បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍ និង​ធ្វើ​សន្និសីទ​កាសែត ​នៅ​ថ្ងៃ​ទី​២៩ កក្កដា នេះ បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ ការ​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នេះ ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ជា​បន្ទាន់ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត និង​ធ្វើ​របាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ទាំង​នោះ។ គណៈកម្មការ​ចម្រុះ​​មាន​សមាសភាព​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត តំណាង​អង្គការ​សហប្រជាជាតិ និង​តំណាង​អង្គការ​សង្គម​ស៊ីវិ​ល​ជាតិ​និង​អន្តរជាតិ​​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត។ គណៈកម្មការ​ចម្រុះ​នេះ ត្រូវ​ធ្វើការ​ស៊ើប​អង្កេត និង​ផ្ដល់​របាយការណ៍​ចុងក្រោយ​មិន​ឲ្យ​ហួស​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៣។ សង្គម​ស៊ីវិល​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រកាស​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​គណៈកម្មការ​នោះ ត្រូវ​ខាង​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ធ្វើ​ឡើង​ដោយ​ច្បាស់លាស់​និង​ត្រឹមត្រូវ។ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​រួម​គ្នា​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៃ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ខុមហ្វ្រែល (Comfrel) បាន​ឲ្យ​ដឹង​ថា ពួក​គាត់​គាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត។ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​ខុមហ្រ្វែល (Comfrel) លោក ធន សារាយ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ថា ករណី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជា​រឿង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ករណី​គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​ឆ្នាំ​២០១៣ យល់​ស្រប។ ភាព​មិន​ប្រក្រតី​ដែល​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​ថា ខុមហ្រ្វែល (Comfrel) បាន​រក​ឃើញ​មាន​ជាង ២០០​ករណី។ ក្នុង​នោះ​មាន​ដូចជា ការ​បាត់​ឈ្មោះ​ប្រជាពលរដ្ឋ​ពី​បញ្ជី​បោះ​ឆ្នោត​ឈ្មោះ​ប្រជាពលរដ្ឋ​ត្រូវ​គេ​បោះ​ឆ្នោត​ជំនួស ទឹក​ខ្មៅ​ជ្រលក់​ដៃ​លាង​ជ្រះ និង​ករណី​ជា​ច្រើន​ទៀត។ …  

http://www.rfa.org/khmer/news/politics/cnrp-denies-election-result-07282013225054.html