គណបក្សសង្គ្រោះជាតិ៖មេឃុំ-ចៅសង្កាត់ភាគច្រើន មិនទាន់ប្រគល់គល់បញ្ជីនិងសៀវភៅបញ្ជាក់អត្តសញ្ញាណអ្នកបោះឆ្នោត
គណបក្សសង្គ្រោះជាតិបានប្រកាសថា រហូតមកដល់ពេលនេះ មេឃុំ-ចៅសង្កាត់ភាគច្រើនមិនបានធ្វើតាមសេចក្តីណែនាំរបស់គ.ជ.ប. ស្តីពីការបញ្ជូនសៀវភៅបញ្ជីលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោត ទៅកាន់គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត តាមកាលបរិច្ឆេទកំណត់នោះឡើយ។ ក៏ប៉ុន្តែ លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បានបដិសេធ ហើយថា គល់បញ្ជី និងសៀវភៅបញ្ជីលិខិតបញ្ជាក់អត្តសញ្ញាណនោះ បានបញ្ជូនមកកាន់គ.ជ.ប.ថ្នាក់ខេត្ត-រាជធានី ចាប់តាំងពីថ្ងៃទី១៤ និងថ្ងៃទី១៥កក្កដា ហើយមានអ្នកសង្កេតការណ៍ និងតំណាងគណបក្សនយោបាយត្រួតពិនិត្យ ជាប្រចាំរាល់ថ្ងៃ។ តាមច្បាប់ មេឃុំ ចៅសង្កាត់ ត្រូវបញ្ឈប់ការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការ បោះឆ្នោត ត្រឹមថ្ងៃទី១២កក្កដា ហើយមេឃុំ ចៅសង្កាត់ត្រូវវេចខ្ចប់គល់បញ្ជី និងសៀវភៅបញ្ជីលិខិតបញ្ជាក់អត្តសញ្ញាណនោះ បញ្ជូនទៅគ.ជ.ប.ខេត្ត-រាជធានី ដើម្បីរក្សាទុក និងដើម្បីឲ្យតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត ពិនិត្យមើលគល់បញ្ជី និងសៀវភៅលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោត។ ក៏ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បានប្រកាសកាលពីថ្ងៃទី២១កក្កដា ថា រហូតមកដល់ពេលនេះ មេឃុំ-ចៅសង្កាត់ភាគច្រើន មិនទាន់បានប្រគល់គល់បញ្ជី និងសៀវភៅលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោត មកឲ្យ គ.ជ.ប.ថ្នាក់ខេត្ត-រាជធានី នៅឡើយទេ។ ការមិនបញ្ជូនគល់បញ្ជី និងសៀវភៅលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើការបោះឆ្នោត ទៅកាន់ គ.ជ.ប.ថ្នាក់ខេត្ត-រាជធានី ដើម្បីឲ្យតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត ពិនិត្យមើល ត្រូវបានគណបក្សប្រឆាំង លើកឡើងថា នាំឲ្យមានមន្ទិលអំពីអាថ៌កំបាំង នៃបញ្ជីលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតនោះ។ ក៏ប៉ុន្តែ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានប្រាប់វិទ្យុបារាំង RFI ថា ជាទូទៅ ឯកសារទាំងនោះត្រូវបានមេឃុំ-ចៅសង្កាត់ បញ្ជូនមកកាន់ គ.ជ.ប.ថ្នាក់ខេត្ត-រាជធានី ចាប់តាំងពីថ្ងៃទី១២កក្កដា ហើយនៅរង្វង់ថ្ងៃទី១៤និងថ្ងៃទី១៥កក្កដា បានមកដល់គ.ជ.ប.ថ្នាក់ខេត្ត-រាជធានីហើយ។…
លី ម៉េងហួរ
http://www.khmer.rfi.fr/liste-electeurs-NEC-opposition