អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ព័ត៌មាន​ទិន្នន័យ​ថ្មី​ស្តី​ពី​ការ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ ដើម្បី​លើកកម្ពស់​ការ​ទទួល​បាន​ព័ត៌មាន​តាមដាន​ព្រៃឈើ​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៦​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដោយ​មានការ​គាំទ្រ​ពី​អង្គការ​ជំនួយ​នៃ​ប្រជាពលរដ្ឋ​ន័​រវេ​ស​ Global​ Forest​ Watch​ (GFW)​ និង​មូលនិធិ​ហេ​ន​រេច​បូល​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​រៀបចំ​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ ព័ត៌មាន​ទិន្នន័យ​ថ្មី​ស្តី​ពី​ការ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ ក្រោម​ប្រធានបទ​ «​លើកកម្ពស់​ការ​ទទួល​បាន​ព័ត៌មាន​ និង​ការ​ជូនដំណឹង​អំពី​ការ​តាមដាន​ព្រៃឈើ​នៅ​កម្ពុជា​»​។​ កម្មវិធី​នេះ​មាន​អ្នកចូលរួម​សរុប​ ៤៦​នាក់​ (​ស្ត្រី​ ១៩​នាក់​)​ ដែល​ជា​តំណាង​មក​ពី​អង្គការ​សង្គម​ស៊ី​វិល​ អង្គការ​សហគមន៍​មូលដ្ឋាន​ តំណាង​ជនជាតិ​ដើម​ភាគតិច​ សហគមន៍​មូលដ្ឋាន​ គ្រឹះស្ថានឧត្តមសិក្សា​ ដៃគូ​អភិវឌ្ឍន៍​ និង​អ្នក​សារព័ត៌មាន​ ដើម្បី​ពិភាក្សា​អំពី​របៀប​ដែល​ទិន្នន័យ​បើក​ទូលាយ​ និង​បច្ចេកវិទ្យា​ព័ត៌មាន​ភូមិសាស្ត្រ​គាំទ្រ​ដល់​ការ​អភិរក្ស​ព្រៃឈើ​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។​

May be an image of one or more people and text

ព័ត៌មាន​ទិន្នន័យ​ថ្មី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ការ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ក្នុង​រយៈពេល​ជិត​ជាក់ស្តែង​ តាម​រយៈ​កម្មវិធី​តេ​លេ​ក្រាម​ ដោយ​ផ្អែក​លើ​តំបន់​ដែល​អ្នក​ប្រើប្រាស់​ចាប់អារម្មណ៍​។​ តាម​រយៈ​ការ​រួម​បញ្ចូល​ទិន្នន័យ​ពី​ប្រព័ន្ធ​តាមដាន​ព្រៃឈើ​ដោយ​ផ្កាយ​រណប​របស់​ Global​ Forest​ Watch​ (GFW),​ JICA-JAXA​ Forest​ Early​ Warning​ System​ in​ the​ Tropics​ (JJ-FAST)​ និង​ SERVIR-Southeast​ Asia​ (SERVIR-SEA)​ ព័ត៌មាន​ទិន្នន័យ​នេះ​នឹង​គាំទ្រ​ការ​ទទួល​បាន​ព័ត៌មាន​អំពី​ការ​តាមដាន​ព្រៃឈើ​កាន់តែ​ងាយស្រួល​សម្រាប់​សហគមន៍​ និង​អង្គការ​នានា​ដែល​កំពុង​បំពេញការងារ​ក្នុង​ការ​ការពារ​ និង​អភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា​។​

May be an image of studying, children's toy and text

គាំទ្រ​អភិបាលកិច្ច​ព្រៃឈើ​ដោយ​ផ្អែក​លើ​ភស្តុ​តាង​

នៅ​ក្នុង​សុន្ទរកថា​ស្វាគមន៍​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​អ្នកចូលរួម​ និង​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អូ​ឌី​ស៊ីក្នុង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ លោក​បាន​លើក​ឡើង​ថា​ ការ​ទទួល​បាន​ព័ត៌មាន​បរិស្ថាន​ដែល​អាច​ទុកចិត្ត​បាន​ មាន​ភាព​ងាយស្រួល​ និង​ទាន់​ពេលវេលា​ គឺជា​កត្តា​សំខាន់​សម្រាប់​ពង្រឹង​ការ​សម្រេចចិត្ត​ដោយ​ផ្អែក​លើ​ភស្តុ​តាង​ បង្កើន​តម្លាភាព​ និង​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​កាន់តែ​សកម្ម​ពី​សហគមន៍​ក្នុង​ការ​ការពារ​ព្រៃឈើ​ និង​ធនធានធម្មជាតិ​របស់​កម្ពុជា​។​

