បក្សសង្គ្រោះជាតិហ្វឹកហាត់ធ្វើបាតុកម្មហិង្សាជាលើកទី២
គណបក្សសង្គ្រោះជាតិ បានរៀបចំហ្វឹកហាត់ក្បួនធ្វើបាតុកម្មដោយសន្តិវិធី ជាលើកទី២ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅរៀលថ្ងៃទី៤ ខែកញ្ញា។
ការហ្វឹកហាត់នេះ មានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រហែល ២ពាន់នាក់ ចូលរួមហ្វឹកហាត់ ដែលជាការត្រៀមធ្វើមហាបាតុកម្មជាក់ស្ដែងនៅថ្ងៃទី៧ កញ្ញា ខាងមុខ ដើម្បីទាមទារឱ្យមានគណៈកម្មការពិសេសឯករាជ្យមួយ សម្រាប់ដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោត។
ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្រ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវឱ្យអ្នកគាំទ្រដែលមិនយល់ព្រមនឹងលទ្ធផលបោះឆ្នោតឱ្យចូល រួមតវ៉ាឱ្យបានច្រើន៖ «បើអត់យល់ព្រមចេញមកចេញឱ្យច្រើននៅថ្ងៃ ទី៧ ខែកញ្ញា នេះ ដើម្បីបង្ហាញថា យើងអត់យល់ព្រមទេ លទ្ធផលក្លែងបន្លំលទ្ធផលអយុត្តិធម៌។ យើងអត់យល់ព្រមទេ យើងអត់សុខចិត្តទេ។ យើងចង់ឱ្យលាតត្រដាងការពិត។ យើងចង់ឱ្យគេផ្ដល់យុត្តិធម៌ជូនដល់ម្ចាស់ឆ្នោត។ ដូច្នេះ យើងត្រូវតែចេញធ្វើបាតុកម្មអហិង្សាទាំងអស់គ្នា នៅថ្ងៃ៧ ខែកញ្ញា ខាងមុខនេះ»។
នៅក្នុងការហ្វឹកហាត់លើកទី២ នេះ យើងសង្កេតឃើញមានវត្តមានរបស់អាជ្ញាធរនគរបាល និងកងរាជអាវុធហត្ថក្នុងឯកសណ្ឋាន ប្រមាណ ៣០នាក់ ដាក់រាយកម្លាំងនៅក្បែរទីលានប្រជាធិបតេយ្យនោះ៕…