គ.ជ.ប ដាក់​បំរាម​នៅ​ថ្ងៃ​បោះ & រាប់​សន្លឹក​ឆ្នោត

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ចេញ​សេចក្ដី​ណែនាំ មួយ​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់ នូវ​វិធានការ​ការពារ​សន្ដិសុខ និង​បរិយាកាស​អព្យាក្រឹត ក្នុង​ការិយាល័យ​ពេល​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នាថ្ងៃ​ទី២៨ ខែ កក្កដា ខាង​មុខ​នេះ។ សេចក្ដី​ណែនាំ​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ បាន​ហាម​ដាច់​ខាត​ចំពោះ​ជន​ណា​ដែល​នាំ​មក​នូវ​ស្លាក​សញ្ញា​ឬ​សម្ភារ​ណាមួយ ដែល​បម្រើ​ឲ្យ​ការ​ឃោសនា​គណបក្ស​នយោបាយ រួម​ទាំង​លេខ​សម្គាល់​ណា​មួយ​របស់​គណបក្ស​នយោបាយ​ទោះ​ជា​បិទ​ឬ​សរសេរ​នៅ​ ជាប់​សម្លៀក​បំពាក់​ឬ​លើ​ផ្នែក​ណា​មួយ​នៃ​រាង​កាយ​រាប់​ទាំង​សក់​ក្បាល​ ជាដើម​ផង ចូល​មក​កាន់​ការិយាល័យ​បោះឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត បើ​ទោះ​ជា​ទីធ្លា​នៅ​បរិវេណ​ខាង​ក្រៅ​ការិយាល័យ​បោះឆ្នោត​ក្ដី។ សេចក្ដី​ណែនាំ​នេះ​ក៏​បាន​តម្រូវ​ឲ្យ​មន្ត្រី​នៅ​ការិយាល័យ​បោះឆ្នោត «អនុញ្ញាត» ឲ្យ​តំណាង​គណបក្ស​នយោបាយ​និង​អ្នក​សង្កេត​ការណ៍ ស្ថិត​នៅ​ជិត​ល្មម​ពី​ក្រោយ​អនុ​ប្រធាន​និង​លេខាធិការ​ដែល​អាច​មើល​ឃើញ​ ឯកសារ​បាន​ច្បាស់។ ជាមួយ​គ្នា​នេះ សមត្ថកិច្ច​នគរបាល​ជាតិ​រាប់​ពាន់​នាក់​ក៏​បាន​ត្រៀម​លក្ខណៈ​រួច​ជាស្រេច ដើម្បី​ការពារ​សន្តិសុខ នា​ថ្ងៃ​បោះ​និង​រាប់​សន្លឹក​ឆ្នោត។…

​ឃុត សុភចរិយា
http://www.postkhmer.com/index.php/national/1-national-news/101338--a-