ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បន្ត​ដោះ​បណ្តឹង បក្ស​ប្រឆាំង​នៅ​តែ​មិន​ស្ងប់​ចិត្ត

ភ្នំពេញៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ កាល​ពី​​ម្សិល​មិញ ​បាន​បញ្ជា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​​ការ​បោះឆ្នោត(គ.ជ.ប) ​ពិនិត្យ​សន្លឹក​ឆ្នោត​ក្នុង​កញ្ចប់​សុវត្ថិភាព​ «ក» ​នៅ​ការិយាល័យបោះ​ឆ្នោត​ចំនួន ៨ ក្នុង​​ក្រុង​បាត់​ដំបង ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ពិនិត្យ​នៅ​ក្នុង​ខេត្ត​ក្រចេះ ដែល​គណ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​បាន​រិះ​គន់​ថា មាន​​ការ​លួច​បន្លំ​ក្នុង​ប្រព័ន្ធ​​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន ​ដែល​ចេញ​ដោយ​​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ ​​កាល​​ពី​ម្សិល​មិញ​ បាន​ឲ្យ​ដឹង​ថា៖ «​ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក»នឹង​ធ្វើ​នៅ​ គ.ជ.ប នៅ​ថ្ងៃ​ពុធ ទី២៨ ខែ​សីហា នៅ​វេលា​ម៉ោង ៨ព្រឹក​។ ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​នឹង​ចាត់​តំណាង​​ទៅ​ស៊ើប​អង្កេត​»។ លោក សម រង្ស៊ី​​ ប្រធាន​​​គណ​បក្ស​សង្គ្រោះ​​ជាតិ បាន​ថ្លែង​ក្នុង​អំឡុង​សន្និ​សីទ​​ព័ត៌​មាន​កាល​ពី​​ម្សិល​មិញ​ថា គណ​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ជា​ថ្មី​ម្តង​ទៀត​ លើ​បណ្តឹង​ភាគ​​ច្រើន​របស់​​ខ្លួន​នៃ​បណ្តឹង​សរុប​ចំនួន​១៥ ​​ប្រឆាំង​នឹង​លទ្ធ​ផល​បោះ​ឆ្នោត​បឋម​​នឹង​ត្រូវ​បញ្ឈប់​ដោយ​ក្រុម​ប្រឹក្សា ​​ធម្ម​នុញ្ញ។ មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​ពិនិត្យ​សន្លឹក​ឆ្នោត និង​ឯក​សារ​ដើម​ពី​ការិយាល័យបោះ​ឆ្នោត​ចំនួន​១៣ ក្នុង​ខេត្ត​ក្រចេះ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​​ ចោទ​ប្រកាន់​ថា ​គណ​បក្ស​ប្រជា​ជន​កម្ពុជា គ.ជ.ប ​​​និង​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​​ ​​បាន​​ឃុប​ឃិត​​លួច​​បន្លំ​សន្លឹក​ឆ្នោត​​ក្នុង​ប្រព័ន្ធ។ លោក​ សម រង្ស៊ី បាន​ពន្យល់​ថា ការ​ពិនិត្យ​សន្លឹក​ឆ្នោត និង​ឯក​សារ​ដើម​ពី​មណ្ឌល​បោះ​ឆ្នោត​ដទៃ​ទៀត​ ក្នុង​ខេត្ត​កណ្តាល ខេត្ត​បាត់​ដំបង ខេត្ត​សៀម​រាប និង​​រាជ​ធានី​​ភ្នំពេញ​ នឹង​ជា​នីតិវិធី​សំខាន់​មួយ ​ដើម្បី​បង្ហាញ​ភ័ស្តុ​តាង​ចោទ​ប្រកាន់​នូវ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ ឆ្នោត។ លោក​បាន​អះ​អាង​​​ថា៖«​​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​ឆ្នោត ក្នុង​ការ​បោះ​ឆ្នោត​សភា​ថ្ងៃ​ទី​ ២៨ ខែ​កក្កដា ប្រសិន​បើ​គណបក្ស​ប្រជា​ជន គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ មិន​ឃុបឃិត​គ្នា​លួច​​បន្លំ​សន្លឹក​ឆ្នោត​ទេ​នោះ»។…

http://www.postkhmer.com/index.php/national/1-national-news/103000-2013-08-27-03-31-08