គណ​បក្ស​សង្គ្រោះ​ជាតិ​ដាក់​ពាក្យ​បណ្ដឹង​​រាប់ពាន់​ករណី​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​

គណបក្ស​ស​ង្គ្រោះ​​​ជាតិ​នឹង​ដាក់​​​ជូន​គណៈ​​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) នូវ​អ្វី​ដែល​ខ្លួន​បាន​រក​ឃើញ​ពី​កិច្ច​ប្រឹង​ប្រែង​​​ប្រមូល​ពាក្យ​បណ្ដឹង​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ដែល​គណបក្ស​នេះ​​​​​​​បាន​ទទួល​យ៉ាង​ហោច​ណាស់​ចំនួន​១៨.៤០០​​​​ករណី​​ ប៉ុន្តែ​ជឿ​ថា​តួលេខ​នេះ​តំណាង​តែ​មួយ​ផ្នែក​នៃ​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ប៉ុណ្ណោះ។ មន្ត្រី​គណបក្ស​ស​ង្គ្រោះ​​​ជាតិ​​​នៅ​រាជ​ធានី​ភ្នំ​ពេញ​​ដែល​មាន​​ពាក្យ​បណ្តឹង​ចំនួន​២.០០០​ករណី​​ត្រូវ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ហើយ​នៅ​ខេត្ត​​ព្រៃ​វែង ​​សៀមរាប បាត់​ដំបង កំពង់​ចាម កណ្តាល​ និង​ខេត្ត​ក្រចេះ​ បាន​ឲ្យ​ដឹង​ថា​ ទោះ​បី​​ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​ដាក់​ពាក្យ​បណ្ដឹង​ក៏​ដោយ​ ក៏​ប្រ​ជា​ពលរដ្ឋ​ខ្លះ​ទៀត​ត្រូវ​បាន​គេ​រារាំង​​មិន​ឲ្យ​ប្ដឹង​ដែរ​​​ដោយ​មាន​ការ​ភ័យ​ខ្លាច​អាជ្ញាធរ​មូលដ្ឋាន​។ លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្រ្ត​​​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ប្រ​ចាំ​ខេត្ត​កំពង់​ចាម​​បាន​ប៉ាន់​​​ប្រមាណ​​​​កាល​ពី​យប់​មិញ​ថា ​លោក​បាន​​ប្រ​មូល​​​​ពាក្យ​បណ្ដឹង​ចំនួន​១០.០០០​ករណី​​ពី​ប្រ​ជា​ពលរដ្ឋ​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ការិយាល័យ​បោះ​ឆ្នោត។ លោក​មាន​ប្រសាសន៍​ថា​ “ នេះ​ជា​ខេត្ត​មួយ​​​​ធំ​មាន​ឃុំ- សង្កាត់​ច្រើន​។​យើង​មាន​ប្រហែល​​​​១០.០០០​​​ករណី​ត្រូវ​រាយការណ៍​ទៅ​ទី​ស្នាក់​ការ​គណបក្ស​នៅ​រាជធានី ភ្នំ​ពេញ​”។ លោក​ស្រី​ កែ សុវណ្ណរត្ធន៍​​​ តំណាង​រាស្រ្ត​​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​​​ខេត្ត​សៀម​រាប​​បាន​រាយការណ៍​ថា​​ ប្រជា​ពលរដ្ឋ​ដែល​បាត់​​​បង់​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​​​ជា​ច្រើន​​​​នាក់​​​​មាន​ការ​ភ័យ​ខ្លាច​​​​មិន​​​ហ៊ាន​​​ដាក់​​ពាក្យ​​បណ្ដឹង​​​​បន្ថែម​​​ពី​​​លើ​​​ចំនួន​៥០០​ករណី​​​ប្ដឹង​មក​គណបក្ស​។ លោកស្រី​មាន​ប្រ​សាសន៍​បន្ត​ថា​ “ ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន បាន​បញ្ជាក់​ជា​មួយ​យើង​ថា​​ពួក​គាត់​អាច​ផ្តល់​​ភ័ស្តុតាង​ពី​ភាព​មិន​ប្រក្រតី​​ក្នុង​​ថ្ងៃ​​បោះ​ឆ្នោត​បាន ប៉ុន្តែ​​បន្ទាប់​ពី​​ត្រូវ​បាន​​​គំរាមកំហែង​​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​នោះ​​ពួក​គាត់​មិន​បាន​ផ្តល់​ហត្ថលេខា​របស់​ពួក​គាត់​ទេ ដោយសារ​​ពួកគាត់​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​”។…

http://www.cambodiadailykhmer.com/latest/3924/