នីតិវិធីក្រោយការប្រកាសលទ្ធផលឆ្នោតផ្លូវការ
នៅពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលឆ្នោតផ្លូវការ មានន័យថា គណៈកម្មាធិការនេះលែងមានតួនាទីពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៥ នេះទៀតហើយ។ តទៅទៀតគឺជាព្រះរាជតួនាទីរបស់ព្រះមហាក្សត្រក្នុងការសម្រេចអោយ មានកិច្ចប្រជុំសភាលើកដំបូង និងការផ្ដល់សុពលភាពដល់អ្នកតំណាងរាស្ត្រដើម្បីចូលបំពេញតួនាទី។ កិច្ចប្រជុំសភាលើកដំបូង និងការស្បថចូលកាន់តំណែងរបស់សមាជិកសភា គឺជាជំហានបន្ទាប់ដែលនឹងចូលមកដល់ក្នុងពេលខាងមុខដ៏ខ្លី ទៅតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ។ មាត្រា ៨២ថ្មីនៃរដ្ឋធម្មនុញ្ញបានចែងថា កិច្ចប្រជុំសភាលើកដំបូងនឹងធ្វើឡើងក្នុងរយៈពេល ៦០ថ្ងៃក្រោយការបោះឆ្នោត ទៅតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ។ មានន័យថា គឺក្នុងរយៈពេល ៣សប្ដាហ៍ទៀត។ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក គង់ គាំ មានប្រសាសន៍កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ថា តាមការអនុវត្តជាធម្មតានៅអាណត្តិមុនៗ នៅពេលដែលព្រះមហាក្សត្រកោះអោយចូលប្រជុំ នោះសមាជិកសភាទាំងអស់នឹងមានវត្តមាន ដើម្បីទទួលយកអាសនៈរបស់ខ្លួន។ លោក គង់ គាំ បន្តថា ការផ្ដល់សុពលភាពអ្នកតំណាងរាស្ត្រអាចនឹងរអាក់រអួលដែរ ប្រសិនបើសមាជិកសភាគណបក្សដែលមានសំឡេងប្រកៀកប្រកិតគ្នាណាមួយចាប់ ផ្ដើមជំទាស់ដំណើរការនេះ។ មិនខុសពីការលើកឡើងរបស់លោក គង់ គាំ ទេ គណបក្សសង្គ្រោះជាតិ ដែល គ.ជ.ប ប្រកាសថា ទទួលបានអាសនៈសភាចំនួន ៥៥ បានប្រកាសថា នឹងធ្វើមហាបាតុកម្មជាថ្មីទៀត ជំទាស់លទ្ធផលឆ្នោត។ ប្រជាពលរដ្ឋមួយចំនួនរំពឹងថា ព្រះមហាក្សត្រនឹងមានព្រះតម្រិះដោយផ្ដល់ឱកាសអោយគណបក្សដែលតវ៉ាបាន ទទួលយុត្តិធម៌ និងចាញ់ដោយអស់ចិត្ត។…
សុ ជីវី
http://www.rfa.org/khmer/news/politics/procedure-after-election-result-announced-09092013010740.html