យុវជន​មួយ​ចំនួន​ប្រតិកម្ម​នឹង​ការ​រិះគន់​យុវជន​តាម​កញ្ចក់​ទូរទស្សន៍

នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​នីតិកាល​ទី៥ នេះ គេ​សង្កេត​ឃើញ​យុវជន​ខ្លះ​ចូលរួម​ដោយ​ការ​បង្ខិតបង្ខំ ឬ​គំនាប និង​យុវជន​ខ្លះ​ទៀត ចូលរួម​ដោយ​ឆន្ទៈ និង​ដោយ​ស្ម័គ្រចិត្ត។ ផ្ទុយ​ទៅ​វិញ នា​ពេល​ថ្មីៗ​នេះ បណ្ដាញ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន បាន​ចាក់​ផ្សាយ​រូបភាព​វីដេអូ​ឯកសារ​ស្ដីពី​សកម្មភាព​យុវវ័យ​ក្នុង​ការ​ គាំទ្រ​គណបក្ស​នយោបាយ​ផ្សេងៗ។ រូបភាព​វីដេអូ​ដែល​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ឯកជន​ក្នុង​ ស្រុក ភាគ​ច្រើន​បាន​រិះគន់​វាយ​ប្រហារ​ចំពោះ​យុវជន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ ជាតិ តែ​ប៉ុណ្ណោះ។ តើ​យុវជន​មាន​ប្រតិកម្ម​យ៉ាង​ណា ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ? នា​ពេល​ថ្មីៗ​កន្លង​មក​នេះ បណ្ដាញ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន បាន​ចាក់​ផ្សាយ​វីដេអូ​ឯកសារ​មួយ​ស្ដីពី​សកម្មភាព​យុវវ័យ ក្នុង​ការ​គាំទ្រ​គណបក្ស​នយោបាយ ដោយ​ធ្វើ​ការ​បរិហារ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ផ្ដោត​តែ​ទៅ​លើ​តែ​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​រដ្ឋាភិបាល​ ប៉ុណ្ណោះ។ ការ​ចាក់​ផ្សាយ​វីដេអូ​បែប​នេះ បាន​ធ្វើ​អោយ​យុវជន​ទូទៅ ជា​ពិសេស​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រតិកម្ម​មិន​ពេញ​ចិត្ត​នឹង​ការ​ចោទ​ប្រកាន់ ឬ​វាយ​ប្រហារ​កិត្តិយស​របស់​ពួក​គេ​នោះ ហើយ​ថា​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​នោះ បាន​ផ្សាយ​ភាព​លម្អៀង​ទៅ​រក​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន ដែល​ជា​បក្ស​កំពុង​កាន់​អំណាច។ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ យុវជន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ចូលរួម​ស្ទើរ​គ្រប់​សកម្មភាព​ក្នុង​គណបក្ស​នយោបាយ។ យុវជន​មួយ​ចំនួន​ត្រូវ​គេ​រក​ឃើញ​ថា ចូលរួម​ដោយ​ការ​បង្ខិតបង្ខំ ឬ​ដោយ​គំនាប​នយោបាយ ទិញ​ទឹក​ចិត្ត ចំណែក​យុវជន​មួយ​ចំនួន​ទៀត ចូលរួម​ដោយ​ឆន្ទៈ​ស្ម័គ្រចិត្ត។ និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សកលវិទ្យាល័យ ខេមរៈ កញ្ញា ម៉ាឡែន បាន​បង្ហាញ​ទស្សនៈ​ទាំង​អស់​សំណើច បន្ទាប់​ពី​បាន​មើល​រូបភាព​វីដេអូ​ស្ដីពី​សកម្មភាព​របស់​យុវជន​ដែល​អ្នក​ អត្ថាធិប្បាយ​ទូរទស្សន៍​អះអាង​ថា ជា​យុវជន​សង្គ្រោះ​ជាតិ តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក។ កញ្ញា​ពិត​ជា​ហួស​ចិត្ត និង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ចំពោះ​វីដេអូ​នេះ។ កញ្ញា ម៉ាឡែន បាន​បន្ថែម​ទៀត​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ភាគ​ច្រើន ពិត​ជា​មាន​ភាព​លម្អៀង ដោយសារ​អ្វី​ដែល​គាត់​បាន​ឃើញ​មិន​មែន​ជា​ប្រភព​ជាក់ស្តែង​នោះ​ទេ ការ​ពិត​ជាក់ស្តែង គាត់​ក៏​បាន​សង្កេត​ឃើញ​តថភាព​ទាំងអស់​នេះ​ដែរ ប៉ុន្តែ​មិន​មែន​មក​ពី​យុវជន​ទាំង​នោះ​ចង់​ឈ្លោះ​ទាស់ទែង​នោះ​ទេ។ កញ្ញា ម៉ាឡែន បន្ត​ថា ការ​បង្ហាញ​ទង្វើ​អវិជ្ជមាន ឬ​ភាព​ខ្វះ​ចន្លោះ​របស់​យុវជន​ទាំង​នោះ ជា​ការ​រៀបចំ​ទុក​មុន ហើយ​ការ​បង្ហាញ​បែប​នេះ​អាច​ប៉ះពាល់​ដល់​កិត្តិយស​របស់​យុវជន​ទៅ​ថ្ងៃ​មុខ។ និស្សិត​ផ្នែក​សង្គម​វិជ្ជា​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ពិន សុវណ្ណ ក៏​បាន​បង្ហាញ​ការ​សរសើរ និង​ភាព​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​អវិជ្ជមាន​ទាំងអស់​របស់​យុវជន​ទាំង​នោះ​ ដែរ។ ម៉្យាង​វិញ​ទៀត ទង្វើ​ទាំងអស់​នេះ​វា​អាច​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​លើ​ខ្លួន​គាត់​ផ្ទាល់ និង​យុវជន​ដទៃ​ទៀត។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក សុវណ្ណ បាន​បង្ហាញ​ពី​ភាព​ស្រពិចស្រពិល បន្ទាប់​ពី​មើល​វីដេអូ​នេះ ដែល​គាត់​បាន​ទទួល​ពី​មិត្តភ័ក្ដិ​ចែក​ចាយ​គ្នា​តាម​រយៈ​ទូរស័ព្ទ​ដៃ។ ស្ថិត​ក្នុង​វ័យ​ប្រមាណ​ជិត ៥០​ឆ្នាំ អ្នកស្រី សំអឿន ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ យល់​ឃើញ​ថា ទូរទស្សន៍​ក្នុង​ស្រុក គួរ​ចាក់​ផ្សាយ​សកម្មភាព​យុវជន​គាំទ្រ​គណបក្ស​នយោបាយ​ធំៗ​ទាំង​សង​ខាង បើ​ប្រទេស​កម្ពុជា ប្រកាន់​របប​ប្រជាធិបតេយ្យ។ ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ​ដែរ បណ្ដាញ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ អគ្គនាយក​ទូរទស្សន៍ ស៊ី.ធី.អិន (CTN) លោក សោម ឆាយា បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា អោយ​បញ្ចាំង​ទាំង​សង​ខាង​យ៉ាង​ម៉េច បើ​ម្ខាង​ទៀត​គេ​គ្មាន​ធ្វើ​អ្វី​ខុស​ផង។ លោក សោម ឆាយា បាន​បន្ថែម​ថា ការ​ចាក់​ផ្សាយ​នេះ​ចង់​បង្ហាញ​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​គិត​ពិចារណា ហើយ​ដើម្បី​អោយ​យុវជន​ទាំង​នោះ​ដឹង​ខ្លួន​ផង ថា​ពួក​គេ​មិន​គួរ​ធ្វើ​ទង្វើ​អ្វី​ផ្ដេសផ្ដាស​នោះ​ទេ។…

http://www.rfa.org/khmer/news/politics/youth-reaction-to-video-on-tv-07262013042727.html