ប្រធានបក្សប្រឆាំងស្វែង​រក​អន្តរាគមន៍​ពី​អន្តរជាតិ​

លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ និង​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​ទាំង​នោះ​ កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ ដែល​លោក​ចាត់​ទុក​ថា​ ជា​រដ្ឋាភិបាល​បង្កើត​ឡើង​ ដោយ​រដ្ឋ​សភា​ចេញ​ពី​ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​។​ លោក​ សម​ រង្ស៊ី​ មាន​ប្រសាសន៍​ថា​ លោក​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ ពីរ​ជា​សំខាន់​ នៅ​ប្រទេស​ អង់គ្លេស​ និង​បារាំង​ ហើយ​លោក​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ប៊ែល​ហ្ស៊ីក​ ជា​ទី​កន្លែង​ដែល​សភា​សហគមន៍​អឺរ៉ុប​ជួប​ប្រជុំ​គ្នា​។​  លោក​ សម​ រង្ស៊ី​ បាន​ជួប​អគ្គ​លេខា​ធិការ​សម្ព័ន្ធ​គណបក្ស​សេរី​និយម​អន្តរជាតិ​ នៅ​ទី​ក្រុង​ឡុង​ ប្រទេស​អង់គ្លេស​។ លោក​បាន​ប្រាប់​មន្រ្តី​សម្ព័ន្ធ​គណបក្ស​សេរី​និយម​អន្តរជាតិ​ថា​ រដ្ឋ​សភា​បង្កើត​ដោយ​ខុស​ច្បាប់​ និង​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​។​ លោក​ស្នើ​ឲ្យ​សម្ព័ន្ធ​គណបក្ស​សេរី​និយម​អន្តរជាតិ​ គាំទ្រ​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​អន្តរជាតិ​មួយ​ ដើម្បី​ស៊ើប​អង្កេត​ ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​។​ លោក​ សម​ រង្ស៊ី​ មាន​ប្រសាសន៍​ថា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ១០​ តុលា​ លោក​ក៏​បាន​ជួប​នឹង​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​ នៃ​សភា​អឺរ៉ុប​ លោក​ អ៊ីល​ ម៉ាប្រូក​ (Elmar Brok)​ ពន្យល់​បន្ថែម​ពី​ស្ថានការណ៍​ នៃ​ប្រទេស​កម្ពុជា​៖ «​គេ​យល់​អំពើ​រដ្ឋ​ ប្រហារ​រដ្ឋ​ធម្មនុញ្ញ​ កាល​ពី​ថ្ងៃ​ទី​ ២៣​ កញ្ញា​ ការ​ប្រជុំ​រដ្ឋសភា​ដោយ​ខុស​ច្បាប់​ និង​ការ​បង្កើត​រដ្ឋាភិបាល​ដោយ​ខុស​ច្បាប់​ ហើយ​រដ្ឋាភិបាល​នោះ​ កើត​ចេញ​មក​ពី​រដ្ឋប្រហារ​។​»

យន់ សាមៀន
http://www.rfa.org/khmer/news/politics/rainsy-seeks-international-support-10102013210622.html