិការដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានការលើកកម្ពស់សិទ្ធនិងគុណភាពជិវិត | នាក់ | ២៨០ | ២៩៦ | ៣០៩ | ៣២៤ | ៣៤០ | ២៩៦ | ៣១៤ | ៣២០ | ៣៣៧ | ស្ថិតលើគន្លង ទៅសម្រេចបាន |
១៨.៣.២. ចំនួនជនរងគ្រោះដោយសារមីណ/សំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានសេវាស្តារលទ្ធភាពពលកម្ម | នាក់ | ១,៥០០ | ២,៣០០ | ៣,៥៧៧ | ៣,៦៤៨ | ៣,៧៣១ | ២,៣០០ | ៣,២៤៦ | ៣,៥៨២ | ៣,៤០៩ | ស្ថិតលើគន្លង ទៅសម្រេចបាន |
១៨.៣.៣. ចំនួនជនរងគ្រោះដោយសារមីណ/សំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានសេវាឆ្លើយតបបន្ទាន់និងឆាប់រហ័សពីអាជ្ញាធរមីន | នាក់ | ១០១ | ១២៣ | ១៣៧ | ១៣៩ | ១៤២ | ១២៣ | ១២៨ | ១២៤ | ១៥៦ | ស្ថិតលើគន្លង ទៅសម្រេចបាន |
ប្រភព៖ របាយការណ៍វឌ្ឍនភាពឆ្នាំ ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០, ក្រសួងផែនការ (ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០)
តារាងទី ៤ បង្ហាញពីគម្រោងយុទ្ធសាស្ត្រសកម្មភាពកម្ចាត់មីនថ្នាក់ជាតិ ដែលមានគោលដៅសម្រេចឱ្យបាននៅត្រឹមឆ្នាំ ២០២៥។ ទោះជាយ៉ាងណា បន្ថែមលើចំនួនបុគ្គលិកដោះមីន ២៥០០ នាក់ដែលមានស្រាប់ កម្ពុជានៅត្រូវការអ្នកដោះមីនចំនួន ២០០០ នាក់ផ្សេងទៀតដើម្បីសម្រេចឱ្យបាននូវគោលដៅដោះមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម។22 ដូចនេះ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតិផ្តល់ឱ្យអាជ្ញាធរមីន និងភ្នាក់ងារជួយជនរងគ្រោះដោយសារមីន (CMAA) ទទួលបានមូលនិធិដើម្បីដាក់ពង្រាយបុគ្គលិកកងយោធពលខេមរភូមិន្ទចំនួន ២០០០ នាក់ នៅក្នុងប្រតិបត្តិការបោសសម្អាតមនុស្សធម៌ដែលចាប់ផ្តើមពីឆ្នាំ ២០២០-២០២៥។23 ក្នុងលក្ខណ្ឌថវិកា តម្រូវការហិរញ្ញវត្ថុសរុបសម្រាប់ផែនការបោសសម្អាតមីននៅឆ្នាំ ២០១៨-២០២៥ ត្រូវការប្រមាណជា ៤០៦ លានដុល្លារអាមេរិក សម្រាប់ផ្ទៃដីដែលមានគ្រាប់មីននៅសេសសល់ប្រហែលជា ១៧០៩ គីឡូម៉ែត្រការ៉េ។24
តារាងទី ៤ គោលដៅដោះមីនសម្រាប់ឆ្នាំ ២០១៨–២០២៥
តំបន់គ្រោះថ្នាក់ | ទំហំសន្មត់នៅឆ្នាំ ២០១៧ | ទំហំសរុប (បន្ទាប់ពីដកចេញទំហំសន្មត់នៅឆ្នាំ ២០១៧) | អទិភាព (សម្រាប់ ៨ ឆ្នាំ) | ទំហំបោសសម្អាតសរុបឆ្នាំ (២០១៨-២០២៥) | គម្រោងបោសសម្អាតមីនឆ្នាំ (២០១៨-២០២៥) | |||||||
២០១៨ | ២០១៩ | ២០២០ | ២០២១ | ២០២២ | ២០២៣ | ២០២៤ | ២០២៥ | |||||
គម២ | គម២ | % | គម២ | គម២ | គម២ | គម២ | គម២ | គម២ | គម២ | គម២ | គម២ | |
ផ្ទៃដីចម្ការមីន | ៦៩ | ៨៧៧ | ១០០ | ៨៧៧ | ១០៩.៦ | ១០៩.៦ | ១០៩.៦ | ១០៩.៦ | ១០៩.៦ | ១០៩.៦ | ១០៩.៦ | ១០៩.៦ |
ផ្ទៃដីគ្រាប់បែកចង្កោម | ២១ | ៦២៤ | ៨០ | ៤៩៩ | ៦២ | ៦២ | ៦២ | ៦២ | ៦២ | ៦២ | ៦២ | ៦២ |
សំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងៗ | ៤៦ | ៣៣៣ | ១០០ | ៣៣៣ | ៤២ | ៤២ | ៤២ | ៤២ | ៤២ | ៤២ | ៤២ | ៤២ |
ប្រភព៖ គម្រោងសកម្មភាពបោសសម្អាតមីនរបស់យុទ្ធសាស្ត្រជាតិដែលនឹងសម្រចឱ្យបាននៅឆ្នាំ ២០២៥
លើសពីការបោសសម្អាតមីន
ដូចដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ (២០១៩-២០២៣) ការអប់រំចំណេះដឹងអំពីគ្រោះថ្នាក់របស់មីន និងសំណល់ជាតិផ្ទុះក៏ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំនៃសកម្មភាពកម្ចាត់មីននៅកម្ពុជា។25 សកម្មភាពដំបូងនៃការអប់រំចំណេះដឹងអំពីមីនបានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៣។ សកម្មភាពដំបូងនោះ ផ្តោតសំខាន់ទៅលើជនដែលត្រលប់មកទីតាំងដើមរបស់ខ្លួនវិញ និងជនភៀសខ្លួនដែលរស់នៅក្នុងតំបន់ដែលមានមីននៅសល់ច្រើន។ គោលបំណងនៃសកម្មភាពនោះគឺវិធីសាស្ត្រដែលមានមូលដ្ឋាននៅតាមសហគមន៍ និងពហុវិន័យចំពោះសកម្មភាពមីន និងកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារមីន និងសំណល់ជាតិផ្ទុះ ដោយជួយឱ្យប្រជាជនរស់នៅបានកាន់តែមានសុវត្ថិភាពនៅក្នុងទីតាំងដែលមានមីននៅសល់។ ស៊ីម៉ាក់បានអនុវត្តគម្រោងនេះនៅខែតុលា ឆ្នាំ២០០១ ដោយមានជំនួយបច្ចេកទេសពីអង្គការជនពិការអន្តរជាតិ(HI) និងថវិកាពីយូនីសេហ្វ (UNICEF)។26 លើសពីនេះទៀត