នីតិវិធី​ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ

នៅ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ មាន​ន័យ​ថា គណៈកម្មាធិការ​នេះ​លែង​មាន​តួនាទី​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ តំណាង​រាស្ត្រ​នីតិកាល​ទី​៥ នេះ​ទៀត​ហើយ។ ត​ទៅ​ទៀត​គឺ​ជា​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ក្នុង​ការ​សម្រេច​អោយ​ មាន​កិច្ចប្រជុំ​សភា​លើក​ដំបូង និង​ការ​ផ្ដល់​សុពលភាព​ដល់​អ្នក​តំណាងរាស្ត្រ​ដើម្បី​ចូល​បំពេញ​តួនាទី។ កិច្ចប្រជុំ​សភា​លើក​ដំបូង និង​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​សមាជិក​សភា គឺ​ជា​ជំហាន​បន្ទាប់​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី​ ទៅ​តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះមហាក្សត្រ។ មាត្រា ៨២​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា កិច្ច​ប្រជុំ​សភា​លើក​ដំបូង​នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល ៦០​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត ទៅ​តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះមហាក្សត្រ។ មាន​ន័យ​ថា គឺ​ក្នុង​រយៈ​ពេល ៣​សប្ដាហ៍​ទៀត។ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក គង់ គាំ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៨ ខែ​កញ្ញា ថា តាម​ការ​អនុវត្ត​ជា​ធម្មតា​នៅ​អាណត្តិ​មុន​ៗ នៅ​ពេល​ដែល​ព្រះ​មហាក្សត្រ​កោះ​អោយ​ចូល​ប្រជុំ នោះ​សមាជិក​សភា​ទាំង​អស់​នឹង​មាន​វត្តមាន ដើម្បី​ទទួល​យក​អាសនៈរបស់​ខ្លួន។ លោក គង់ គាំ បន្ត​ថា ការ​ផ្ដល់​សុពលភាព​អ្នក​តំណាង​រាស្ត្រ​អាច​នឹង​រអាក់រអួល​ដែរ ​ប្រសិន​បើ​សមាជិក​សភា​គណបក្ស​ដែល​មាន​សំឡេង​ប្រកៀកប្រកិត​គ្នា​ណា​មួយ​ចាប់ ​ផ្ដើម​ជំទាស់​ដំណើរ​ការ​នេះ។ មិន​ខុស​ពី​ការ​លើក​ឡើង​របស់​លោក គង់ គាំ ទេ គណបក្ស​សង្គ្រោះ​ជាតិ ដែល គ.ជ.ប ប្រកាស​ថា ទទួល​បាន​អាសនៈ​សភា​ចំនួន ៥៥ បាន​ប្រកាស​ថា នឹង​ធ្វើ​មហា​បាតុកម្ម​ជា​ថ្មី​ទៀត ជំទាស់​លទ្ធផល​ឆ្នោត។ ប្រជាពលរដ្ឋ​មួយ​ចំនួន​រំពឹង​ថា ព្រះមហាក្សត្រ​នឹង​មាន​ព្រះតម្រិះ​ដោយ​ផ្ដល់​ឱកាស​អោយ​គណបក្ស​ដែល​តវ៉ា​បាន​ ទទួល​យុត្តិធម៌ និង​ចាញ់​ដោយ​អស់​ចិត្ត។…

សុ ជីវី
http://www.rfa.org/khmer/news/politics/procedure-after-election-result-announced-09092013010740.html