ក្រុម​អ្នក​ដើរ​ក្បួន​សន្តិភាព​ចង់​បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី

ភ្នំពេញៈ «យើង​មិន​ត្រូវ​ការ​បាតុកម្ម​ហិង្សា ហើយ​ក៏​មិន​ត្រូវ​ការ​ការ​បង្ក្រាប​ដោយ​ហិង្សា​ដែរ យើង​ត្រូវ​ការ​ដំណោះស្រាយ​ដោយ​សន្តិវិធី» នេះ​ជា​ការ​អំពាវនាវ កាល​ពី​ល្ងាច​មិញ របស់​ក្រុម​អ្នក​ហែ​ក្បួន​សុំ​សន្តិភាព​ប្រមាណ ៥០០ នាក់​នៅ​រាជធានី​ភ្នំពេញ។ សម្រែក​តាម​ឧបករណ៍​បំពង​សំឡេង​នៅ​ឯ​ព្រះអង្គ ដងកើ មុខ​វាំង ពី​ម្សិលមិញ ក្រុម​ការងារ​ដើម្បី​សន្តិភាព និង​អង្គការ​មួយ​ចំនួន បាន​ផ្ញើ​សារ​ជូន​អ្នក​នយោបាយ ឲ្យ​រក​វិធីសាស្ត្រ​ដោះស្រាយ​ដោយ​សន្តិវិធី កុំ​មាន​ការ​បំភ័យ​ម្ចាស់​ឆ្នោត ដូចជា ដាក់​រថក្រោះ បញ្ជូន​កង​ទ័ព​បំពាក់​អាវុធ​ទំនើប មក​រាជធានី និង​ខេត្ត​ជុំវិញ។ កញ្ញា ហ៊ន សុភី តំណាង​ម្នាក់​ក្នុង​ក្រុម​នេះ​ថ្លែង​នៅ​មុខ​ព្រះអង្គ ដងកើ ថា៖ «ដោយ​មាន​ការ​ភ័យ​ព្រួយ​បារម្ភ​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​ចល័ត​ទ័ព ទើប​យើង​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​នៅ​ក្រោយ​ការ​បោះឆ្នោត​ នេះ»។ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ថ្លែង​ថា ដោយ​រដ្ឋាភិបាល​កំពុង​ចល័ត​ទ័ព ការ​ប្រើ​ហិង្សា​ណា​មួយ​ដែល​អាច​កើត​មាន​ជាយថាហេតុ​មិន​មែន​ជា​ដំណោះស្រាយ​ ល្អ​ឡើយ។ លោក​បន្ត​ថា៖ «ការ​ធ្វើ​បាតុកម្ម ឬ​ជួប​ជុំ​គ្នា​ក្នុង​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ ដែល​នាំ​ឲ្យ​មាន​ហិង្សា​នោះ នឹង​មិន​ចំណេញ​ទាំង​សង​ខាង គឺ​ខាត​ប្រយោជន៍​សេដ្ឋកិច្ច ទំនិញ​ឡើង​ថ្លៃ និង​អស្ថិរភាព។ យើង​ព្យាយាម​ឲ្យ​គណបក្ស​នយោបាយ ចូល​តុ​ចរចា និង​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី»។ ចំណែក​នៅ​ឯ​រមណីយដ្ឋាន វត្ត ភ្នំ អ្នក​បួងសួង ដែល​ភាគ​ច្រើន​ពាក់​អាវ​ពណ៌​បៃតង​មាន​រូប​ព្រាប​សន្តិភាព មាន​ការ​និមន្ត ពី​ព្រះសង្ឃ​ផង មាន​កាន់​ផ្កា​ឈូក ទៀន ធូប ទង់ជាតិ​ខ្មែរ និង​ទង់​សាសនា បាន​គង់ និង​អង្គុយ​ស្មឹងស្មាធិ៍ បួង​សួង​សុំ​សេចក្តី​សុខ​សប្បាយ ដល់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប។…

http://www.postkhmer.com/index.php/national/1-national-news/102413-2013-08-15-03-34-38