May be an image of text

នៅ​ក្នុង​សុន្ទរកថា​បើក​កម្មវិធី​ លោក​ Hans​ Peter​ Risser​ នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ជំនួយ​នៃ​ប្រជាពលរដ្ឋ​ន័​រវេ​ស​ បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​កិច្ចសហការ​ ការ​ច្នៃប្រឌិត​ និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បាត់បង់​ព្រៃឈើ​ និង​ការ​ពង្រឹង​អភិបាលកិច្ច​បរិស្ថាន​។​ បច្ចេកវិទ្យា​ និង​ទិន្នន័យ​បើក​ទូលាយ​មាន​សក្តានុពល​យ៉ាង​ខ្លាំង​ក្នុង​ការ​ពង្រឹងសមត្ថភាព​របស់​សហគមន៍​ អង្គការ​សង្គម​ស៊ី​វិល​ និង​ស្ថាប័នរដ្ឋ​ក្នុង​ការ​តាមដាន​ព្រៃឈើ​ និង​ឆ្លើយ​តប​ចំពោះ​បញ្ហា​បរិស្ថាន​ប្រកបដោយ​ប្រសិទ្ធភាព​ និង​កិច្ចសហការ​។​ លោក​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ពង្រឹង​កិច្ចសហការ​ ដើម្បី​ធានា​ថា​ព័ត៌មាន​តាមដាន​ព្រៃឈើ​អាច​យក​ទៅ​ប្រើប្រាស់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិរក្ស​ព្រៃឈើ​ និង​អភិបាលកិច្ច​បរិស្ថាន​។​

May be an image of text

​ណែនាំ​អំពី​ព័ត៌មាន​ទិន្នន័យ​ថ្មី​ស្តី​ពី​ការ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​

​ក្នុង​វគ្គ​បទ​បង្ហាញ​បច្ចេកទេស​ទី​មួយ​ អ្នកស្រី​ គឹ​ម​ ឈួ​ន​វួ​ច​ អ្នកសម្របសម្រួល​កម្មវិធី​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ នៃ​អូ​ឌី​ស៊ី​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​សាវតា​ ដំណើរការ​អភិវឌ្ឍ​ គោលបំណង​ និង​អ្នក​ប្រើប្រាស់​គោលដៅ​នៃ​ព័ត៌មាន​ទិន្នន័យ​ថ្មី​នេះ​។​

May be an image of studying and text

អ្នកស្រី​បាន​បញ្ជាក់​ថា​ ទោះបី​កម្ពុជា​មាន​ប្រព័ន្ធ​តាមដាន​ព្រៃឈើ​អន្តរជាតិ​ជា​ច្រើន​ក៏​ដោយ​ ក៏​ភាគី​ពាក់ព័ន្ធ​នៅ​ថ្នាក់​មូលដ្ឋាន​ជា​ច្រើន​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ និង​ប្រើប្រាស់​ព័ត៌មាន​ភូមិសាស្ត្រ​សម្រាប់​ការ​សម្រេចចិត្ត​ជាក់ស្តែង​។​ ដូច្នេះ​ អូ​ឌី​ស៊ី​បាន​អភិវឌ្ឍ​ព័ត៌មាន​ទិន្នន័យ​ថ្មី​នេះ​ឡើង​ ដើម្បី​ធ្វើ​ឱ្យ​ការ​ទទួល​បាន​ព័ត៌មាន​កាន់តែ​ងាយស្រួល​ តាម​រយៈ​ចំណុច​ប្រទាក់​ដែល​ងាយស្រួល​ប្រើប្រាស់​ និង​ការ​ជូនដំណឹង​ជា​ភាសា​ខ្មែរ​តាម​រយៈ​តេ​លេ​ក្រាម​។​

May be an image of text

​ស្វែង​យល់​ពី​បច្ចេកវិទ្យា​ដែល​នៅ​ពីក្រោយ​ព័ត៌មាន​ទិន្នន័យ​

លោក​ ចាន់​ថង​ន៍​ បូ​រ៉ា​មី​ ទីប្រឹក្សា​ផ្នែក​ព័ត៌មាន​ភូមិសាស្ត្រ​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ប្រភព​ទិន្នន័យ​ និង​រចនាសម្ព័ន្ធ​បច្ចេកទេស​របស់​ថ្នាល​ព័ត៌មាន​។​
​លោក​បាន​ពន្យល់​អំពី​ដំណើរការ​អភិវឌ្ឍ​ព័ត៌មាន​ទិន្នន័យ​ ការ​បង្កើត​ការ​ជូនដំណឹង​ និង​របៀប​ដែល​អ្នក​ប្រើប្រាស់​អាច​ទទួល​បានការ​ជូនដំណឹង​ ដោយ​ផ្អែក​លើ​តំបន់​ដែល​ពួក​គេ​បាន​ជ្រើសរើស​។​ អ្នកចូលរួម​ក៏​បាន​ស្វែង​យល់​អំពី​ ការ​ជូនដំណឹង​បច្ចុប្បន្ន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​វដ្ត​នៃ​ផ្កាយ​រណប​ ហើយ​ជា​ទូទៅ​អាច​ផ្តល់​ព័ត៌មាន​ក្នុង​រយៈពេល​ប្រមាណ​ ១២–១៥​ ថ្ងៃ​ បន្ទាប់​ពី​ការ​រំខាន​ព្រៃឈើ​ត្រូវ​បាន​រក​ឃើញ​។​

