មេដឹកនាំបក្សជាប់ឆ្នោតទាំងពីរប្តេជ្ញាស្វែងរកដំណោះស្រាយដោយសន្តិវិធី
ភ្នំពេញៈ មេដឹកនាំគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្តេជ្ញា ស្វែងរកដំណោះស្រាយដោយសន្តិវិធី នៅមុនសម័យប្រជុំសភាលើកដំបូងដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣ កញ្ញាខាងមុខនេះ។
ការបេ្ដជ្ញានេះ បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំបិទទ្វារប្រហែល ៥ ម៉ោងនៅរដ្ឋសភាកាលពីថ្ងៃ ចន្ទម្សិលមិញ រវាងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជន និងមន្រ្តីគណបក្សសង្គ្រោះជាតិ ដែលបានព្រមព្រៀងគ្នាលើបញ្ហាតូចៗចំនួនបី ដូចជា បញ្ឈប់អំពើហិង្សា និងបង្កើតយន្តការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតនាពេលខាងមុខ និងបន្តកិច្ចប្រជុំគ្រប់កម្រិតដើម្បីដោះស្រាយបញ្ហាជាតិ។
លោក ប្រាក់ សុខុន ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី បានថ្លែងថា៖ «កិច្ចប្រជុំយ៉ាងយូរនេះ មានន័យថា យើងរីករាយផ្លាស់ប្តូរមតិយោបល់គ្នា សម្រាប់ការពិភាក្សា ហើយវាជាស្មារតីថ្មីមួយ [នៃកិច្ចសហការ] ឆ្ពោះទៅរកដំណើរការដោះស្រាយបញ្ហាទាំងអស់ របស់ប្រទេសយើង»។ លោកបន្តថា៖ «ភាគីទាំងពីរព្រមព្រៀងគោរពតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ចុះថ្ងៃទី១៦ កញ្ញា»។ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ កាលពីថ្ងៃចន្ទ បានអំពាវនាវ ដល់បាតុករ គណបក្សប្រឆាំង និងនគរបាលឲ្យបញ្ឈប់ការប្រើអំពើហិង្សាដាក់គ្នា បន្ទាប់ពីមានការប៉ះទង្គិចស្លាប់មនុស្សម្នាក់កាលពីយប់ថ្ងៃ អាទិត្យ និងបានអំពាវនាវឲ្យប្រជាជនទាំងអស់ ត្រឡប់ទៅរកប្រពៃណីនៃការមិនប្រើហិង្សា និងអត់ធ្មត់ដើម្បីបញ្ចៀសអស្ថិរភាពជាតិ។…
វង្ស សុខេង និង Abby Seiff
http://www.postkhmer.com/index.php/national/1-national-news/104026-2013-09-17-03-56-48