អ្នក​វិភាគ​ថា​បក្ស​ជំទាស់​រក​អន្តរាគមន៍​​ពី​អន្តរជាតិ​ជា​រឿង​ត្រឹមត្រូវ

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​ស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​អន្តរាគមន៍​ក្នុង​រឿង​ជម្លោះ​នយោបាយ​នៅ​កម្ពុជា។ បក្ស​ប្រឆាំង​បាន​ហៅ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​ទើប​បង្កើត​ថា ជា​រដ្ឋាភិបាល​ខុស​ច្បាប់ តាម​រយៈ​រដ្ឋ​ប្រហារ​ច្បាប់​រដ្ឋធម្មនុញ្ញ ហើយ​ទទូច​ឲ្យ​អង្គការ​សហប្រជាជាតិ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ កុំ​ទទួល​ស្គាល់។ អ្នក​វិភាគ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​អះអាង​ថា ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​អន្តរជាតិ​របស់​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង គឺ​ជា​សកម្មភាព​ស្រប​ច្បាប់ និង​ជា​ទង្វើ​ធម្មតា​របស់​ប្រទេស​នីមួយៗ​ក្នុង​ពិភពលោក រាប់​ទាំង​ប្រទេស​កម្ពុជា​ផង។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បញ្ជាក់​ថា ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង បាន​ព្យាយាម​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​យក​ឈ្នះ​រៀងៗ​ខ្លួន និង​ចង់​បាន​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ថា ទង្វើ​របស់​ខ្លួន​មាន​ភាព​ស្រប​ច្បាប់៖ «ខ្ញុំ​គិត​ថា នេះ​ជា​តួនាទី​របស់​គណបក្ស​ប្រឆាំង​ហើយ ប្រទេស​ណា​ក៏​ដូច​ជា​ប្រទេស​ណា​អ៊ីចឹង។ ក្រៅ​ពី​ការ​ធ្វើ​បាតុកម្ម គឺ​គេ​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ។ កាយវិការ​និង​សេចក្ដី​ថ្លែងការណ៍​ពុំ​មែន​ខុស​ច្បាប់​ទេ គឺ​ដើម្បី​ស្វែង​រក​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ផ្នែក​នយោបាយ​ប្រកប​ដោយ​តម្លាភាព។ គណបក្ស​ប្រជាជន ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ និង​យុទ្ធសាស្ត្រ​ធំៗ ដើម្បី​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រឆាំង ហើយ​គណបក្ស​ប្រឆាំង​ក៏​ប្រើ​អំណាច​ពលរដ្ឋ​និង​អំណាច​សហគមន៍​អន្តរជាតិ​ ដើម្បី​ដាក់​សម្ពាធ…»។…

ម៉ៅ សុធានី
http://www.rfa.org/khmer/news/politics/opposition-strategies-for-foreign-supports-10092013011842.html