សេចក្តីថ្លែងការណ៍ស្តីពីការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតជប៉ុននៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ។
ប្រទេសជប៉ុនមានកង្វល់យ៉ាងខ្លាំងចំពោះការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ ដែលបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា។ ចាប់តាំងពីការប៉ះទង្គិចបានផ្ទុះឡើងនៅពីថ្ងៃទី២៨ ខែឧសភា ភាពតានតឹងរវាងប្រទេសទាំងពីរបានបន្ត រួមទាំងមានការរឹតបន្តឹងលើការចេញចូលនៃមនុស្សនិងទំនិញនៅតាមព្រំដែន ហើយប្រទេសជប៉ុនបាននិងកំពុងធ្វើការទំនាក់ទំនងជាមួយប្រទេសទាំងពីរ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រទេសជប៉ុនសូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយសង្ឃឹមយ៉ាងមុតមាំថាភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានដោះស្រាយ ដោយសន្តិវិធីតាមរយៈការសន្ទនា។
ស្ថានទូតជប៉ុននៅកម្ពុជា