គ.ជ.ប.៖ការអះអាងពីជ័យជំនះរបស់គណបក្សធំៗទាំងពីរមិនមែនជាលទ្ធផលផ្លូវការទេ
វ៉ាស៊ីនតោន — ទោះបីជាគណបក្សទាំងពីរបានអះអាងពីជ័យជម្នះរៀងៗខ្លួនចេញពីការ បោះឆ្នោតកាលពីថ្ងៃអាទិត្យមែន តែមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានបញ្ជាក់ ថា នោះមិនមែនជាលទ្ធផលផ្លូវការទេ។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក សុខ ខេមរានៃវីអូអេបានរាយការណ៍ថា មន្ត្រីគ.ជ.ប.អះអាងថា ខ្លួនពុំអាចបង្ហាញនៅឡើយទេថានរណាឈ្នះ ឬចាញ់នោះ។ ដោយសារមានភាពតានតឹងក្នុងចំណោមពលរដ្ឋអ្នកបោះឆ្នោតនិងគណបក្ស នយោបាយទាក់ទងនឹងការប្រកាសពីជ័យជំន្នះរៀងៗខ្លួននោះ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថា ខ្លួនមិនអាចបង្ហាញថា គណបក្សណាមួយឈ្នះឡើយទេ។ នេះជាការអះអាងរបស់លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានថ្លែងប្រាប់វីអូអេ។ លោកនិយាយថា៖ «លទ្ធផលបឋមបានបង្ហាញច្បាស់ហើយថាគណបក្សប្រជាជនបាននាំមុខលើសំឡេង នៅខេត្តភាគច្រើន។ ហើយខេត្តមួយចំនួន ជាពិសេស ខេត្តធំៗហ្នឹង គណបក្សសង្គ្រោះជាតិនាំមុខ។ ហើយលទ្ធផលការបែងចែកអាសនៈបែបណា អ្នកណា ជាប់ឆ្នោតអីហ្នុង ទាល់តែបានលទ្ធផលផ្លូវការ ទើបគ.ជ.ប.បែងចែក»។ លទ្ធផលជាផ្លូវការបឋមអាចត្រូវគ.ជ.ប.ប្រកាសនៅថ្ងៃទី១០ខែសីហាខាងមុខបើគ្មានបណ្តឹង។ ភ្លាមៗក្រោយការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី២៨ខែកក្កដាឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបានប្រកាសថា ខ្លួនឈ្នះអាសនៈ៦៨ក្នុងចំណោម១២៣អាសនៈ ហើយអាចបង្កើតរដ្ឋាភិបាលបានតែម្នាក់ឯង។គណបក្សនេះបានអះអាងថា គណបក្សសង្គ្រោះជាតិទទួលបានអាសនៈតែ៥៥ប៉ុណ្ណោះ។