បក្សប្រឆាំងកើនអាសនៈដោយសារយុទ្ធសាស្ត្រទំនាក់ទំនងសង្គម និងការចុះដល់មូលដ្ឋាន
នៅមុនការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បណ្តាស្ថានីយទូរទស្សន៍ក្នុង ស្រុកបានចាក់ផ្សាយយ៉ាងច្រើនអំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល បង្ហាញពីទឹកមុខចងចិញ្ចើម ឬសប្បាយរីករាយរបស់លោក។ កម្មវិធីផ្សាយផ្សេងៗទៀតដែលយើងអាចទស្សនាបានរួមមាន វីដេអូ ខារ៉ាអូខេ ឬខ្សែភាពយន្តភាគ ប៉ុន្តែ ការចាក់ផ្សាយតែមួយគត់អំពីបក្ស សង្គ្រោះជាតិ បង្ហាញពីសកម្មភាពក្រុមយុវជនស្លៀកសម្លៀក បំពាក់ធ្វើយុទ្ធនាការឃោសនារាំ ដែលទំនងជាស្រវឹងស្រា។ លោក ហ៊ុន សែន ដឹងច្បាស់ថា គណបក្សលោកមានប្រៀបផ្នែកប្រព័ន្ធផ្សព្វ ផ្សាយ។ លោកបានឡកឡាយឲ្យគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅមុនការបោះឆ្នោតជាតិឆ្នាំក្នុង២០០៨ថា “ អ្នកឯងមានមួយប៉ុស្តិ៍ យើងមាន៣៩ប៉ុស្តិ៍”។ ប៉ុន្តែ លទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដែលបាន បង្ហាញថា សំឡេងគាំទ្រភាគច្រើនរបស់គណបក្សកាន់អំណាចបានធ្លាក់ចុះ ពី៩០អាសនៈមកនៅត្រឹម៦៨អាសនៈនោះ បានបង្ហាញពីការភ្ញាក់ផ្អើលយ៉ាង ខ្លាំង ហើយថ្វីបើគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងប្រព័ន្ធផ្សព្វ ផ្សាយស្ទើរតែទាំងស្រុងក៏ដោយ ក៏គណបក្សប្រឆាំងនៅតែអាចផ្សព្វ ផ្សាយសាររបស់ខ្លួនបានដដែល។ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិបាន មានប្រសាសន៍កាលពីម្សិលមិញថា ការប្រែប្រួលចំនួនអាសនៈនេះ បានកើត មានឡើងដោយសារតែគណបក្សប្រជាជនកម្ពុជាពឹងផ្អែកខ្លាំងពេកទៅ លើការគ្រប់គ្រង់របស់ខ្លួនលើប្រព័ន្ធផ្សព្វផ្សាយ។ លោកបានមានប្រសាសន៍ថា “ ពួកគេបរាជ័យនៅក្នុងការបោះឆ្នោតនេះ ដោយ សារតែពួកគេគិតខុស។ ពួកគេគិតថា ប្រសិនបើពួកគេប្រើប្រាស់ ស្ថានីយទូរទស្សន៍ ពួកគេអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ រូបដោយមិនចាំបាច់មានភាពស្មោះត្រង់ ឬបង្កើតសង្គមមួយដែលមាន យុត្តិធម៌នោះឡើយ”។ លោកបានមានប្រសាសន៍បន្តទៀតថា “ដំណោះស្រាយរបស់យើង គឺត្រូវចុះ ជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ យើងបានចុះគ្រប់ឃំុ-សង្កាត់ទាំង អស់នៅក្នុងប្រទេស ដើម្បីពន្យល់ពីគោលនយោបាយរបស់យើង និងឆ្លើយ សំណួររបស់ប្រជាពលរដ្ឋ”។…