គ.ជ.ប.បង្ហាញ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​ឆ្នាំ​២០១៣

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​បង្ហាញ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត រិះគន់​ចំពោះ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​រៀប​ចំ​ឡើង​ដោយ គ.ជ.ប និង​ស្នើសុំ​ឲ្យ​មាន​ការ​កែប្រែ ទើប​អាច​ធានា​ចំពោះ​ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​មាន​ភាព​ត្រឹមត្រូវ។ ពលរដ្ឋ​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ​ចំនួន​ជាង ៦​ម៉ឺន ៨​ពាន់​នាក់ (៦៨.៦៨២​នាក់) បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១១ ខែ​តុលា។ លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ចេញ​ដោយ គ.ជ.ប នៅ​ថ្ងៃ​ទី​១២ ខែ​តុលា បង្ហាញ​ថា នៅ​រាជធានី​ខេត្ត​ទាំង​២៤ គ.ជ.ប បាន​កែ​តម្រូវ​ឈ្មោះ​ក្នុង​បញ្ជី​ឆ្នោត​ចំនួន​ជាង ៦​ពាន់​នាក់ (៦.៣៩៤​នាក់) និង​បាន​លុប​ឈ្មោះ​ក្នុង​បញ្ជី​ឆ្នោត​ចំនួន​ជាង ២​ម៉ឺន ២​ពាន់​នាក់ (២២.២៧៨​នាក់)។ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ពន្យល់​ថា ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី ការ​លុប​ឈ្មោះ និង​ការ​កែ​តម្រូវ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ជា​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ដែល​ត្រូវ​ធ្វើ​ឡើង​ជា​រៀង​ រាល់​ឆ្នាំ៖ «យើង​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​នេះ គឺ​ទី​១ ដក​ឈ្មោះ​ដែល​ត្រូវ​បាត់​បង់​សិទ្ធិ​ក្នុង​បញ្ជី​ឈ្មោះ​នៅ​តាម​ឃុំ​សង្កាត់ ហើយ​ទី​២ គឺ​កែ​តម្រូវ គឺ​ដោយសារ​តែ​ការ​កាត់​ឈ្មោះ ដោយ​ឃុំ​សង្កាត់​សរសេរ​ដោយ​ដៃ អ៊ីចឹង​ទេ មក​បញ្ចូល​ទិន្នន័យ​នេះ​ធ្វើ​ជា​បញ្ជី​ឲ្យ​គាត់​ពិនិត្យ​មើល ឲ្យ​គាត់​កែ​តម្រូវ គាត់​អត់​បាន​កែ​តម្រូវ​រហូត​ដល់​ពេល​បោះ​ឆ្នោត ឬ​ពេល​ណា​មួយ​ដែល​មក​មើល​បញ្ជី​គាត់​ដឹង​ឈ្មោះ​គាត់​មិន​ត្រឹមត្រូវ សរសេរ​អក្ខរាវិរុទ្ធ​ខុស គាត់​សុំ​កែ គាត់​កែ​តម្រូវ​រហូត​មក​ដល់​ថ្ងៃ​នេះ គឺ​បាន​ជាង ៦​ពាន់​នាក់»។…

ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/nec-release-first-report-of-voter-registration-10122013061025.html