គណបក្សប្រជាជនកម្ពុជាប្រកាសពីជ័យជម្នះនៃការបោះឆ្នោតជាមុនដូចកាលពីកន្លងមក
បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារិទ្ធ បានប្រកាសពីជ័យជម្នះនៃការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាជាគណបក្សកាន់អំណាច កាលពីយប់មិញរួចមក គណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងបានរក្សាភាពស្ងៀមស្ងាត់ដោយលើកឡើងថា ខ្លួននៅរង់ចាំលទ្ធផលជាផ្លូវការពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសិន។ ប៉ុន្តែ រឿងមួយដែលមិនអាចប្រកែកបាននោះគឺនៅពេលណាគណបក្សប្រជាជនកម្ពុជាបានប្រកាសលទ្ធផលនៃការបោះឆ្នោតជាតិជាមុននោះ លទ្ធផលជាផ្លូវការមិនខុសគ្នាប៉ុន្មាននោះទេ។ បន្ទាប់ពីការបោះឆ្នោតជាតិចុងក្រោយកាលពីឆ្នាំ២០០៨ លោក ខៀវ កាញារិទ្ធ បានអះអាងតែប៉ុន្មានម៉ោងក្រោយពីការបិទការិយាល័យបោះឆ្នោតថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានកើនអាសនៈសភារបស់ខ្លួនពី៧៣អាសនៈទៅ៩១អាសនៈ។ ការព្យាកររបស់លោកបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានបំប៉ោងសំឡេងបន្តិចបន្តួចប៉ុណ្ណោះ ហើយនៅពេលលទ្ធផលជាផ្លូវការដែលទទួលបានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សនេះទទួលបាន៩០អាសនៈក្នុងចំណោមអាសនៈ១២៣នៅក្នុងសភា។ គណបក្ស សម រង្ស៊ី ជាគណបក្សប្រឆាំងបានហៅការបោះឆ្នោតនេះថាមានការបំបែកសន្លឹកឆ្នោតច្រើន និងប៉ាន់ប្រមាណដោយសុទិដ្ឋិនិយមថា គណបក្សប្រជាជនកម្ពុជានិងគណបក្ស សម រង្ស៊ី នីមួយៗទទួលបាន “ ចាប់ពី៥០ទៅ៧០អាសនៈ”។ កាលពីឆ្នាំ២០០៣ ការបោះឆ្នោតជាតិក្នុងនីតិកាលទី៣នៅប្រទេសកម្ពុជាលោក កាញារិទ្ធ បានធ្វើសេចក្ដីប្រកាសជាមុនម្ដងទៀតអំពីលទ្ធផលនៃការបោះឆ្នោតនោះ ដោយគណបក្សប្រជាជនរបស់លោកទទួលបាន៧៣អាសនៈ ហើយគណបក្ស ហ្វ៊ុនស៊ិនប៉ិច ទទួលបាន២៦អាសនៈនិងគណបក្ស សម រង្ស៊ី ទទួលបាន២៤អាសនៈ។ …
Matt Blomberg
http://www.cambodiadailykhmer.com/latest/3407/