សកម្មជនបក្សប្រឆាំងខេត្តព្រះវិហារភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ បានកន្លងផុតទៅរយៈពេល ១សប្ដាហ៍មកហើយ ក៏ប៉ុន្តែ ក្រុមសកម្មជនគណបក្សប្រឆាំងនៅខេត្តភាគឧត្តរ បានអះអាងថា សមត្ថកិច្ចមួយចំនួននៅតែតាមឃ្លាំមើលសកម្មភាពពួកគេជាមួយនឹងអំពើ គំរាមកំហែងផង។ សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តព្រះវិហារ បានអះអាងថា ក្រុមការងាររបស់បក្សនេះមួយចំនួនមានការភ័យខ្លាច នៅពេលដែលឃើញកងសន្តិសុខមួយក្រុមដើរសួររកមុខពួកគេ កាលពីព្រឹកថ្ងៃអាទិត្យ ទី៤ ខែសីហា។ កម្លាំងសមត្ថកិច្ច និងសន្តិសុខដើរសួររកមុខសកម្មជននោះ គឺនៅពេលពួកគេបានចុះធ្វើសកម្មភាពស្រង់ឈ្មោះប្រជាពលរដ្ឋមួយចំនួន នៅក្នុងផ្សារ ដែលមិនបានបោះឆ្នោត។ ប្រធានក្រុមការងារប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះវិហារ គឺលោក សឹង សាន់ដេ។ លោកបានអះអាងកាលពីព្រឹកថ្ងៃអាទិត្យ ទី៤ ខែសីហា ថា គណបក្សរបស់លោកនៅក្នុងខេត្តនេះ បានបង្កើតគណៈកម្មការមួយដើម្បីត្រួតពិនិត្យទៅលើភាពមិនប្រក្រតីនៃ ការបោះឆ្នោត។ កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមការងាររបស់លោកមួយចំនួនបានចុះទៅក្នុងផ្សារកំពង់ប្រណាក នៃទីរួមខេត្ត ដើម្បីស្រង់យកឈ្មោះប្រជាពលរដ្ឋណាមិនបានបោះឆ្នោត ក៏ប៉ុន្តែ បន្ទាប់ពីធ្វើការបានបន្តិច ក៏មានកម្លាំងសន្តិសុខមួយចំនួនចូលទៅសួររកមុខអ្នកដែលដើរកត់ ឈ្មោះនោះ។ លោក សឹង សាន់ដេ៖ «ព្រឹកនេះក្រុមការងារខ្ញុំរាយការណ៍ថា សមត្ថកិច្ចស្លៀកឯកសណ្ឋាន ហើយនិងស្លៀកខោអាវសន្តិសុខ បានទៅសួររកអ្នកដែលដើរស្រង់ឈ្មោះប្រជាពលរដ្ឋមិនបានទៅបោះឆ្នោត នោះ ធ្វើឱ្យក្រុមការងាររបស់ខ្ញុំមានការភ័យខ្លាច ព្រោះគេដើររកពេញតែផ្សារ ប៉ូលិសមិនដឹងប៉ុន្មាននាក់ទេ ហើយខ្ញុំទៅអំបាញ់មិញ ឃើញសន្តិសុខម្នាក់ស្លៀកពាក់ខោអាវស៊ីវិល ដើរស៊ើបស្រាវជ្រាវ»។…