សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ព្រះវិហារ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន

ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ បាន​កន្លង​ផុត​ទៅ​រយៈពេល ១​សប្ដាហ៍​មក​ហើយ ក៏ប៉ុន្តែ ក្រុម​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ភាគ​ឧត្តរ បាន​អះអាង​ថា សមត្ថកិច្ច​មួយ​ចំនួន​នៅ​តែ​តាម​ឃ្លាំ​មើល​សកម្មភាព​ពួក​គេ​ជាមួយ​នឹង​អំពើ​ គំរាម​កំហែង​ផង។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រះវិហារ បាន​អះអាង​ថា ក្រុម​ការងារ​របស់​បក្ស​នេះ​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច នៅ​ពេល​ដែល​ឃើញ​កង​សន្តិសុខ​មួយ​ក្រុម​ដើរ​សួរ​រក​មុខ​ពួក​គេ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៤ ខែ​សីហា។ កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​ដើរ​សួរ​រក​មុខ​សកម្មជន​នោះ គឺ​នៅ​ពេល​ពួក​គេ​បាន​ចុះ​ធ្វើ​សកម្មភាព​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន ​នៅ​ក្នុង​ផ្សារ ដែល​មិន​បាន​បោះ​ឆ្នោត។ ប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះវិហារ គឺ​លោក សឹង សាន់ដេ។ លោក​បាន​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី៤ ខែ​សីហា ថា គណបក្ស​របស់​លោក​នៅ​ក្នុង​ខេត្ត​នេះ បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ត្រួត​ពិនិត្យ​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ ​ការ​បោះ​ឆ្នោត។ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ក្រុម​ការងារ​របស់​លោក​មួយ​ចំនួន​បាន​ចុះ​ទៅ​ក្នុង​ផ្សារ​កំពង់ប្រណាក នៃ​ទី​រួម​ខេត្ត ដើម្បី​ស្រង់​យក​ឈ្មោះ​ប្រជាពលរដ្ឋ​ណា​មិន​បាន​បោះ​ឆ្នោត ក៏ប៉ុន្តែ បន្ទាប់​ពី​ធ្វើ​ការ​បាន​បន្តិច ក៏​មាន​កម្លាំង​សន្តិសុខ​មួយ​ចំនួន​ចូល​ទៅ​សួរ​រក​មុខ​អ្នក​ដែល​ដើរ​កត់​ ឈ្មោះ​នោះ។ លោក សឹង សាន់ដេ៖ «ព្រឹក​នេះ​ក្រុម​ការងារ​ខ្ញុំ​រាយការណ៍​ថា សមត្ថកិច្ច​ស្លៀក​ឯកសណ្ឋាន ហើយ​និង​ស្លៀក​ខោ​អាវ​សន្តិសុខ បាន​ទៅ​សួរ​រក​អ្នក​ដែល​ដើរ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​មិន​បាន​ទៅ​បោះ​ឆ្នោត​ នោះ ធ្វើ​ឱ្យ​ក្រុម​ការងារ​របស់​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ព្រោះ​គេ​ដើរ​រក​ពេញ​តែ​ផ្សារ ប៉ូលិស​មិន​ដឹង​ប៉ុន្មាន​នាក់​ទេ ហើយ​ខ្ញុំ​ទៅ​អំបាញ់មិញ ឃើញ​សន្តិសុខ​ម្នាក់​ស្លៀក​ពាក់​ខោ​អាវ​ស៊ីវិល ដើរ​ស៊ើប​ស្រាវជ្រាវ»។…

http://www.rfa.org/khmer/news/politics/CNRP-activists-in-preahvihear-worry-about-their-security-08052013003309.html