សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​គំរាម​កំហែង​ទៅ​លើ​សកម្មជន​បក្ស​នយោបាយ

សង្គម​ស៊ីវិល​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង បំភិត​បំភ័យ ដែល​អាជ្ញាធរ​មូលដ្ឋាន​នៅ​កន្លែង​មួយ​ចំនួន​ធ្វើ​ទៅ​លើ​សកម្មជន ឬ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ សេចក្តី​ថ្លែងការណ៍ ការ​គំរាម​កំហែង ឬ​បំភ័យ​ណា​មួយ​នោះ ជា​ទង្វើ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ ក្នុង​សង្គម​ប្រជាធិបតេយ្យ។ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី៥ ខែ​សីហា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​អំពាវនាវ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​គណបក្ស ចេញ​សេចក្តី​ណែនាំ​ជា​សាធារណៈ ទៅ​អ្នក​គាំទ្រ​របស់​ខ្លួន និង​អាជ្ញាធរ​មូលដ្ឋាន កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​បង្ក​ការ​ភ័យ​ខ្លាច ភាព​រំជើបរំជួល​ក្នុង​សង្គម ដែល​អាច​ប៉ះពាល់​ដល់​ការ​សាមគ្គី និង​ភាព​សុខដុម​នៃ​សង្គម​ទាំង​មូល ក្នុង​ពេល​ដែល​កម្ពុជា នឹង​រៀបចំ​រាជ​រដ្ឋាភិបាល​ថ្មី​នា​ពេល​ខាង​មុខ។ សមាជិក​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក (Adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា បរិយាកាស​ក្រោយ​ការ​បោះ​ឆ្នោត​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ទេ ដោយសារ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មួយ​ចំនួន​ដែល​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ រង​នូវ​ការ​បំភ័យ​ពី​អាជ្ញាធរ​ភូមិ​ឃុំ និង​ពី​ក្រុម​ការងារ​ពង្រឹង​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​មាន​សមត្ថកិច្ច​ក្នុង​កិច្ច​ការពារ​ពលរដ្ឋ​ទូទៅ មិន​មែន​ជា​អ្នក​បម្រើ​បក្ស​កាន់​អំណាច​ឡើយ។ លោក​បញ្ជាក់​ថា ពេល​ដែល​លទ្ធផល​បណ្ដោះ​អាសន្ន​មិន​ទាន់​បាន​បង្ហាញ​ដោយ គ.ជ.ប ហេតុ​នេះ​ការ​រក្សា​សន្តិសុខ​សង្គម និង​ទប់ស្កាត់​រាល់​ការ​គំរាម​កំហែង​ទៅ​លើ​ពលរដ្ឋ​ជា​ប្រការ​ចាំ​បាច់ ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​អនុវត្ត៖ «ខ្ញុំ​ចង់​ជម្រាប​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បញ្ឈប់​ការ​រើសអើង ត្រូវ​ចាំ​ថា យន្តការ​នៃ​ការ​បោះ​ឆ្នោត ធ្វើ​ឡើង​ដើម្បី​រើស​មេ​ដឹក​នាំ​ដោយ​អហិង្សា មិន​មែន​ធ្វើ​សង្គ្រាម​ប្រឆាំង​គ្នា​ទេ ហើយ​អាជ្ញាធរ​មូលដ្ឋាន​មាន​តួនាទី​ការពារ​ពលរដ្ឋ​ទូទៅ មិន​មែន​ការពារ​តែ​ពលរដ្ឋ​បក្ស​ខាង​ណា​មួយ​នោះ​ទេ»។…

http://www.rfa.org/khmer/news/politics/NGOs-worry-about-threatening-after-election-result-release-08052013084916.html