លោក សម រង្ស៊ី ស្នើឲ្យអ.ស.ប. បញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការស៊ើបអង្កេតការបោះឆ្នោត
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានស្នើឲ្យលោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំ មើលការស៊ើបអង្កេតរបស់គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គ.ជ.ប.)អំពីភាពមិនប្រក្រតីនៅតាមការិយាល័យបោះឆ្នោតកាលពី ថ្ងៃទី២៨ ខែកក្កដា។ យោងតាមលិខិតចុះថ្ងៃទី៥ខែសីហាដែលបានចេញផ្សាយកាលពីម្សិល មិញនោះ លោក សម រង្ស៊ី បានលើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដើម្បីជំរុញឲ្យអង្គការសហប្រជាជាតិចូលរួមក្នុងដំណើរការស៊ើប អង្កេត ហើយបានមានប្រសាសន៍ថា ការមិនបានធ្វើដូចនេះគឺជាការបំពាន កិច្ចព្រមព្រៀងនេះដែលបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩១ដែលបាន បង្កើតផែនទីបង្ហាញផ្លូវសម្រាប់សន្តិភាពនៅក្នុងប្រទេសកម្ពុជា។ លោក សម រង្ស៊ី បានលើកឡើងនៅក្នុងលិខិតរបស់លោកថា “ យើងជឿថា ភាពមិនប្រក្រតីជាច្រើននៅក្នុងដំណើរការបោះឆ្នោតនេះ ធ្វើឲ្យ មានលទ្ធផលដែលមិនឆ្លុះបញ្ចាំងត្រឹមត្រូវពីឆន្ទៈរបស់ប្រជាពលរដ្ឋ ”។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសតម្រូវឲ្យអង្គការសហប្រជាជាតិ និងប្រទេសកម្ពុជាធានាឲ្យមានលទ្ធិប្រជាធិបតេយ្យ “សេរី និងពហុបក្ស ”។ លោកបានមានប្រសាសន៍ថា “ ប្រសិនបើការបោះឆ្នោតមិនសេរី និងយុត្តិធម៌ នោះព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិកំពុងតែរំលោភ កិច្ចព្រមព្រៀងនេះហើយ”។…