សង្គម​ស៊ី​វិល​​បន្ត​​អំពាវ​នាវ​​ឲ្យ​​គណ​បក្ស​​នយោបាយ​​ធំៗ​​ទាំងពីរ​​ជួប​​ចរចារគ្នា​​ជា​បន្ទាន់​​

បន្ទប់​ស្ថានការណ៍​ដែល​តំណាង​ឲ្យ​សង្គម​ ស៊ីវិល​ជាង៤០ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​អំពាវនាវ​ឲ្យ​គណបក្ស​ន​យោ​យ​បាយដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា ជួបចរចា​គ្នា​ជាបន្ទាន់ និង​ដោយ​អត់ធ្មត់​​ជាអតិបរមា​​តាម​ដែល​អាចធ្វើ​ ទៅបាន ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ​នៅ​កម្ពុជា ក្រោយ​ការបោះឆ្នោត។ ជាការ​អំពាវនាវ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង ការបញ្ចៀស​ការជាប់គាំង​នយោបាយ និង​ទប់ស្កាត់​ការ​ប្រទូស​រ៉ាយ​​គ្នា​​​ក្នុងសង្គម នាពេល​អនាគត​ខាងមុខ។

ការអំពាវនាវ​ឲ្យ​មានការ​ជួបប្រជុំ​រវាង​អ្នកនយោបាយ​កំពូល ​ដើម្បី​ ដោះស្រាយ​បញ្ហា​ជាប់គាំង​ដោយ​សន្តិវិធី​ឲ្យ​បាន​ឆាប់​នេះ​ បាន​ធ្វើឡើង​ ក្រោយពី​អង្គកា​រ​សង្គម​ស៊ីវិល​ទាំងអស់នោះ​យល់ឃើញថា ស្ថាន​ការ​ណ៏​នយោបាយ​នៅក្រោយ​ការបោះឆ្នោត​ មាន​សភាព​កាន់តែ​តានតឹង និង​ស្មុគស្មាញ​កាន់តែច្រើនឡើងៗ ខណៈដែល​ការជួប​ចរចា​រវាង​តំណាង​គណបក្ស​នយោបាយ​​ដែល​ឈ្នះឆ្នោត​ទាំង​ពីរ បាន​ ជួប​បរាជ័យ​យ៉ាងតិច​ចំនួន​បី​លើក​រួចមកហើយ​នោះ។ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី០២ ខែកញ្ញា​នះ លោក ធន សា​រ៉ា​យ ប្រធាន​គណៈកម្មាធិការ​នាយក​ខុមហ្វ្រែល ថ្លែង​អំពាវនាវ​ថា យើង​សូម​ឲ្យ​មានការ​ជួបប្រជុំគ្នា​ជាបន្ទាន់​រវាង​ថ្នាក់ដឹកនាំ​នយោបាយ​ កំពូល ​នៃ​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ​ឲ្យ​បាន​ឆាប់​ដែល​អាចធ្វើ​ទៅបាន ដែល​នេះ​ជា​ជម្រើស​ប្រសើរ​បំផុត សម្រាប់​ដោះស្រាយ​បញ្ហានយោបាយ​ដែល​កំពុង​បន្ត​ឡើងក​ម្តៅ និង​មាន​ភាព​តានតឹង​នៅពេលនេះ។ លោក ធន់ សា​រ៉ា​យ បាន​បន្ត​អំពាវនាវ​ថា នៅពេលនេះ គួរ​អ្នកនយោបាយ​មាន​ភាព​អត់ធ្មត់ ដោយ​បន្ថយកម្តៅ​វោហា​ស័ព្ទ​នយោបាយ ​ដែល​ងាយ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា ការបន្ថយ​ការ​ចល័ត​ទ័ព និង​អាវុធ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច ការចរចា​គ្នា​ឲ្យ​បានជា​អតិបរមា ដោយ​យក​ប្រយោជន៍​ជាតិ​ជាធំ​ ខ្ពស់ជាង​ប្រ​យោ​ជ​ន៏​របស់​គណបក្ស​ខ្លួន។…

http://www.khmer.rfi.fr/NGO-asked-cpp-and-cnrp-to-discuss