បក្សប្រឆាំងគំរាមធ្វើបាតុកម្មមុនប្រកាសលទ្ធផលផ្លូវការ បើការ ដោះស្រាយមិនត្រឹមត្រូវ
ភ្នំពេញៈ មេដឹកនាំគណបក្សប្រឆាំងបានគំរាមធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផល នៃការបោះឆ្នោត មុនពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសលទ្ធផលចុងក្រោយ នៅថ្ងៃទី៨ ខែកញ្ញា ដរាបណាភាពមិនប្រក្រតីនៃការបោះឆ្នោត មិនត្រូវបានដោះស្រាយឲ្យត្រឹមត្រូវនោះ។
ថ្លែងទៅកាន់មនុស្សប្រហែល ២ ម៉ឺននាក់ នៅទីលានប្រជា ធិបតេយ្យ កាលពីម្សិលមិញ លោក សម រង្ស៊ី ជាប្រធាននិងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសជាថ្មីម្តងទៀតថា មហាបាតុកម្មនឹងធ្វើឡើងនៅមុនការប្រកាសលទ្ធផលជាផ្លូវការនៅខែ ក្រោយ។ ការបញ្ជាក់នេះ គឺជាការឆ្លើយតបនឹងប្រជាជនដែលបានចូលរួមក្នុងការជួបជុំនោះ ដែលបានសួរអំពីថ្ងៃជាក់លាក់ ក្នុងការធ្វើមហាបាតុកម្ម។
លោក សម រង្ស៊ី បានថ្លែងថា៖ «យើងនឹងធ្វើមហាបាតុកម្ម មុនពេលប្រកាសលទ្ធផលផ្លូវការ។ ប៉ុន្តែ យើងជំរុញឲ្យបង្កើតគណៈកម្មការឯករាជ្យ ដើម្បីស្វែងរកការពិត ផ្តល់យុត្តិធម៌។ ប្រសិនបើមានគណៈកម្មការនេះ យើងនឹងមិនធ្វើមហាបាតុកម្មទេ ប៉ុន្តែ គណៈកម្មការនេះមិនចេញទេ ហើយគេរាំងស្ទះមិនឲ្យចេញ ហើយគេត្រៀមប្រកាសលទ្ធផលផ្លូវការ នៅពេលនោះនឹងមានបាតុកម្ម»។
លោក កឹម សុខា បានប្រាប់អ្នកចូលរួមថា បាតុកម្មដំបូងធ្វើឡើងក្នុងពេលឆាប់ៗនៅភ្នំពេញ ហើយបន្ទាប់មកទៀតគឺនៅទូទាំងប្រទេស។
លោក កឹម សុខា បានបន្ថែមថា ៖ «មហាបាតុកម្មនោះ គឺជាមហាបាតុកម្មអហិង្សាក្នុងគោលបំណងទាមទារយុតិ្តធម៌ ដោយបង្កើតគណៈកម្មការឯករាជ្យ ដែលមានអង្គការជាតិនិងអន្តរជាតិ និងក៏មានអង្គការសហប្រជាជាតិជាអ្នកសង្កេតការណ៍ ហើយប្រសិនបើគេនៅតែមិនបង្កើត មហាបាតុកម្មនឹងកើតមានជាទូទៅ។ នេះគឺជាសេចក្តីសម្រេចរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលប្រជាជនបានរង់ចាំជាយូរមកហើយ»។…
http://www.postkhmer.com/index.php/national/1-national-news/102980-2013-08-27-02-43-11