លទ្ធផល​បឋមគណបក្សប្រជាជន​ទទួល​បាន៦៨អាសនៈរីឯសង្គ្រោះ​ជាតិ៥៥

ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា បាន​ថយ​ចុះ​អាសនៈ​ចំនួន ២២ ដែល​នេះ​គឺជា​លើក​ទី ១ ហើយ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជាតិ​បាន​ចាប់​ផ្តើម កាល​ពី​ឆ្នាំ ១៩៩៣ មក ហើយ​ការ​ធ្លាក់​ចុះ​នេះ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន ទទួល​បាន​នូវ​អាសនៈ​ចំនួន ៦៨ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រជែង បាន​កើន​អាសនៈ​ដល់​ទៅ​ចំនួន ៥៥។ នេះ​បើ​តាម​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ថ្លែង​ប្រាប់ បណ្តាញ​សារ​ព័ត៌មាន​កាល​ពី​យប់​មិញ។

ជាមួយ​គ្នា​នេះ មាន​សេចក្តី​រាយការណ៍​ជាច្រើន​ថា ការ​បោះឆ្នោត​កាល​ពី​ម្សិលមិញ ពោរ​ពេញ​ទៅ​ដោយ​ភាព​មិន​ប្រក្រតី។

អ្នក​ឃ្លាំ​មើល​បាន​ព្រមាន​កាល​ពី​យប់​មិញ​ថា ឈ្មោះ​ប្រជាជន​ជា​ច្រើន​នាក់ ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត ខណៈ​ដែល​ការ​ភាន់ច្រឡំ លើ​អត្ត​សញ្ញាណ​ប័ណ្ណ បាន​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​ជា​ច្រើន​នាក់​បាត់បង់​សិទិ្ធ​បោះឆ្នោត។

ក្នុង​សង្កាត់ ស្ទឹង​មាន​ជ័យ រាជធានី ភ្នំពេញ បាតុកម្ម​បាន​ផ្ទុះ​ឡើង នៅ​រសៀល​ម្សិលមិញ​ខណៈ​ដែល​អ្នក​បោះឆ្នោត ដែល​ត្រូវ​លុប​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត បាន​អះអាង​ថា មន្រ្តី​បាន​អនុញ្ញាត​ឲ្យ​វៀតណាម​បោះឆ្នោត ដោយ​ខុស​ច្បាប់។ នគរបាល​ប្រហែល ១០០ នាក់ បាន​ចូល​មក​ក្នុង​វត្ត ហើយ​ជួប​នឹង​អ្នក​ធ្វើ​បាតុកម្ម ដែល​គប់​ដុំ​ថ្ម ហើយ​បាន​ឡើង​រថយន្ត​កង​រាជ​អាវុធហត្ថ​ពីរ​គ្រឿង​បន្ទាប់​មក​បាន​ដុត​រថយន្ត​ទាំង​ពីរ​នោះ។ …

គេ​អាច​មើល​ឃើញ​នូវ​វត្តមាន​របស់​មន្រ្តី​នគរបាល​កង​រាជ​អាវុធហត្ថ និង​យោធា​ជា​ច្រើន​នាក់​នៅ​ទូទាំង​ប្រទេស។ បន្ទាប់​ពី​ការ​បោះឆ្នោត​បាន​បិទ កម្លាំង​ប្រដាប់​អាវុធ ត្រូវ​បាន​ដាក់​ពង្រាយ នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​នៅ​តាម​ផ្លូវ​នានា​ក្បែរ​ភូមិគ្រឹះ លោក ហ៊ុន សែន និង​ទីស្នាក់ការ​គណបក្ស​ប្រជាជន ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ភ័យ​ខ្លាច ហើយ​រត់​ទៅ​ទិញ​ម្ហូប​អាហារ និង​ដក​ប្រាក់​ពី​ម៉ាស៊ីន ATM ជុំវិញ​រាជធានី ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​បាន​យក​រថយន្ត​និង​ម៉ូតូ​ជា​ច្រើន​សម្រុក​ទៅ​ចាក់​សាំង។ …

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ តម្លាភាព​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ ដែល​ប្រារព្ធ​ធ្វើ​ពី​យប់​មិញ​ថា​៖​«ដោយ​ផ្អែក​តាម​ប្រទេស​ដែល មាន​ស្តង់ដារ​ប្រជាធិបតេយ្យ​ជាង​នេះ និង​គោលការណ៍​ប្រជាធិបតេយ្យ​ទូទាំង​ពិភពលោក ដើម្បី​ឲ្យ​បំពេញ​បាន​តាម​ស្តង់ដារ​បោះឆ្នោត​នោះ ការ​បោះឆ្នោត​របស់​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​បំពេញ​បាន​តាម​ស្តង់ដារ នោះ​នៅ​ឡើយ​ទេ»។

លោក​បន្ត​ថា​៖«បរិយាកាស​យុទ្ធនាការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ គឺ​ប្រសើរ​ជាង កាល​ពី​ឆ្នាំ ២០០៨ ទាក់​ទង​នឹង​អំពើ​ហិង្សា ប៉ុន្តែ​នៅ​ពេល​អ្នក​ក្រឡេក​មើល​នូវ​អ្វី ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នេះ (ម្សិលមិញ) ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត និង​ចលាចល​នៅ​កន្លែង​បោះឆ្នោត នោះ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ គឺ​អាក្រក់​ជាង​លើក​មុន»។ …

នៅ​សន្និសីទ​កាសែត​មួយ ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ភ្លាមៗ បន្ទាប់​ពី​សន្លឹក​ឆ្នោត​ត្រូវ​បាន​រាប់​រួច ប្រធាន គ.ជ.ប លោក អ៊ឹម សួស្តី បាន​បដិសេធ​របាយ​ការណ៍​ដែល​ថា មាន​បញ្ហា​ភាព​មិន​ប្រក្រតី​ទ្រង់​ទ្រាយ​ធំ​បាន​កើត​ឡើង។ ជា​ជាង​បញ្ហា​ជាមួយ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ឬ​បញ្ហា​ចុះ​ឈ្មោះ លោក អ៊ឹម សួស្តី ផ្ទុយ​ទៅ​វិញ បាន​ថ្លែង​ថា បញ្ហា​អាយុ​របស់​អ្នក​បោះឆ្នោត គឺជា​រឿង​ដែល​ត្រូវ​បន្ទោស។ …

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/national/1-national-news/101486-2013-07-29-03-46-25