បក្សសង្គ្រោះជាតិប្រកាសបន្តធ្វើមហាបាតុកម្មរហូតមានដំណោះស្រាយ
មហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ លើកទី២ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ដែលមានមនុស្សចូលរួមរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។
មហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បានចាប់ផ្ដើមដូចការរំពឹងទុកនៅព្រឹក ថ្ងៃទី១៥ ខែកញ្ញា នេះ នៅទីលានប្រជាធិបតេយ្យ។ ពលរដ្ឋជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមាណ ១០ម៉ឺននាក់ បានធ្វើដំណើរមកពីគ្រប់ទិសទីក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដើម្បីចូលរួមមហាបាតុកម្មនេះ។
ចាប់តាំងពីព្រឹកព្រលឹម មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី និងលោក កឹម សុខា បានដឹកនាំអ្នកគាំទ្រជាច្រើនពាន់នាក់ដើរចេញពីទីកន្លែងផ្សេង គ្នាទៅកាន់ទីលានប្រជាធិបតេយ្យ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកនាង ទេព សុរ៉ាវី ពីទីលានប្រជាធិបតេយ្យ៖
នៅក្នុងពេលហែក្បួនបាតុកម្មនៅព្រឹកនេះដែរ ក្រុមបាតុករដែលដឹកនាំដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានជួបការរារាំងមួយនៅគល់ស្ពានអាកាសក្បាលថ្នល់។ នៅទីនោះកម្លាំងកងរាជអាវុធហត្ថបានដាក់រនាំងលួសបន្លាជាច្រើនជាន់ មិនអនុញ្ញាតអោយអ្នកណាម្នាក់បានឆ្លងកាត់ស្ពានអាកាស ឬឆ្លងចូលក្នុងមហាវិថីព្រះនរោត្ដម។ ក្រុមបាតុករបានងាកទៅដើរតាមផ្លូវព្រះមុនីវង្សវិញ។ ចំណែកក្បួនដែលដឹកនាំដោយលោក កឹម សុខា ពុំមានការរារាំងទេ។ យ៉ាងណានៅតាមដងផ្លូវ លោក កឹម សុខា បានទៅជួបសួរសុខទុក្ខកម្លាំងសមត្ថកិច្ចដែលការពារសុវត្ថិភាព។
ពេលទៅដល់ទីលានប្រជាធិបតេយ្យ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានថ្លែងអំណរគុណអ្នកគាំទ្ររបស់ខ្លួន និងបានលើកទឹកចិត្តពួកគេអោយមានភាពក្លាហានក្នុងការស្វែងរកភាព យុត្តិធម៌ក្នុងការបោះឆ្នោត។ អ្នកទាំងពីរនៅតែប្រកាសមិនចូលរួមក្នុងការចរចាបែងចែកអំណាចជា មួយគណបក្សប្រជាជនកម្ពុជា ឡើយ គឺចង់បានការស៊ើបអង្កេតរកយុត្តិធម៌អោយម្ចាស់ឆ្នោត។…
http://www.rfa.org/khmer/news/politics/cnrp-second-massive-protest-09142013211646.html