ព្រះមហាក្សត្រ បដិសេធ​លិខិត​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ពន្យារពេល​ប្រជុំ​សភា​​

ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី បដិសេធ​លិខិត​ស្នើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ពន្យារ​ពេល​ការប្រជុំ​សភា ដោយ​ស្នើឲ្យ​តំណាងរាស្ត្រ​គណបក្ស​ទាំង​៥៥​រ​រូប ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា ខាងមុខ​។​ ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ឡាយព្រះហត្ថលេខា​នៅ​ថ្ងៃទី​១៨​ខែ​កញ្ញា ឆ្នាំ​២០១៣ ឲ្យដឹងថា យោងតាម​មាត្រា ៨២​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ព្រះអង្គ នឹង​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​សម័យប្រជុំ​សភា​ដំបូង​នៃ​រដ្ឋសភា នីតិកាល​ទី​៥ ដូច​មានចែង​ក្នុង​ព្រះរាជសារ​អញ្ជើញ​ប្រជុំ ចុះ​ថ្ងៃ​ទី​១៤​ខែ​កញ្ញា​។ ព្រះរាជសារ​បន្ត​ថា សូម​តំណាងរាស្ត្រ​ទាំងអស់ អញ្ជើញ​ចូលរួម​ក្នុង​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា ដើម្បី​បង្ហាញ​នូវ​ការរួបរួម និង​ឯកភាព​ជាតិ​។ ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ជា​ការឆ្លើយតប​នឹង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សុំ​ពន្យារពេល​ថ្ងៃ​ប្រជុំ​សភា ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ជាមុនសិន​។ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាលពី​ថ្ងៃ​អង្គារ ព្រមាន​ថា គណបក្ស​ប្រឆាំង​នឹង​ធ្វើ​មហា​បាតុកម្ម​លើក​ទី​បី ប្រសិន​បើ​​មាន​ការ​បើកប្រជុំ​សភា​នៅ​ថ្ងៃទី​២៣​កញ្ញា ដោយ​មិន​មាន​ដំណោះស្រាយ​សមរម្យ​ជាមុនសិន​។​…

ស៊ុន ណារិន​
http://vodhotnews.com/16177