បក្ស​នយោបាយ​ចាប់​ផ្ដើម​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ដំបូង

យុទ្ធនាការ​ឃោសនា​ថ្ងៃ​ដំបូង​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​នីតិកាល​ទី​៥ ត្រូវ​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា នេះ។ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង ៨ គេ​ឃើញ​មាន​គណបក្ស​នយោបាយ​ធំៗ​ពីរ មាន​​កម្មភាព​លេចធ្លោ​ជាង​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​ហើយ​នោះ បាន​ជ្រើសរើស​ធ្វើ​ពិធី​រំលឹក​ខួប​លើក​ទី​៦២ នៃ​ថ្ងៃ​បង្កើត​គណបក្ស​នេះ​ជា​មួយ​ថ្ងៃ​ចាប់​ផ្ដើម​ឃោសនា​បោះ​ឆ្នោត​តែម្ដង នៅ​កោះពេជ្រ។ ក្បួន​រថយន្ត​និង​ម៉ូតូ​ដង្ហែ​ចេញ​ពី​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ ដែល​ជា​ទីកន្លែង​ជួប​ជុំ​គ្នា​នៅ​ក្នុង​វេទិការ​ជួបជុំ​គ្នា​របស់​ថ្នាក់​ ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​គាំទ្រ​ប្រមាណ ១​ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ដែល​ជា​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​ដំបូង។ ក្បួន​ដង្ហែ​នោះ​មាន​តុបតែង​លំអ​ទង់ជាតិ ទង់​គណបក្ស ស្លាក​សញ្ញា​របស់​គណបក្ស និង​មាន​រូប​ផ្ទាំង​ស្លាក​សញ្ញា ឬ​និម្មិត​សញ្ញា​គណបក្ស រូប​ទេវតា​បាច​ផ្កា និង​លេខ​រៀង​ទី​៤ របស់​គណបក្ស​ប្រជាជន​ជាដើម។… គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្ដើម​យុទ្ធនាការ​ឃោសនា​ថ្ងៃ​ដំបូង​របស់​ ខ្លួន ដោយ​មាន​សមាជិក​គាំទ្រ​ចូល​រួម​ហែ​ក្បួន​ច្រើន​ជាង ១​ម៉ឺន​នាក់។ នេះ​ជា​កា​ឃោសនា​ជា​ផ្លូវការ​របស់​គណបក្ស​នយោបាយ ដើម្បី​បញ្ជូន​សារ​នយោបាយ​របស់​ខ្លួន​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​អំពី​ ភាព​ខ្លាំង​របស់​គណបក្ស និង​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​បាន​ច្រើន។ ក្នុង​ថ្ងៃ​ឃោសនា​ជា​ផ្លូវការ​ដំបូង គឺ​ថ្ងៃ​ទី​២៧ មិថុនា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស ​បាន​​យក​ទីតាំង​ចំនួន​ពីរ​កន្លែង ដើម្បី​ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន គឺ​នៅ​​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល និង​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ។ ពិធី​នេះ​មាន​មនុស្ស​ចូល​រួម​រាប់​ម៉ឺន​នាក់ និង​មាន​ដង្ហែ​ក្បួន​តាម​រថយន្ត ឬ​ម៉ូតូ​កាត់​តាម​ផ្លូវ​សាធារណៈ​មួយ​ចំនួន​ផង។…

វិទ្យុអាស៊ីសេរី
http://www.rfa.org/khmer/news/politics/first-day-of-campaigning-06272013000500.html