គ.ជ.ប.៖ គណៈកម្មាធិការចម្រុះដោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោតទំនងជាស្ទះ
នំពេញ៖ មន្រ្តីផ្លូវការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បាន បញ្ជាក់នៅថ្ងៃអង្គារនេះថា ការបង្កើតគណៈកម្មការចម្រុះសម្រាប់ដោះស្រាយភាពមិនប្រក្រតីក្នុងការ បោះឆ្នោតមិនអាចបង្កើតបាននោះទេ។ ក៏ប៉ុន្តែមន្ត្រីគណបក្សជំទាស់អះអាងថា ខ្លួនកំពុងខិតខំជំរុញការបង្កើតគណៈកម្មការនេះនៅឡើយ។ លោកទេព នីថា អគ្គលេខាធិការគ.ជ.ប.បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា ការមិនអាចបង្កើតគណៈកម្មការនេះបានគឺដោយសារតែភាពមិនចុះសម្រុង គ្នារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា។ លោកនិយាយថា៖ «មិនចុះសម្រុងគ្នា មិនអាចបង្កើតគណៈកម្មការនេះបានទេ»។ កាលពីថ្ងៃទី៣ ខែសីហា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រជុំជាមួយតំណាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ហើយបានសម្រេចបង្កើតគណៈកម្មការមួយដែលមានសមាសភាពនៃភាគីទាំងបី ចូលរួម។ ក៏ប៉ុន្តែគណបក្សជំទាស់ទាមទារឲ្យមានការចូលរួមពីតំណាងអង្គការ ក្រៅរដ្ឋាភិបាល និងតំណាងរបស់អង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាល ដែលធ្វើឲ្យការបង្កើតគណៈកម្មការនេះនៅជាប់គាំង។