គណបក្សសង្គ្រោះជាតិ៖មេឃុំ-ចៅសង្កាត់​ភាគច្រើន​ មិនទាន់​ប្រគល់​គល់​បញ្ជី​និង​សៀវភៅ​​​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​

គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ថា រហូត​មកដល់​ពេលនេះ មេឃុំ-ចៅសង្កាត់​ភាគច្រើន​មិន​បាន​ធ្វើតាម​សេចក្តីណែនាំ​របស់គ.ជ.ប. ស្តីពី​ការ​បញ្ជូន​សៀវភៅ​បញ្ជី​លិខិត​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើឲ្យ​ការ​បោះឆ្នោត ទៅកាន់​គណៈកម្មការ​រាជធានី-ខេត្ត រៀបចំ​ការ​បោះឆ្នោត តាម​កាលបរិច្ឆេទ​កំណត់​នោះឡើយ។ ក៏​ប៉ុន្តែ​ លោក ទេព នីថា អគ្គលេខាធិការ​គ.ជ.ប. បាន​បដិសេធ ហើយ​ថា គល់បញ្ជី និង​សៀវភៅ​បញ្ជី​លិខិត​បញ្ជាក់​អត្តសញ្ញាណ​នោះ បាន​បញ្ជូន​មកកាន់​គ.ជ.ប.ថ្នាក់ខេត្ត-រាជធានី ចាប់តាំង​ពី​ថ្ងៃ​ទី១៤ និង​ថ្ងៃទី​១៥​កក្កដា ហើយ​មាន​អ្នក​សង្កេតការណ៍ និង​តំណាង​គណបក្ស​នយោបាយ​ត្រួតពិនិត្យ ​ជា​ប្រចាំ​រាល់ថ្ងៃ។ តាមច្បាប់ មេឃុំ​ ចៅ​សង្កាត់ ត្រូវ​បញ្ឈប់​ការ​ចេញលិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​ បោះឆ្នោត ត្រឹមថ្ងៃ​ទី​១២​កក្កដា ហើយ​មេឃុំ ចៅសង្កាត់​ត្រូវ​វេចខ្ចប់​គល់បញ្ជី និង​សៀវភៅ​បញ្ជី​លិខិត​បញ្ជាក់​អត្តសញ្ញាណ​នោះ បញ្ជូន​ទៅ​​គ.ជ.ប.ខេត្ត-រាជធានី ដើម្បី​រក្សា​ទុក និង​ដើម្បី​ឲ្យ​តំណាង​គណបក្ស​នយោបាយ​ និង​អ្នក​សង្កេតការណ៍​បោះឆ្នោត ពិនិត្យ​មើល​គល់បញ្ជី និង​សៀវ​ភៅ​លិខិត​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត។ ក៏​ប៉ុន្តែ គណបក្ស​សង្គ្រោះជាតិ បាន​ប្រកាស​កាលពី​ថ្ងៃទី​២១​កក្កដា ថា រហូត​មកដល់​ពេលនេះ មេឃុំ-ចៅសង្កាត់​ភាគច្រើន មិនទាន់​បាន​ប្រគល់​គល់បញ្ជី និង​សៀវភៅលិខិត​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត មកឲ្យ​ គ.ជ.ប.ថ្នាក់​ខេត្ត-រាជធានី នៅឡើយ​ទេ។ ការ​មិន​បញ្ជូន​គល់បញ្ជី និង​សៀវភៅ​លិខិត​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើ​ការ​បោះឆ្នោត ទៅ​កាន់​ គ.ជ.ប.ថ្នាក់​ខេត្ត-រាជធានី ដើម្បី​ឲ្យ​តំណាង​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍​បោះឆ្នោត ពិនិត្យ​មើល ត្រូវបាន​គណបក្ស​ប្រឆាំង លើកឡើង​ថា នាំឲ្យ​មាន​មន្ទិល​អំពី​អាថ៌កំបាំង នៃ​បញ្ជី​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើឲ្យ​ការ​បោះឆ្នោត​នោះ។ ក៏ប៉ុន្តែ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បាន​ប្រាប់​វិទ្យុបារាំង RFI ថា ជា​ទូទៅ​ ឯកសារ​ទាំងនោះ​ត្រូវបាន​មេឃុំ-ចៅសង្កាត់ បញ្ជូន​មកកាន់​ គ.ជ.ប.ថ្នាក់​ខេត្ត-រាជធានី ចាប់តាំង​ពីថ្ងៃ​ទី១២​កក្កដា ហើយ​នៅ​រង្វង់​ថ្ងៃទី​១៤​និង​ថ្ងៃទី​១៥​កក្កដា បាន​មកដល់​គ.ជ.ប.​ថ្នាក់​ខេត្ត-រាជធានី​ហើយ។…

លី ម៉េងហួរ
http://www.khmer.rfi.fr/liste-electeurs-NEC-opposition