ក្រសួង​មហាផ្ទៃ​៖ បទ​ល្មើស​ពាក់ព័ន្ធ​​​នឹង​​​ការ​បោះ​ឆ្នោត​ជាតិ​ទាំង​អស់​ត្រូវ​តែ​ធ្វើការ​ស៊ើប​អង្កេត​

ក្រសួង​មហាផ្ទៃ​បាន​ចេញ​បទ​បញ្ជា​​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​ទូទាំង​ ប្រទេស​ស៊ើប​អង្កេត​រាល់​​​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជាតិ​  ដើម្បី​ធានា​ឲ្យ​បាន​ថា បរិយាកាស​មុន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ ខែ​ កក្កដា មាន​​​​​​​យុត្តិធម៌​​ និង​​​គ្មាន​ការ​បំភិត​បំភ័យ​ផ្នែក​នយោបាយ​។ ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​កាល​ពី​ថ្ងៃ​សុក្រ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត​​​ ​មាន​ការ​​​ប្រុង​ប្រយ័ត្ន​ នៅ​ពេល​ស៊ើប​អង្កេត​ និង​ដាក់ទោស​ជន​ល្មើស​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ ឆ្នោត​ ដូច​ជា​ការ​ធ្វើ​ឲ្យ​ខូច​ស្លាក​សញ្ញា​របស់​​​គណបក្ស​នយោបាយ​​​​នានា​ ​​ជា​ដើម​។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦​ផ្ទាំង​ត្រូវ​បាន​​​​បំផ្លាញ​ ក្នុង​ខេត្ត​ព្រៃ​វែង​ និង​ស្វាយ​រៀង​។ ​ក្រោយ​​​​មក ក្រសួង​មហាផ្ទៃបាន​ចោទ ​ប្រកាន់​​​​​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា​​​ ជា​​​អ្នក​​​​បំផ្លាញ​​​​ស្លាក​​ ​សញ្ញា​ទាំង​នោះ​​​ដោយ​ខ្លួន​ឯង​​​​ ប៉ុន្តែ​មិន​បាន​ចេញ​​​​ឈ្មោះចំៗ​​​​ទេ ​​។

Aun Pheap
http://www.cambodiadailykhmer.com/news/1122/