ក្រុមអ្នកដើរក្បួនសន្តិភាពចង់បានដំណោះស្រាយដោយសន្តិវិធី
ភ្នំពេញៈ «យើងមិនត្រូវការបាតុកម្មហិង្សា ហើយក៏មិនត្រូវការការបង្ក្រាបដោយហិង្សាដែរ យើងត្រូវការដំណោះស្រាយដោយសន្តិវិធី» នេះជាការអំពាវនាវ កាលពីល្ងាចមិញ របស់ក្រុមអ្នកហែក្បួនសុំសន្តិភាពប្រមាណ ៥០០ នាក់នៅរាជធានីភ្នំពេញ។
សម្រែកតាមឧបករណ៍បំពងសំឡេងនៅឯព្រះអង្គ ដងកើ មុខវាំង ពីម្សិលមិញ ក្រុមការងារដើម្បីសន្តិភាព និងអង្គការមួយចំនួន បានផ្ញើសារជូនអ្នកនយោបាយ ឲ្យរកវិធីសាស្ត្រដោះស្រាយដោយសន្តិវិធី កុំមានការបំភ័យម្ចាស់ឆ្នោត ដូចជា ដាក់រថក្រោះ បញ្ជូនកងទ័ពបំពាក់អាវុធទំនើប មករាជធានី និងខេត្តជុំវិញ។
កញ្ញា ហ៊ន សុភី តំណាងម្នាក់ក្នុងក្រុមនេះថ្លែងនៅមុខព្រះអង្គ ដងកើ ថា៖ «ដោយមានការភ័យព្រួយបារម្ភចំពោះការដែលរដ្ឋាភិបាលចល័តទ័ព ទើបយើងសុំឲ្យមានការដោះស្រាយដោយសន្តិវិធីនៅក្រោយការបោះឆ្នោត នេះ»។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ថ្លែងថា ដោយរដ្ឋាភិបាលកំពុងចល័តទ័ព ការប្រើហិង្សាណាមួយដែលអាចកើតមានជាយថាហេតុមិនមែនជាដំណោះស្រាយ ល្អឡើយ។ លោកបន្តថា៖ «ការធ្វើបាតុកម្ម ឬជួបជុំគ្នាក្នុងលក្ខណៈទ្រង់ទ្រាយធំ ដែលនាំឲ្យមានហិង្សានោះ នឹងមិនចំណេញទាំងសងខាង គឺខាតប្រយោជន៍សេដ្ឋកិច្ច ទំនិញឡើងថ្លៃ និងអស្ថិរភាព។ យើងព្យាយាមឲ្យគណបក្សនយោបាយ ចូលតុចរចា និងស្វែងរកដំណោះស្រាយដោយសន្តិវិធី»។
ចំណែកនៅឯរមណីយដ្ឋាន វត្ត ភ្នំ អ្នកបួងសួង ដែលភាគច្រើនពាក់អាវពណ៌បៃតងមានរូបព្រាបសន្តិភាព មានការនិមន្ត ពីព្រះសង្ឃផង មានកាន់ផ្កាឈូក ទៀន ធូប ទង់ជាតិខ្មែរ និងទង់សាសនា បានគង់ និងអង្គុយស្មឹងស្មាធិ៍ បួងសួងសុំសេចក្តីសុខសប្បាយ ដល់ពលរដ្ឋកម្ពុជាគ្រប់រូប។…
http://www.postkhmer.com/index.php/national/1-national-news/102413-2013-08-15-03-34-38