លោក​ហ៊ុន សែន​រិះគន់​ខុម​ហ្វ្រែល ធ្វើ​ឲ្យ​ឆោឡោ​រឿង​ទឹក​ខ្មៅ​លាង​ជ្រះ

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​រិះគន់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុម ហ្វ្រែល ថា​បាន «បង្ក​ចលាចល» ជាមួយ​នឹង​ការ​ប្រកាស​របស់​ខ្លួន មុន​ការ​បោះឆ្នោត​ថា ទឹក​ខ្មៅ​ដែល​សម្រាប់​ជ្រលក់​ម្រាម​ដៃ​អ្នក​បោះឆ្នោត គេ​អាច​លាង​ជ្រះ​បាន​យ៉ាង​ងាយ​ស្រួល។ មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ថ្ងៃ ទី២៨ ខែ កក្កដា ខុម ហ្វ្រែល បាន​ចេញ​ផ្សាយ​ខ្សែ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដែល គេ​អាច​លាង​ជម្រះ​បាន​ដោយ​ប្រើ​វត្ថុ​រាវ​ម្យ៉ាង ដែល​គេ​មិន​បាន​ប្រាប់​ឈ្មោះ ហើយ​បាន​ជំរុញ​ឲ្យ​អ្នក​បោះឆ្នោត និង​អ្នក​ឃ្លាំ​មើល​ឲ្យ​ពិនិត្យ​រក​មើល​អ្នក​ដែល​បោះឆ្នោត​ស្ទួន។ ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​មន្ទីរ​រដ្ឋសភា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ហោច​ណាស់​គួរ​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​សីលធម៌​ដែរ ជុំវិញ​បញ្ហា​ខ្លះៗ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​កន្លង​ទៅ។ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ខុម ហ្វ្រែល បាន​បង្ក​ឲ្យ​មាន​ការ​ឆោឡោ​តែ​ប៉ុន្មាន​ម៉ោង​នៅ​មុន​ការ​បោះឆ្នោត ធ្វើ​ឲ្យ​មាន​ការ​ឆោឡោ ថា​ទឹក​ខ្មៅ​ជូត​ជ្រះ។ ដូច្នេះ តើ​អ្នក​និយាយ​ធ្វើ​ឲ្យ​ឆោឡោ​មុន​ការ​បោះឆ្នោត​ប៉ុន្មាន​ម៉ោង ត្រូវ​ទទួល​ខុស​ត្រូវ​យ៉ាង​ណា អំពី​សាធារណៈ​មតិ អំពី​ខ្លួន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​ទទួល​បន្ទុក​អំពី​អ្វី​ដែល​ខ្លួន​ហៅ​ថា ការ​បោះឆ្នោត។ …តើ​ត្រូវ​សុំទោស​ចំពោះ​ប្រជាជាតិ​ទាំង​មូល​យ៉ាង​ណា? ខ្ញុំ​គិត​ថា យ៉ាង​ហោច​ណាស់ ខ្លួន​ត្រូវ​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​សីលធម៌​ដែរ ព្រោះ​វា​ទាក់​ទង​នឹង​រឿង​ធំ​ណាស់ ដែល​ថា​ទឹក​ខ្មៅ​ជូត​ជ្រះ​ភ្លាមៗ ហើយ​ដែល​អាច​បោះ​ចោល​ដប»។…

ជាង សុខា និង Abby Seiff
http://www.postkhmer.com/index.php/national/1-national-news/104391-2013-09-25-03-08-18