ជំនួយសង្គ្រោះជនរងគ្រោះដោយសារមីនក៏ជាផ្នែកមួយនៃកម្មវិធីពិការភាពនិងស្តារនីតិសម្បទាសំខាន់ៗរបស់ប្រទេសផងដែរ។ ការងារជួយសង្គ្រោះនេះស្ថិតនៅក្រោមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែលមានតួរនាទីផ្តល់នូវការស្តារសម្បទា និងសេវាកម្មសមាហរណកម្មជំនួយសង្គមដល់ជនពិការទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរ ប្រព័ន្ធតាមដានព័ត៌មានជនរងគ្រោះដោយសារគ្រាប់មីន/សំណល់ជាតិផ្ទុះ ត្រូវបានគ្រប់គ្រងដោយប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន/សំណល់ជាតិផ្ទុះកម្ពុជាដែលស្ថិតនៅក្រោមអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA)។27
ក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនានា
- យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) ៖ បន្តជំរុញការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងបន្តផ្តល់ដីសម្បទានសង្គមកិច្ចជាពិសេសដល់គ្រួសារក្រីក្រសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ។2829
- យុទ្ធសាស្ត្រសកម្មភាពកម្ចាត់មីនថ្នាក់ជាតិ (២០១៨-២០២៥) ៖ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតយុទ្ធសាស្ត្រសកម្មភាពមីនថ្នាក់ជាតិថ្មីឆ្នាំ ២០១៨-២០២៥ (NMAS 2018-25) ដែលមានគោលបំណងដើម្បីសំរេចឱ្យបាននូវចក្ខុវិស័យ “ក្នុងការបោសសម្អាតផ្ទៃដីដែលមានមីន និងផ្តល់អាទិភាពដល់តំបន់ដែលមានគ្រាប់មីនចង្កោម កាត់បន្ថយហានិភ័យដែលបណ្តាលមកពីសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជាត្រឹមឆ្នាំ ២០២៥ ព្រមទាំងការតស៊ូមតិទៅលើសិទ្ធិ និងសេវាកម្មសម្រាប់ជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ ក៏ដូចជាជនរងគ្រោះដោយប្រយោលផងដែរ។30
- គោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ (២០១៦-២០៣០) ៖ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលមាននៅក្នុងសហគមន៍មូលដ្ឋាន និងការធ្វើសមាហ័រណកម្មទៅក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាទាំងអស់។31
- ការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្តទៅលើការអនុវត្តរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ៖ ដំណើរការគាំទ្រដល់ការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្តលើកដំបូង (VNR) របស់ប្រទេសកម្ពុជាបានចាប់ផ្តើមនៅចុងឆ្នាំ ២០១៨ ដោយមានភារកិច្ចត្រួតពិនិត្យលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា បន្ទាប់ពីការយល់ព្រមរបស់រដ្ឋាភិបាលក្នុងការទទួលយកគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសកល (SDGs) នៅអង្គការសហប្រជាជាតិ។ ការត្រួតពិនិត្យនេះធ្វើឡើងដោយក្រសួងផែនការ។32
- អនុសញ្ញាស្តីពីការហាមឃាត់ ឬការរឹតត្បិតលើការប្រើប្រាស់សព្វាវុធធម្មតា (CCW) ៖ ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញានេះនៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ១៩៩៧។33
- អនុសញ្ញាស្តីពីការហាមប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (APMBC) ៖ ប្រទេសកម្ពុជាបានចុះហត្ថលេខានៅខែ ធ្នូ ឆ្នាំ១៩៩៧ និងបានផ្តល់សច្ចាប័ននៅខែ កក្កដា ឆ្នាំ ១៩៩៩ ហើយវាបានចូលជាធរមាននៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០០។34 កម្ពុជាបានស្នើសុំ និងការរក្សាបាននូវការផ្តល់ជូនរយៈពេល ១០ ឆ្នាំបន្ថែមទៀតទៅលើការបោសសម្អាតមីនស្ថិតនៅក្រោមមាត្រ ៥ នៃសិទ្ធិសញ្ញាស្តីពីការហាមប្រើប្រាប់គ្រាប់មីន។ សំណើរនេះត្រូវបានយល់ព្រម នៅក្នុងសន្និសីទត្រួតពិនិត្យលើកទី ២ ហើយកាលបរិច្ឆេទចុងក្រោយត្រូវបានកំណត់នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២០។35
- ព្រះរាជក្រឹត្យលេខ ១៧៧ ចុះថ្ងៃទី ០៦ ខែកញ្ញាឆ្នាំ ២០០០ ស្តីពីការបង្កើតអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) ៖ អាជ្ញាធរនេះមានកាតព្វកិច្ចគ្រប់គ្រង ត្រួតពិនិត្យ និងសម្របសម្រួលសកម្មភាពមីននៅកម្ពុជា។ អាជ្ញាធរនេះស្ថិតនៅក្រោមការដឹកនាំដោយផ្ទាល់ពីនាយករដ្ឋមន្ត្រី និងអនុប្រធាន CMAA ខណៈអគ្គលេខាធិការ CMAA គ្រប់គ្រងលើប្រតិបត្តិការដែលទាក់ទងនឹងអាណត្តិរបស់ខ្លួន។36
