បក្សសង្គ្រោះជាតិបដិសេធលទ្ធផលបោះឆ្នោត
គណបក្សសង្គ្រោះជាតិ ចេញសេចក្ដីថ្លែងការណ៍ និងធ្វើសន្និសីទកាសែត នៅថ្ងៃទី២៩ កក្កដា នេះ បដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការប្រកាសមិនទទួលស្គាល់លទ្ធផលនេះ ដោយសារគណបក្សសង្គ្រោះជាតិបានរកឃើញនូវភាពមិនប្រក្រតីមួយចំនួន។ គណបក្សសង្គ្រោះជាតិ ទាមទារឲ្យបង្កើតគណៈកម្មការចម្រុះមួយជាបន្ទាន់ ដើម្បីធ្វើការស៊ើបអង្កេត និងធ្វើរបាយការណ៍ពីភាពមិនប្រក្រតីទាំងនោះ។ គណៈកម្មការចម្រុះមានសមាសភាពចូលរួមពីគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តំណាងអង្គការសហប្រជាជាតិ និងតំណាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត។ គណៈកម្មការចម្រុះនេះ ត្រូវធ្វើការស៊ើបអង្កេត និងផ្ដល់របាយការណ៍ចុងក្រោយមិនឲ្យហួសថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣។ សង្គមស៊ីវិលគាំទ្រការបង្កើតគណៈកម្មការស៊ើបអង្កេតចម្រុះ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលប្រកាសគាំទ្រការបង្កើតគណៈកម្មការចម្រុះ ដើម្បីធ្វើការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ប្រសិនបើគណៈកម្មការនោះ ត្រូវខាងអង្គការសង្គមស៊ីវិលយល់ឃើញថា ធ្វើឡើងដោយច្បាស់លាស់និងត្រឹមត្រូវ។ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលដែលរួមគ្នាឃ្លាំមើលការបោះឆ្នោតនៃបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣ ដែលរៀបចំឡើងដោយគណៈកម្មាធិការខុមហ្វ្រែល (Comfrel) បានឲ្យដឹងថា ពួកគាត់គាំទ្រឲ្យគណបក្សសង្គ្រោះជាតិបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត។ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) និងជាប្រធានគណៈកម្មាធិការនាយកខុមហ្រ្វែល (Comfrel) លោក ធន សារាយ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣ នៅព្រឹកថ្ងៃទី២៩ កក្កដា ថា ករណីគណបក្សសង្គ្រោះជាតិ ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជារឿងរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែករណីគណបក្សប្រឆាំងទាមទារឲ្យបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតនេះ អង្គការសង្គមស៊ីវិលដែលជាសមាជិកនៃបន្ទប់ស្ថានការណ៍បោះឆ្នោតឆ្នាំ២០១៣ យល់ស្រប។ ភាពមិនប្រក្រតីដែលគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅថា ខុមហ្រ្វែល (Comfrel) បានរកឃើញមានជាង ២០០ករណី។ ក្នុងនោះមានដូចជា ការបាត់ឈ្មោះប្រជាពលរដ្ឋពីបញ្ជីបោះឆ្នោតឈ្មោះប្រជាពលរដ្ឋត្រូវគេបោះឆ្នោតជំនួស ទឹកខ្មៅជ្រលក់ដៃលាងជ្រះ និងករណីជាច្រើនទៀត។ …
http://www.rfa.org/khmer/news/politics/cnrp-denies-election-result-07282013225054.html