អ្នកគាំទ្រគណបក្សសង្គ្រោះជាតិរក្សាភាពអត់ធ្មត់រង់ចាំបទបញ្ជាថ្មី
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការប្រមូលផ្ដុំគ្នានៅ តាមដងផ្លូវដើម្បីធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះ ឆ្នោត ឲ្យតែមានបទបញ្ជាពីថ្នាក់ដឹកនាំបក្សរបស់ខ្លួន ។ គិតចាប់តាំងពីថ្ងៃបោះឆ្នោត និងការអះអាងស្ទើរតែភ្លាមៗអំពីជ័យជន្នះរបស់គណបក្ស ប្រជាជនកម្ពុជាកាលពីថ្ងៃអាទិត្យ ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានរក្សាភាពស្ងាត់ស្ងៀម និងស្ទើរតែមិនចេញមុខទាល់តែសោះ ដែលទិដ្ឋភាពបែបនេះគឺខុសគ្នាឆ្ងាយណាស់ពីទិដ្ឋភាព អំឡុងពេលធ្វើយុទ្ធនាការឃោសនាផ្លូវការ ពេលមានការដង្ហែក្បួនអំពាវនាវឲ្យមានការផ្លាស់ “ប្ដូរ” តាមដងផ្លូវនានាក្នុងរាជធានីនិងតាមតំបន់ជនបទដាច់ ស្រយាល ដោយមានការចូល រួមពីមនុស្សរាប់ម៉ឺននាក់តាមរយៈទោចក្រយានយន្ត។ គណបក្សសង្គ្រោះជាតិបានលើកឡើងថា ខ្លួនកំពុងជាប់រវល់វាយតម្លៃពីវិសាលភាពនៃភាពមិនប្រក្រតី នៅតាមការិយាល័យបោះឆ្នោត ហើយបានអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួនរក្សាភាពអត់ ធ្មត់។ យុវជន គង់ ម៉ាស់ អាយុ២៨ឆ្នាំ ដែលមានតួនាទីជាអ្នកបញ្ជូនសាររបស់គណបក្សប្រឆាំង ទៅសាធារណ ជនតាមហ្វេសប៊ុកដែលជាមធ្យោបាយទាក់ទងគ្នាក្នុងចំណោម សកម្មជនវ័យក្មេងរបស់គណបក្សសង្គ្រោះជាតិ បាននិយាយថា “មេខ្ញុំបានប្រាប់ខ្ញុំកុំឲ្យធ្វើអ្វីដែលមិនសមគួរ។ យើងកំពុងរក្សាភាពស្ងប់ស្ងាត់ ព្រោះពួកគេកំពុងចរចាគ្នា។ យើងមិនខ្លាចទេ។ នេះមិនទាន់ទុកថា ជាជ័យជម្នះនៅឡើយទេ”។ ប៉ុន្តែ គង់ ម៉ាស់ បានបញ្ជាក់ថា មិនមែនគ្រប់គ្នាដែលបានចូលរួមក្នុងយុទ្ធនាការឃោសនា របស់គណបក្សប្រឆាំងមុនការបោះឆ្នោត សុទ្ធតែមានភាពអត់ធ្មត់ នោះទេ។យុវជនរួបនេះបាននិយាយថា “យើងបានទទួលទូរស័ព្ទពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្តដែល និយាយថា ពួកគាត់ត្រៀមខ្លួនធ្វើការតវ៉ារួចហើយ ប្រសិនបើលោក ហ៊ុន សែន មិនទទួលស្គាល់ថា ខ្លួនចាញ់ទេនោះ”។ ខណៈគណបក្សប្រជាជនកម្ពុជាបានអះអាងភ្លាមៗពីជ័យជម្នះនោះ គណបក្សសង្គ្រោះជាតិបានឆ្លើយតបថា ខ្លួនក៏ឈ្នះដែរដោយទទួលបាន៦៣អាសនៈនៅសភា មិនមែន៥៥អាសនៈដូចដែលគណបក្សប្រជាជនបានអះអាងឡើយ។…