សេចក្តី​ប្រកាស​ព័ត៌មាន​៖​ អាជ្ញាធរ​មីន​កម្ពុជា​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​ថៃ​ទាក់ទង​នឹង​មីន​ និង​ជំរុញ​ឱ្យ​គោរព​តាម​សេចក្តីថ្លែងការណ៍​រួម

​នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ អាជ្ញាធរ​​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និងសង្គ្រោះ​ជនពិការ​ដោយ​សារ​មីន​​ (​អាជ្ញាធរ​មីន​)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ និង​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​របាយការណ៍​ «​ដែល​គ្មាន​មូលដ្ឋាន​ និង​បង្កាច់បង្ខូច​»​ ថ្មីៗ​នេះ​ពី​សំណាក់​បណ្តាញ​ផ្សព្វផ្សាយ​របស់​ថៃ​មួយ​ចំនួន​ ដែល​បាន​ចោទប្រកាន់​កម្ពុជា​ថា​បាន​បង្កប់​មីន​ថ្មី​តាម​បណ្ដោយ​ព្រំដែន​។​

អាជ្ញាធរ​មីនចាត់​ទុក​ការ​ចោទប្រកាន់​ទាំងនេះ​ថា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​កំពុង​បន្ត​របស់​ក្រុមការងារ​សម្របសម្រួល​រួម​ កម្ពុជា​-​ថៃ​ (JCTF)​ ស្តី​ពី​ការ​បោសសម្អាត​មីន​មនុស្សធម៌​។​ អាជ្ញាធរ​មីន​បាន​កត់​សម្គាល់ថា​ ការ​ចោទប្រកាន់​នេះ​បាន​កើត​ចេញពី​ហេតុការណ៍​មួយ​នៅ​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ដែល​បណ្តាល​ឱ្យ​ទាហាន​ថៃ​ពីរ​នាក់​រង​របួស​នៅ​តំបន់​ព្រំដែន​ ដែល​បន្ទាប់​មក​ប្រទេស​ថៃ​បាន​ប្រើ​ជា​លេស​ដើម្បី​ព្យួរ​ជា​ឯកតោភាគី​នូវ​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២៥​។​ អាជ្ញាធរ​មីនបាន​អះអាង​សារ​ជា​ថ្មី​ថា​ កម្ពុជា​ ក្នុង​នាម​ជា​អ្នកគាំទ្រ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​អនុសញ្ញា​ស្តី​ពី​ការ​ហាមឃាត់​មីន​ប្រឆាំង​មនុស្ស​ (​អនុសញ្ញា​អូ​តា​វ៉ា​)​ មិន​ដែល​បាន​ប្រើប្រាស់​ ហើយនឹង​មិន​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស​ក្រោម​លក្ខខណ្ឌ​ណាមួយ​ឡើយ​។​

អាជ្ញាធរ​​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និងសង្គ្រោះ​ជនពិការ​ដោយ​សារ​មីន

ទាញយក៖ pdf