គ.ជ.ប.៖ ​គណៈ​កម្មាធិការ​ចម្រុះ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ការបោះឆ្នោត​ទំនង​ជា​ស្ទះ

នំពេញ៖ មន្រ្តី​ផ្លូវការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​បាន​ បញ្ជាក់​នៅថ្ងៃ​អង្គារ​នេះ​ថា​ ការ​បង្កើត​គណៈ​កម្មការ​ចម្រុះសម្រាប់​ដោះស្រាយ​ភាព​មិន​ប្រក្រតីក្នុង​ការ​ បោះឆ្នោត​មិន​អាច​បង្កើត​បាន​នោះ​ទេ។ ក៏​ប៉ុន្តែ​មន្ត្រី​គណបក្ស​ជំទាស់​អះអាង​ថា ​ខ្លួន​កំពុង​ខិតខំ​ជំរុញ​ការ​បង្កើត​គណៈ​កម្មការ​នេះ​នៅ​ឡើយ។​ លោក​ទេព នីថា​ អគ្គ​លេខាធិការ​គ.ជ.ប.​បាន​ប្រាប់​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​ថា ​ការ​មិន​អាច​បង្កើត​គណៈ​កម្មការ​នេះ​បាន​គឺ​ដោយសារ​តែភាព​មិន​ចុះ​សម្រុង​ គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា។​ លោក​និយាយ​ថា៖​ «មិន​ចុះ​សម្រុង​គ្នា​ មិន​អាច​បង្កើត​គណៈកម្មការ​នេះ​បាន​ទេ»។​ កាលពី​ថ្ងៃ​ទី​៣​ ​ខែ​សីហា​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ.ជ.ប.)​ បាន​ប្រជុំ​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​បាន​សម្រេច​បង្កើត​គណៈ​កម្មការ​មួយ​ដែល​មាន​សមាសភាព​នៃ​ភាគី​ទាំង​បី​ ចូល​រួម។​ ក៏​ប៉ុន្តែ​គណបក្ស​ជំទាស់​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​តំណាង​អង្គការ​ ក្រៅ​រដ្ឋាភិបាល​ និង​តំណាង​របស់​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​ជា​អាជ្ញាកណ្តាល​ ដែល​ធ្វើ​ឲ្យ​ការ​បង្កើត​គណៈ​កម្មការ​នេះ​នៅ​ជាប់​គាំង។​

http://khmer.voanews.com/content/cambodia-national-election-committee-will-not-investigate-irregularities/1728960.html