ការរបូតអាសនៈឆ្លុះបញ្ចាំងពីភាពខុសគ្នារវាងការគាំទ្របក្សជាសាធារណៈនិងជាលក្ខណៈបុគ្គល
នៅឯសាលាបឋមសិក្សាចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ លោកតា កាត់ អុំ អាយុ៨២ឆ្នាំ បានដើរយឺតៗចេញពីការិយាល័យបោះឆ្នោត ដោយម្រាមដៃមានប្រឡាក់ទឹកខ្មៅ។ លោកតា កាត់ អុំ ទៅបោះឆ្នោតមិនដែលខានទេ ដោយលោកតាគាំទ្រគណបក្ស ប្រជាជនកម្ពុជា ដែលអះអាងថា មានសមាជិកដល់ទៅ៥,៧លាននាក់ ក្នុងការបោះឆ្នោតរាល់លើក ចាប់តាំងពីឆ្នាំ១៩៩៣មក។ ប៉ុន្តែក្នុងការបោះឆ្នោតឆ្នាំនេះ លោកតាបានប្តូរចិត្តហើយ ។ លោកតាបានមានប្រសាសន៍ថា “ពេលនេះខ្ញុំប្ដូរចិត្តហើយ ព្រោះខ្ញុំត្រូវការឲ្យមានការផ្លាស់ប្ដូរខ្លះ។ នេះបើតាមគំនិតរបស់ខ្ញុំ” ដោយលោកតាបានបដិសេធមិនបញ្ចេញឈ្មោះគណបក្សដែលលោកតាបានបោះ ឆ្នោតឲ្យនោះទេ។លោកតា កាត់ អុំ ស្ថិតនៅក្នុងចំណោមប្រជាជនដ៏ច្រើនលើសលុបដែលបានគាំទ្រ គណបក្សប្រជាជនកម្ពុជាជាសាធារណៈអស់រយៈពេលជាយូរមកហើយ ប៉ុន្តែដែលបានប្តូរចិត្តបោះឆ្នោតឲ្យគណបក្សមួយ ផ្សេងទៀតវិញ ជាហេតុធ្វើឲ្យអាសនៈសភារបស់គណបក្សប្រជាជនកម្ពុជា ធ្លាក់ចុះពី៩០មកត្រឹម៦៨អាសនៈវិញ។ កាលពីថ្ងៃអាទិត្យ គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនទទួលបានសន្លឹកឆ្នោតចំនួន៣,២លាន ជាហេតុធ្វើឲ្យមានការចោទសួរអំពីសន្លឹកឆ្នោត ទាំង២,៥លានផ្សេងទៀតដែលខ្លួនមិនបានទទួលពីសមាជិកបក្ស របស់ខ្លួន។ គណបក្សប្រជាជនកម្ពុជាបានធ្វើយុទ្ធនាការយ៉ាងគគ្រឹកគគ្រេង ពេញរយៈពេល៣០ថ្ងៃ ដោយមានការចូលរួមពីមនុស្សរាប់លាននាក់នៅទូទាំងប្រទេស ដែលម្នាក់ៗសុទ្ធតែពាក់អាវនិងមួកមានបិទ រូបសញ្ញាគណបក្សប្រជាជន។…