គណបក្សប្រឆាំងស្ទះស្ទើរក្នុងការទទួលស្គាល់លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន
វ៉ាស៊ីនតោន — មេដឹកនាំគណបក្សជំទាស់បានសម្តែងការសាទរចំពោះដំណើរការបោះឆ្នោត តែស្ទាក់ស្ទើរក្នុងការការស្វាគមន៍លទ្ធផលបោះឆ្នោតក្រៅផ្លូវការដោយបានអះអាងថា វាលឿនពេកក្នុងការនិយាយថាការបោះឆ្នោតនេះអាចទទួលយកបានពេលនេះ។ មេដឹកនាំគណបក្សជំទាស់ទាំងពីរគឺលោក សម រង្ស៉ី និងលោកកឹម សុខាបញ្ជាក់ពីជំហរដូច្នេះក្នុងសន្និសីទព័ត៌មានកាលពីយប់ថ្ងៃសៅរ៍។
ការបោះឆ្នោតនៅកម្ពុជាបានបញ្ចប់កាលពីថ្ងៃអាទិត្យ។ គណបក្សប្រជាជនកម្ពុជាបានប្រកាសលទ្ធផលក្រៅផ្លូវការបឋមៗថា ខ្លួនឈ្នះ៦៨កៅអី ហើយគណបក្សសង្គ្រោះជាតិឈ្នះ៥៥ កៅ អី។ តែមេដឹកនាំក្រុមជំទាស់គឺលោក សម រង្ស៉ី ក្នុងសន្និសីទព័ត៌មានកាលពីយប់ថ្ងៃអាទិត្យមិនទាន់បង្ហាញជំហរច្បាស់លាស់ថាទទួលស្គាល់ការបោះឆ្នោតនេះនៅឡើយដោយលោករង់ចាំលទ្ធផលជាផ្លូវការ។
«ខ្ញុំគិតថាវាជារឿងជារឿងលឿនពេកក្នុងការផ្សាយពីលទ្ធផលណាមួយជា សារធារណៈ។ យើងគ្រាន់តែមានការចង្អុលបង្ហាញជាព័ត៌មានជាបំណែកៗ ប៉ុណ្ណោះទេ។ យើងមិនស្ថិតក្នុង ជំហរដើម្បីធ្វើការសន្និដ្នានទេ។ យើងបានអំពាវនាវដល់គ្រប់ភាគីឲ្យរង់ចាំលទ្ធផលជាផ្លូវការ»។
លោកបានអះអាងថា នៅមានភាពមិនប្រក្រតីនិងបញ្ហាបាត់ឈ្មោះអ្នកបោះឆ្នោតនិងបញ្ហាមួយចំនួនទៀតដែលត្រូវរង់ចាំមើលដើម្បីបញ្ជាក់ថាកាបោះឆ្នោតនេះអាចទទួលយកបានឬយ៉ាង ណា។ …