- ច្បាប់ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិជនពិការ (ឆ្នាំ ២០០៩) ៖ ច្បាប់នេះអនុវត្តទៅតាមអនុសញ្ញាស្តីពីសិទ្ធជនពិការ និងលើកកម្ពស់សិទ្ធិជនដែលមានពិការភាព ទប់ស្កាត់ការរើសអើង និងផែនការសម្រាប់ការផ្តល់សេវាស្តារនីតិសម្បទាដោយឥតគិតថ្លៃ។37
- ផែនការសកម្មភាពជាតិសម្រាប់ជនពិការឆ្នាំ (២០០៨-២០១១) (NPA-PWD) ៖ ផែនការនេះត្រូវបានបង្កើតឡើងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដៃគូជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC)។ ផែនការនេះគ្របដណ្តប់លើសមាសធាតុទាំងអស់នៃជំនួយទៅលើជនពិការ រួមមានការថែទាំសុខភាពបន្ទាន់ ការគាំទ្រផ្នែកចិត្តសាស្ត្រនៃការស្តារនីតិសម្បទា និងការធ្វើសមាហរណកម្មសង្គមទៅនឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការបញ្ចូលទៅក្នុងផ្នែកច្បាប់ និងគោលនយោបាយសាធារណៈផ្សេងៗ។38
- ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ (២០១៤-២០១៨) (NDSP) ៖ វាចង្អុលបង្ហាញពីគោលដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន ១០ និងការផ្តោតលើការកាត់បន្ថយភាពក្រីក្រសម្រាប់ជនពិការ។39
ប្រធានបទពាក់ព័ន្ធ
ឯកសារយោង
- 1. រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា «ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាឆ្នាំ (២០១៦-២០៣០)» ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ ចូលអាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
- 2. យូអិនឌីនៅកម្ពុជា(UNDP) «សេចក្តីសង្ខេបខ្លីពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា» មិនមានថ្ងៃបរិច្ឆេទ។ ចូលអាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។
- 3. រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា «ការត្រួតពិនិត្យជាតិដោយស្ម័គ្រចិត្តរបស់ប្រទេសកម្ពុជាឆ្នាំ ២០១៩ ស្តីពីការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» ខែមិថុនា ឆ្នាំ២០១៩។ ចូលអាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។
- 4. រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា «ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាឆ្នាំ (២០១៦-២០៣០)» ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ ចូលអាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
- 5. អាជ្ញាធរកម្ពុជាសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន «យុទ្ធសាស្ត្រសកម្មភាពជាតិមីនឆ្នាំ ២០១៨-២០២៥» ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ ចូលអាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
- 6. Gildestad, B., «ការវិភាគចំណាយ និងផលចំណេញនៃប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា» ខែកុម្ភៈ ឆ្នាំ២០០៥។ ចូលអាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
- 7. អាជ្ញាធរកម្ពុជាសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន «យុទ្ធសាស្ត្រសកម្មភាពជាតិមីនឆ្នាំ ២០១៨-២០២៥» ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ ចូលអាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
- 8. អាជ្ញាធរកម្ពុជាសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន «ឆ្ពោះទៅកាន់ប្រទេសកម្ពុជាគ្មានមីន និងសំណល់ជាតិផ្ទុះនៅត្រឹមឆ្នាំ ២០២៥» ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ០១៩។ ចូលអាននៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។
- 9. Gildestad, B., «ការវិភាគចំណាយ និងផលចំណេញនៃប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា» ខែកុម្ភៈ ឆ្នាំ២០០៥។ ចូលអាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
- 10. អាជ្ញាធរកម្ពុជាសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន «យុទ្ធសាស្ត្រសកម្មភាពជាតិមីនឆ្នាំ ២០១៨-២០២៥» ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ ចូលអាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
