ខុសពីអាណត្តិមុនៗ អ្នកបោះឆ្នោតមិនសូវខ្លាចក្នុងការបញ្ចេញមតិ
ភ្នំពេញ — ខុសប្លែកពីអាណត្តិមុនៗ សម្រាប់ការបោះឆ្នោតនាអាណត្តិនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋជាទូទៅហ៊ានសម្តែងមតិ និងលើកយកប្រធានបទនយោបាយមកវែកញែក ដេញដោលគ្នាតាមទីសាធារណៈនានាជាច្រើន។ ការណ៍នេះ មន្ត្រីជំនាញយល់ឃើញថា ជាចំណុចរបត់នយោបាយដ៏វិជ្ជមានមួយក្នុងសង្គមកម្ពុជា។ មនុស្សម្នារជជែកគ្នាអំពីបញ្ហានយោបាយនៅតុអាហារថ្ងៃត្រង់មួយក្នុង ខណ្ឌ៧មករា កណ្តាលរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋមួយក្រុមនេះភាគច្រើនគឺជាអ្នករត់ម៉ូតូឌុប។ ការពិភាក្សាគ្នាអំពីបញ្ហានយោបាយយ៉ាងបើកចំហបែបនេះនៅតាមទីសាធារណៈ នៅតាមតូបកាហ្វេ ទីផ្សារ នៅតាមទីប្រជុំជន និងនៅតាមហាងបាយ មិនសូវកើតមានទាល់តែសោះនៅក្នុងយុគបោះឆ្នោតកាលពីបួនអាណត្តិ មុន។ លោកងិន សារិនមានសំបុរខ្មៅស្រអែមគឺជាអ្នករត់រ៉ឺម៉កកង់បី។ បុរសអាយុ៤៣ឆ្នាំម្នាក់នេះគឺជាពលរដ្ឋម្នាក់ក្នុងការពិភាក្សា ក្នុងវង់បាយថ្ងៃត្រង់នេះ។ លោកនិយាយថា៖ «ពីមុន ហ៊ានដែរ តែហ៊ានតិចតួច។ ប៉ុន្តែឥឡូវមតិប្រជាពលរដ្ឋ គេហ៊ានចេញមកនិយាយតែម្តង។ គេថា មិនឱ្យងាប់ដូចពស់ រស់ដូចកង្កែបទេ។ ដូច្នេះមនុស្សចេះតែនិយាយតៗគ្នាទៅគឺហ៊ានតាមគេ តាមឯងដែរ។ រយៈកាលកន្លងមក គេដឹងអស់ហើយ ដូចជាអ្នករត់ម៉ូតូឌុប សិស្សសាលាអី គេដឹងអស់ហើយ គ្មានអ្នកណាគេចាញ់បោកទៀតទេ»។…