May be an image of text

​ការ​បង្ហាញ​ផ្ទាល់​ និង​ការ​អនុវត្ត​ជាក់ស្តែង​

លោក​ សំ​អាន​ ម៉ារ​ឌី​ ប្រធាន​ផ្នែក​ព័ត៌មានវិទ្យា​ និង​គ្រប់គ្រង​គេហទំព័រ​នៃ​អូ​ឌី​ស៊ី​ បាន​ធ្វើការ​បង្ហាញ​ផ្ទាល់​អំពី​ការ​ប្រើប្រាស់​ថ្នាល​ព័ត៌មាន​ដោយ​ណែនាំ​អំពី​មុខងារ​សំខាន់ៗ​របស់​ប្រព័ន្ធ​។​ ក្នុង​វគ្គ​អនុវត្ត​ជាក់ស្តែង​ អ្នកចូលរួម​បាន​សិក្សា​ពី​របៀប​៖

  • ចូល​ប្រើ​ព័ត៌មាន​ទិន្នន័យ​
  • កំណត់​តំបន់​ដែល​ចាប់អារម្មណ៍​
  • ភ្ជាប់​ និង​ទទួល​ការ​ជូនដំណឹង​តាម​តេ​លេ​ក្រាម​
  • មើល​ព័ត៌មាន​អំពី​ការ​រំខាន​ព្រៃឈើ​លើ​ផែនទី​អន្តរ​កម្ម​
  • ស្វែងរក​ទិន្នន័យ​ប្រវត្តិសាស្ត្រ​អំពី​ការ​រំខាន​ព្រៃឈើ​

May be an image of text

​អ្នកចូលរួម​បាន​ចូល​ប្រើប្រាស់​ប្រព័ន្ធ​ជូនដំណឹង​តាម​តេ​លេ​ក្រាម​ និង​បាន​កំណត់​តំបន់​របស់​ខ្លួន​ដោយ​ជោគជ័យ​។​

May be an image of studying and text

​ការ​ពិភាក្សា​យ៉ាង​សកម្ម​ និង​មតិយោបល់​ដ៏​មាន​តម្លៃ​

កម្មវិធី​នេះ​បាន​បង្កើត​ឱ្យ​មានការ​ពិភាក្សា​យ៉ាង​សកម្ម​រវាង​អ្នកចូលរួម​ និង​ក្រុមការងារ​អូ​ឌី​ស៊ី​។​ សំណួរ​សំខាន់ៗ​ដែល​ត្រូវ​បាន​លើក​ឡើង​រួម​មាន​៖

  • សមត្ថភាព​របស់​ផ្កាយ​រណប​ក្នុង​ការ​រក​ឃើញ​ការ​រំខាន​ព្រៃឈើ​
  • ​ទំហំ​អប្បបរមា​នៃ​ការ​រំខាន​ដែល​អាច​រក​ឃើញ​
  • ​ការ​ប្រើប្រាស់​ប្រព័ន្ធ​សម្រាប់​សហគមន៍​ដែល​មិន​មាន​អ៊ីនធឺណិត​
  • ​ការ​រក្សា​ទុក​ទិន្នន័យ​ប្រវត្តិសាស្ត្រ​
  • ​ភាព​ត្រឹមត្រូវ​នៃ​ការ​ជូនដំណឹង​
  • ​ការ​ពង្រីក​ការ​គ្របដណ្តប់​ទៅ​តំបន់​ការពារ​បន្ថែម​
  • ​ការ​បង្កើត​របាយការណ៍​ និង​ការ​វិភាគ​នា​ពេល​អនាគត​
  • ​ការ​បណ្តុះបណ្តាល​សម្រាប់​សហគមន៍​ និង​បណ្តាញ​មូលដ្ឋាន​

May be an image of studying, map and text

អូ​ឌី​ស៊ី​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​ព័ត៌មាន​ទិន្នន័យ​នេះ​ផ្តោត​លើ​ការ​តាមដាន​ការ​រំខាន​ព្រៃឈើ​ និង​មិន​ទាន់​គ្របដណ្តប់​លើ​ការ​តាមដាន​សត្វព្រៃ​នៅឡើយ​។​ ទិន្នន័យ​ប្រវត្តិសាស្ត្រ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ប្រព័ន្ធ​ ហើយ​អូ​ឌី​ស៊ី​មាន​គម្រោង​បន្ថែម​នូវ​របាយការណ៍​វិភាគ​ប្រចាំឆ្នាំ​ ផែនទី​ និង​ការ​ពង្រីក​តំបន់​តាមដាន​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​។​