- 11. Gildestad, B., «ការវិភាគចំណាយ និងផលចំណេញនៃប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា» ខែកុម្ភៈ ឆ្នាំ២០០៥។ ចូលអាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
- 12. ដូចឯកសារយោងខាងដើម
- 13. រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា «ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាឆ្នាំ (២០១៦-២០៣០)» ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ ចូលអាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
- 14. ដូចឯកសារយោងខាងដើម
- 15. អាជ្ញាធរកម្ពុជាសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន «យុទ្ធសាស្ត្រសកម្មភាពជាតិមីនឆ្នាំ ២០១៨-២០២៥» ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ ចូលអាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
- 16. Gildestad, B., «ការវិភាគចំណាយ និងផលចំណេញនៃប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា» ខែកុម្ភៈ ឆ្នាំ២០០៥។ ចូលអាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
- 17. មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការដោះមីនមនុស្សធម៌នៅទីក្រុងហ្សឺណែវ (GICHD) «ការផ្លាស់ប្តូរកម្មវិធីសកម្មភាពកម្ចាត់មីនទៅជាកម្មសិទ្ធិជាតិ៖ ប្រទេសកម្ពុជា» ខែមីនា ឆ្នាំ២០១២។ ចូលអាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។
- 18. ដូចឯកសារយោងខាងដើម
- 19. អាជ្ញាធរកម្ពុជាសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន «សេចក្តីសង្ខេបអំពីសាវតាអាជ្ញាធរកម្ពុជាសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA)៖ ក្របខ័ណ្ឌគតិយុត្ត និងអាណត្តិទំនួលខុសត្រូវ» មិនមានថ្ងៃបរិច្ឆេទ។ ចូលអាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។
- 20. អាជ្ញាធរកម្ពុជាសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន «យុទ្ធសាស្ត្រសកម្មភាពជាតិមីនឆ្នាំ ២០១៨-២០២៥» ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ ចូលអាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
- 21. ក្រសួងផែនការ «របាយការណ៍វឌ្ឍនភាពឆ្នាំ ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក) ឆ្នាំ ២០១៦-២០៣០» ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ ចូលអាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
- 22. អាជ្ញាធរកម្ពុជាសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន «ឆ្ពោះទៅកាន់ប្រទេសកម្ពុជាគ្មានមីន និងសំណល់ជាតិផ្ទុះនៅត្រឹមឆ្នាំ ២០២៥» ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ០១៩។ ចូលអាននៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។
- 23. សុទ្ធ គឹមសឿន «រដ្ឋាភិបាលបង្កើនការឈានដល់គោលដៅគ្មានមីនឆ្នាំ ២០២៥» ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។ ចូលអាននៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។
- 24. អាជ្ញាធរកម្ពុជាសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន «យុទ្ធសាស្ត្រសកម្មភាពជាតិមីនឆ្នាំ ២០១៨-២០២៥» ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ ចូលអាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
- 25. រាជរដ្ឋាភិបាលកម្ពុជា «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ ២០១៩-២០២៣» ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ ចូលអាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។
- 26. មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការដោះមីនមនុស្សធម៌នៅទីក្រុងហ្សឺណែវ (GICHD) «ការបញ្ចប់ភារកិច្ចដោះមីន៖ ការពិនិត្យបែបឯករាជ្យទៅលើសកម្មភាពដោះមីននៅកម្ពុជា» ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ ចូលអាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
