គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ផ្សព្វផ្សាយ​ពី​នីតិ​វិធី​ដាក់​/​ទទួល និង​ដោះ​ស្រាយ​បណ្ដឹង នៅ​មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​ និង​ថ្ងៃ​បោះ​ឆ្នោត​

កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ពី​នីតិវិធី​ដាក់/ទទួល និង​ដោះ​ស្រាយ​បណ្ដឹង នៅ​មួយ​ថ្ងៃ​មុនការ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៨​កក្កដា ហើយ​ទើប​តែ​ថ្ងៃ​ទី​១៩​កក្កដា ម្សិលមិញ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​លម្អិត​​នៃ​កិច្ច​ប្រជុំ ព្រម​ទាំង​នីតិវិធី​ដាក់/ទទួល និង​ដោះ​ស្រាយ​បណ្ដឹង ដែល​ប្ដឹង​មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត។ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៥ កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​អំពី​នីតិ​វិធី​ដាក់/ទទួល​និង​ដោះ​ ស្រាយ​បណ្ដឹង នៅ​១​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត និង​នៅ​ថ្ងៃ​បោះ​ឆ្នោត ដល់​គណបក្ស​នយោបាយ អង្គការ​មិន​មែន​រដ្ឋាភិបាល និងអ្នក​សារព័ត៌មាន។ សេចក្ដី​ប្រកាស​ព័ត៌មាន​លម្អិត​​នៃ​កិច្ច​ប្រជុំ ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩​កក្កដា ឲ្យ​ដឹង​ថា បណ្ដឹង​ដែល​កើត​ឡើង​នៅ​១​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត មាន​២​ប្រភេទ៖ ទី​១ គឺ​បណ្ដឹង​សុំ​ផ្ដន្ទាទោស​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស​និង​ច្បាប់​បោះ​ ឆ្នោត។ ចំណែក​ទី​២ គឺ​បណ្ដឹង​សុំ​កែ​តម្រូវ​ការ​ខុស​ឆ្គង មាន​ដូច​ជា​បណ្ដឹង​សុំ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ ឬ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ជា​ដើម។ ចំពោះ​បណ្ដឹង​ប្រភេទ​ទី​១ បើ​ជា​បណ្ដឹង​សុំ​ឲ្យ​ដាក់​ទោស​លើ​មន្ដ្រី​រៀប​ចំ​ការ​បោះ​ឆ្នោត អ្នក​ប្ដឹង​ឬ​អ្នក​តំណាង ត្រូវ​ប្ដឹង​ទៅ​ថ្នាក់​លើ​មួយ​ថ្នាក់ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​យ៉ាង​យូរ​បន្ទាប់ពី​ថ្ងៃ​កើត​ហេតុ ហើយ​ការ​ដោះ​ស្រាយ​បណ្ដឹង​តាម​ពេល​វេលា​សម​ស្រប​ជា​បន្ទាន់។ បណ្ដឹង​នេះ​ត្រូវ​បញ្ចប់​ត្រឹម​ថ្នាក់ គជប។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​វា​ជា​បណ្ដឹង​សុំ​ឲ្យ​ដាក់​ទោស​លើ​ជន​មិន​មែន​ជា​មន្ដ្រី​បោះ​ ឆ្នោត ត្រូវ​ប្ដឹង​ទៅ គណកម្មការ​ឃុំ​សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត រយៈ​ពេល​៣​ថ្ងៃ​យ៉ាង​យូរ​បន្ទាប់​ពី​ថ្ងៃ​កើត​ហេតុ ហើយ​បណ្ដឹង​នេះ អាច​ប្ដឹង​ពី​គណកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ពី​ថ្នាក់​ឃុំ​សង្កាត់ រហូត​ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​កន្លែង​កាត់​សេចក្ដី​ចុង​ក្រោយ​បង្អស់។…

អ៊ឹម រចនា
http://www.khmer.rfi.fr/cambodia/20130720-nec-announcement