គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកកញ្ចប់សុវត្ថិភាព “ ក” ចំនួនប្រាំបីនៅខេត្តកណ្តាល
កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បាន បើកកញ្ចប់សុវត្ថិភាព “ ក” នៅការិយាល័យបោះឆ្នោតចំនួនប្រាំបីនៅក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល ដោយយោងទៅតាមពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងដែលបានប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញជុំ វិញភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោតដែលបានកើតមានក្នុងខេត្ត នេះ។ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាតំណាងគណបក្សប្រជាជនកម្ពុជាបានមាន ប្រសាសន៍ថា កញ្ចប់រក្សាទុកឯកសារបោះឆ្នោតដែលគេហៅថា កញ្ចប់សុវត្ថិភាព “ក” ហើយដែលកញ្ចប់ទាំងនេះត្រូវបានបិទជិតបានល្អ ត្រឹមត្រូវនោះ បានបង្ហាញថា គ្មានភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោតនៅក្នុងក្រុងតាខ្មៅទេ។ លោក ព្រំ សុខា បានមានប្រសាសន៍ថា “ ការបើកកញ្ចប់សុវត្តិភាព “ ក” ទាំងនេះគឺដើម្បីបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតសម្រាប់ខេត្តកណ្តាលមានភាពត្រឹមត្រូវ ហើយនេះគឺជាយុត្តិធម៌ដែលគណបក្សសង្គ្រោះជាតិចង់បាន”។ បើទោះជាកញ្ចប់សុវត្ថិភាព “ក” ទាំងនេះត្រូវបានបិទជិតបានល្អក៏ដោយ ក៏កញ្ចប់សុវត្តិភាព“ ក” សម្រាប់ការិយាល័យបោះឆ្នោតលេខ ១១៨១ មានទម្រង់១១០៨ចំនួនពីរសន្លឹក ប៉ុន្តែគ្មានទម្រង់១១០២ទេ។ឯកសារទាំងនេះគឺជាទម្រង់ដែលត្រូវ បានប្រើ ដើម្បីរាប់សន្លឹកឆ្នោតសរុបនៅតាមការិយាល័យបោះឆ្នោតនីមួយៗ។ លោក ព្រំ សុខា មានប្រសាសន៍ថា ឧប្បត្តិហេតុនេះ គឺគ្រាន់តែជាកំហុសតូចតាចរបស់មន្ត្រី គ.ជ.ប. ប៉ុណ្ណោះ។ ប៉ុន្តែលោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ភាពមិនប្រក្រតីនេះមិនអាចព្រងើយកន្តើយបានទេ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនអាចទទួលយកករណីនេះបានទេ ពីព្រោះវាផ្ទុយនឹងច្បាប់” ដែលចែងថា ទម្រង់១១០២ត្រូវតែដាក់នៅក្នុងកញ្ចប់សុវត្តិភាពផងដែរនោះ។…