ខុសពី​​អាណត្តិមុនៗ​ អ្នក​បោះឆ្នោត​មិន​សូវ​ខ្លាច​ក្នុង​ការ​បញ្ចេញ​មតិ

ភ្នំពេញ — ខុស​ប្លែក​ពី​អាណត្តិ​មុនៗ ​សម្រាប់ការ​បោះឆ្នោត​នា​អាណត្តិ​នេះ​ គេ​សង្កេត​ឃើញ​ថា​ ប្រជា​ពលរដ្ឋ​ជា​ទូទៅ​ហ៊ាន​សម្តែង​មតិ​ និង​លើក​យក​ប្រធាន​បទ​នយោបាយ​មក​វែកញែក ​ដេញ​ដោលគ្នា​តាម​ទី​សាធារណៈ​នានា​ជា​ច្រើន។ ការណ៍​នេះ​ មន្ត្រី​ជំនាញ​យល់​ឃើញ​ថា​ ជា​ចំណុច​របត់​នយោបាយ​ដ៏​វិជ្ជមាន​មួយ​ក្នុង​សង្គម​កម្ពុជា។​ មនុស្ស​ម្នារ​ជជែក​គ្នា​អំពី​បញ្ហា​នយោបាយ​នៅ​តុអាហារ​ថ្ងៃត្រង់​មួយ​ក្នុង​ ខណ្ឌ​៧មករា​ ​កណ្តាល​រាជធានី​ភ្នំពេញ។​ ប្រជា​ពលរដ្ឋ​មួយ​ក្រុមនេះភាគ​ច្រើន​គឺ​ជា​អ្នក​រត់​ម៉ូតូ​ឌុប។​ ការ​ពិភាក្សា​គ្នាអំពី​បញ្ហា​នយោបាយ​យ៉ាងបើកចំហ​បែប​នេះ​នៅ​តាម​ទី​សាធារណៈ​ នៅ​តាម​តូប​កាហ្វេ ​ទី​ផ្សារ​ នៅ​តាម​ទី​ប្រជុំ​ជន​ និង​នៅ​តាម​ហាង​បាយ ​មិន​សូវ​កើត​មាន​ទាល់​តែ​សោះ​នៅ​ក្នុង​យុគ​បោះឆ្នោត​កាលពី​បួន​អាណត្តិ​ មុន។​ លោក​ងិន សារិន​មាន​សំបុរ​ខ្មៅ​ស្រអែម​គឺជាអ្នក​រត់​រ៉ឺម៉ក​កង់​បី។​ បុរស​អាយុ​៤៣​ឆ្នាំ​ម្នាក់​នេះ​គឺជា​ពលរដ្ឋ​ម្នាក់​ក្នុង​ការ​ពិភាក្សា​ ក្នុង​វង់​បាយ​ថ្ងៃត្រង់​នេះ។​ លោក​និយាយថា៖ ​«ពី​មុន​ ហ៊ាន​ដែរ​ តែ​ហ៊ាន​តិច​តួច។​ ប៉ុន្តែ​ឥឡូវ​មតិ​ប្រជា​ពលរដ្ឋ ​គេ​ហ៊ាន​ចេញ​មក​និយាយ​តែ​ម្តង។​ គេ​ថា ​មិន​ឱ្យ​ងាប់​ដូច​ពស់ ​រស់​ដូច​កង្កែប​ទេ។​ ដូច្នេះ​មនុស្ស​ចេះ​តែ​និយាយ​តៗ​គ្នា​ទៅ​គឺ​ហ៊ាន​តាម​គេ​ តាម​ឯង​ដែរ។​  រយៈ​កាល​កន្លង​មក​ គេ​ដឹង​អស់​ហើយ​ ដូច​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ សិស្ស​សាលា​អី​ គេ​ដឹង​អស់​ហើយ​ គ្មាន​អ្នក​ណា​គេ​ចាញ់​បោក​ទៀត​ទេ»។​…

ឃួន ធារ៉ា
http://khmer.voanews.com/content/cambodians-less-fear-in-this-election-comparing-to-previous-ones/1708968.html