May be an image of studying, phone and text

អ្នកចូលរួម​ក៏​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​បន្ត​បណ្តុះបណ្តាល​ដល់​អង្គការ​សង្គម​ស៊ី​វិល​ពាក់ព័ន្ធ​ សហគមន៍​ព្រៃឈើ​ សហគមន៍​តំបន់​ការពារ​ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដើម្បី​អាច​ប្រើប្រាស់​ព័ត៌មាន​ទិន្នន័យ​ថ្មី​នេះ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព​។​

May be an image of one or more people and text

​ពង្រឹង​កិច្ចសហការ​ដើម្បី​ការពារ​ព្រៃឈើ​

​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ​ បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​របស់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ និង​បច្ចេកវិទ្យា​ភូមិសាស្ត្រ​ ដើម្បី​គាំទ្រ​ការ​ការពារ​ព្រៃឈើ​ និង​ការ​ពង្រឹង​អភិបាលកិច្ច​បរិស្ថាន​។​ លើស​ពី​ការ​ណែនាំ​ព័ត៌មាន​ទិន្នន័យ​ថ្មី​មួយ​នេះ​ កម្មវិធី​ក៏​បាន​បង្កើត​វេទិកា​សម្រាប់​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ និង​ការ​ពិភាក្សា​រវាង​អង្គការ​សង្គម​ស៊ី​វិល​ តំណាង​ជនជាតិ​ដើម​ភាគតិច​ អ្នក​ស្រាវជ្រាវ​ និង​ដៃគូ​អភិវឌ្ឍន៍​ អំពី​របៀប​ដែល​បច្ចេកវិទ្យា​អាច​ជួយ​ពង្រឹង​កិច្ចសហការ​ក្នុង​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​ចីរភាព​។​

May be an image of one or more people, people studying and text

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ នឹង​បន្ត​ប្រមូល​មតិយោបល់​ពី​អ្នក​ប្រើប្រាស់​ ដើម្បី​កែ​លម្អ​ និង​ពង្រីក​មុខងារ​របស់​ព័ត៌មាន​ទិន្នន័យ​ឱ្យ​ស្រប​តាម​តម្រូវការ​របស់​ភាគី​ពាក់ព័ន្ធ​។​

ព័ត៌មាន​ទិន្នន័យ​ថ្មី​ស្តី​ពី​ការ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​នេះ​ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើកកម្ពស់​ការ​ទទួល​បាន​ព័ត៌មាន​បរិស្ថាន​ប្រកបដោយ​តម្លាភាព​ និង​អាច​យក​ទៅ​ប្រើប្រាស់​បាន​ជាក់ស្តែង​។​ តាម​រយៈ​ការ​បំប្លែង​ទិន្នន័យ​ផ្កាយ​រណប​ដ៏​ស្មុគស្មាញ​ទៅ​ជា​ការ​ជូនដំណឹង​ដែល​ងាយស្រួល​យល់​ និង​អាច​ប្រើប្រាស់​បាន​ ព័ត៌មាន​ទិន្នន័យ​នេះ​នឹង​ជួយ​ពង្រឹងសមត្ថភាព​របស់​សហគមន៍​ អ្នក​សម្រេចចិត្ត​ អ្នក​ស្រាវជ្រាវ​ អ្នក​សារព័ត៌មាន​ និង​អ្នកជំនាញ​ផ្នែក​អភិរក្ស​ក្នុង​ការ​តាមដាន​ការ​រំខាន​ព្រៃឈើ​ និង​រួមចំណែក​ការពារ​ធនធានធម្មជាតិ​របស់​កម្ពុជា​។​

May be an image of one or more people, people studying and text

អង្គការ​អូ​ឌី​ស៊ី​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​ជំនួយ​នៃ​ប្រជាពលរដ្ឋ​ន័​រវេ​ស​ Global​ Forest​ Watch​ (GFW)​ និង​មូលនិធិ​ហេ​ន​រេច​បូល​ប្រចាំ​ប្រទេស​កម្ពុជា​ ព្រមទាំង​វាគ្មិន​ អ្នកចូលរួម​ និង​ដៃគូ​ទាំងអស់​ ដែល​បាន​រួមចំណែក​ធ្វើ​ឱ្យ​កម្មវិធី​នេះ​ទទួល​បាន​ជោគជ័យ​ និង​បន្ត​គាំទ្រ​ការ​លើកកម្ពស់​ទិន្នន័យ​បើក​ទូលាយ​ និង​អភិបាលកិច្ច​ព្រៃឈើ​នៅ​កម្ពុជា​។​