- 27. អាជ្ញាធរកម្ពុជាសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន «យុទ្ធសាស្ត្រសកម្មភាពជាតិមីនឆ្នាំ ២០១៨-២០២៥» ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ ចូលអាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
- 28. រាជរដ្ឋាភិបាលកម្ពុជា «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ ២០១៩-២០២៣» ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ ចូលអាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។
- 29. រាជរដ្ឋាភិបាលកម្ពុជា «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៦ នៃរដ្ឋសភាជាតិ» ខែកញ្ញា ឆ្នាំ២០១៨។ ចូលអាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
- 30. អាជ្ញាធរកម្ពុជាសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន «យុទ្ធសាស្ត្រសកម្មភាពជាតិមីនឆ្នាំ ២០១៨-២០២៥» ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ ចូលអាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
- 31. រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា «ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាឆ្នាំ (២០១៦-២០៣០)» ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ ចូលអាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
- 32. រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា «ការត្រួតពិនិត្យជាតិដោយស្ម័គ្រចិត្តរបស់ប្រទេសកម្ពុជាឆ្នាំ ២០១៩ ស្តីពីការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» ខែមិថុនា ឆ្នាំ២០១៩។ ចូលអាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។
- 33. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ «អនុសញ្ញាស្តីពីការហាមឃាត់ ឬការរឹតត្បិតលើការប្រើប្រាស់អាវុធធម្មតា» ខែមិថុនា ឆ្នាំ២០០៥។ ចូលអាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
- 34. រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា «ការត្រួតពិនិត្យជាតិដោយស្ម័គ្រចិត្តរបស់ប្រទេសកម្ពុជាឆ្នាំ ២០១៩ ស្តីពីការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» ខែមិថុនា ឆ្នាំ២០១៩។ ចូលអាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។
- 35. សន្និសិទត្រួតពិនិត្យនៅទីក្រុងអូស្លូប្រទេសណ័រវ៉េស «សំណើសុំពន្យារពេលកំណត់សម្រាប់ការបញ្ចប់ការដោះគ្រាប់មីនប្រឆាំងមនុស្សស្របតាមមាត្រា ៥ នៃសទ្ធិសញ្ញាស្តីពីការហាមប្រើប្រាប់គ្រាប់មីន» ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ ចូលអាននៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។
- 36. អាជ្ញាធរកម្ពុជាសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន «សេចក្តីសង្ខេបអំពីសាវតាអាជ្ញាធរកម្ពុជាសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA)៖ ក្របខ័ណ្ឌគតិយុត្ត និងអាណត្តិទំនួលខុសត្រូវ» មិនមានថ្ងៃបរិច្ឆេទ។ ចូលអាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។
- 37. ក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) «ច្បាប់ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិរបស់ជនពិការ» ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩។ ចូលអាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។
- 38. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនីតិសម្បទា និងអាជ្ញាធរកម្ពុជាសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន «ផែនការសកម្មភាពជាតិសម្រាប់ជនពិការ រួមមានជនពិការ និងរស់រានមានជីវិតដោយសារគ្រាប់មីន» ខែវិច្ឆិការ ឆ្នាំ២០០៨។ ចូលអាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
- 39. ក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) «ផែនការយុទ្ធសាស្ត្រជាតិពិការភាពនៅកម្ពុជាឆ្នាំ ២០១៤-២០១៨» ខែមិថុនា ឆ្នាំ២០១៤។ ចូលអាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។