ខុមហ្វ្រែលរិះគន់ក្រុមប្រឹក្សាធម្មនុញ្ញចំពោះការដោះស្រាយពាក្យបណ្តឹរបស់គណបក្សសង្គ្រោះជាតិ
កាលពីម្សិលមិញ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិង យុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានចេញសេចក្តីថ្លែងការណ៍មួយ រិះគន់ក្រុមប្រឹក្សាធម្មនុញ្ញចំពោះការដោះស្រាយពាក្យបណ្តឹង របស់គណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងការបោះឆ្នោតដែលត្រូវបាន ច្រានចោលជាលើកចុងក្រោយកាលពីថ្ងៃទី៦ ខែកញ្ញា។ សេចក្ដីថ្លែងការណ៍នេះបានលើកឡើងថា ទំនាក់ទំនងរបស់លោក ឯក សំអុល អតីតសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញជាមួយគណបក្សប្រជាជនកម្ពុជា គឺ ធ្វើឲ្យក្រុមប្រឹក្សាធម្មនុញ្ញមិនអាចធ្វើការសម្រេចចិត្ត របស់ខ្លួនបាន។ អង្គការខុមហ្វ្រែល ក៏បានគូសបញ្ជាក់ពីកង្វះការស៊ើបអង្កេតរបស់ ក្រុមប្រឹក្សាធម្មនុុញ្ញនៅមណ្ឌលខេត្តកណ្ដាល ដែលបានបិទការិយាល័យ បោះឆ្នោតមុនម៉ោង៣ និងការដឹកជញ្ជូនមន្ត្រីយោធាតាមរថយន្តរបស់ រដ្ឋ ដើម្បីទៅបោះឆ្នោតនៅក្នុងមណ្ឌលសៀមរាបផងដែរ។ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល បានមានប្រសាសន៍ថា ក្រុមប្រឹក្សាធម្មនុញ្ញមិនបានស៊ើប អង្កេតលើភាពមិនប្រក្រតី ដែលកើតមានអំឡុងការបោះឆ្នោតនោះឡើយ។ លោកបានថ្លែងថា “[ក្រុមប្រឹក្សាធម្មនុញ្ញ] មិនបានស្វែងរកភ័ស្ដុតាងថ្មីណាមួយទេ ហើយក៏មិនបានស៊ើបអង្កេត លើភាពមិនប្រក្រតីតាមពាក្យបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិដែរ។ លោកបានបន្ថែមថា “ពួកគេគ្រាន់តែប្រើរបាយការណ៍ ដែលបានមកពីគណបក្សនយោបាយនីមួយៗ និងគ.ជ.ប. តែប៉ុណ្ណោះ ហើយបន្ទាប់មកបានផ្ដោតលើការដាក់ទោសមន្ត្រីមូល ដ្ឋានមួយចំនួន”។…
Eang Mengleng
http://www.cambodiadailykhmer.com/news/5342/